(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង និងដាក់ប្រព័ន្ធលូរំដោះទឹក ក្នុងសង្កាត់ក្រាំងពង្រ ព្រមទាំងរៀបចំពិធីពិសារ នំបញ្ចុកសាមគ្គី ជាមួយប្រជាពលរដ្ឋក្នុងសង្កាត់ក្រាំងពង្រ ប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង។
ផ្លូវបេតុង និងប្រព័ន្ធលូ ដែលបានបើកការដ្ឋានស្ថាបនា រួមមាន៖ ផ្លូវបេតុង០១ខ្សែ ប្រវែង៣៦៥ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតក្នុងភូមិក្រាំងស្វាយ និងប្រព័ន្ធលូរំដោះទឹក០២ខ្សែ ប្រវែង៩៦៥ម៉ែត្រ មុខកាត់០,៦ម៉ែត្រ ស្ថិតក្នុងភូមិព្រៃសំព័រ និងភូមិទឹកថ្លា។
ថ្លែងក្នុងឱកាសនោះ លោក នុត ពុធដារ៉ា ក្រៅពីការលើកឡើង ចំពោះការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានោះ លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនផងដែរ។
នៅចំពោះមុខប្រជាពលរដ្ឋ ដែលបានចូលរួមជាច្រើនរយនាក់នេះ លោកអភិបាលខណ្ឌដង្កោ បានគូសរំលេចពីសមិទ្ធិផលថ្មីមួយនេះទៀត ជាចំណងដៃជូនបងប្អូន មុនរដូវភ្ជុំបិណ្ឌ ដើម្បីងាយស្រួលធ្វើដំណើរ។ ជាមួយគ្នានេះលោក នុត ពុធដារ៉ា ក៏សុំការយោគយល់ពីបងប្អូន ដែលរស់នៅតាមសងខាងផ្លូវ សូមអធ្រាស្រ័យ ចំពោះក្រុមការងារជួសជុលផ្លូវផង និងចូលរួមសហការជាមួយមន្រ្តីក្រុមការងារឲ្យបានល្អប្រសើរ ដែលទាំងនេះជាផលប្រយោជន៍រួមរបស់បងប្អូននោះទេ។
បើតាមលោកអភិបាលខណ្ឌ ដែលបានថ្លែងទៅកាន់ប្រជាពលរដ្ឋនោះ ក៏បានលើកឡើងទៀតថា នេះក៏មិនមែនជាសមិទ្ធិផលចុងក្រោយ សម្រាប់បងប្អូននោះឡើយ គឺនៅមានបន្តទៀត ទាំងនេះជាការចូលរួមទាំងផ្ទាល់ និងប្រយ៉ោលលើការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល៕