(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើកទី២ ដែលធ្វើឡើងនៅទីស្ដីការក្រសួងការងារ នាថ្ងៃទី០៣ ខែកញ្ញានេះ ភាគីសហជីព និងនិយោជកមិនទាន់បានបង្ហាញ តួលេខនៅឡើយទេ តែគ្រប់ភាគីកំពុងប្រមូលទិន្នន័យ និងព័ត៌មានពីគ្នា ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ពិភាក្សាស្វែងរកយន្តការកុងសង់ស៊ីស (ឯកភាព) មួយដែលនឹងលើកយកមកពិភាក្សាគ្នា នាចុងសប្តាហ៍នេះ។
ក្រោយចប់កិច្ចប្រជុំខាងលើលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កិច្ចប្រជុំថ្ងៃនេះបានប្តូរជារូបភាពត្រីភាគីទៅជាកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី៦ ខែកញ្ញាខាងមុខ ហើយគ្រប់ភាគីនឹងមកជួបប្រជុំគ្នាឡើងវិញ ដើម្បីពិភាក្សាស្វែងរកយន្តការមួយឈានទៅរកចំណុចមួយដែលគ្រប់ភាគីអាចទទួលយកបាន។
លោក ហេង សួរ បានបញ្ជាក់ថា តាមរយៈកិច្ចប្រជុំពេញមួយព្រឹកនេះ បើទោះជាភាគីសហជីព និងនិយោជក មិនទាន់បានបង្ហាញតួលេខណាមួយក៏ដោយ ប៉ុន្តែគ្រប់ភាគី ហាក់ដូចជាបានដឹងអំពីនិន្នាការក្នុងតំបន់ ក៏ដូចជាលក្ខណវិនិច្ឆ័យមួយចំនួន។
លោកថា នៅពេលនេះ ពួកគេកំពុងតែស្ទាបស្ទង់ដើម្បីរកចំណុចឯកភាពផ្ទៃក្នុងជាមុនសិន សម្រាប់បង្ហាញទៅភាគីម្ខាងទៀត។ ដូច្នេះហើយបានជាក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រេចទុកលទ្ធភាព ឬពេលវេលាឲ្យភាគីនីមួយៗសម្រេចផ្ទៃក្នុង តាមរយៈការពិភាក្សាគ្នាឲ្យបានយល់ជាមុនសិន ធ្វើយ៉ាងណាឲ្យភាគីម្ខាងទៀតអាចទទួលយកបាន។
លោកបានអះអាងថា កិច្ចប្រជុំថ្ងៃនេះភាគីទាំងពីរមានការឆ្លើយឆ្លងគ្នាជាវិជ្ជមាន ដោយផ្តោតទៅលើតួលេខ និងផលប៉ះពាល់នៃការប្រែប្រួលលក្ខណវិនិច្ឆ័យនីមួយៗ ច្រើនជាងឆ្លងឆ្លើយរវាងភាគីកម្មករនិយោជិតទៅនិយោជក៕