(ភ្នំពេញ)៖ បន្ទាប់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នារួចមក ក្រសួងទេសចរណ៍ បានបង្ហាញខ្លឹមសារ ៦ចំណុច ក្នុងអនុស្សរណៈនេះ ដែលចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍។
ខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នានេះ ផ្តោតទៅលើ៖
* ការស្រាវជ្រាវ និងអភិវឌ្ឍន៍។
* ការបណ្ដុះបណ្ដាលធនធានមនុស្ស។
* ការផ្សព្វផ្សាយ និងការឃោសនា។
* សិក្ខាសាលា កិច្ចប្រជុំ សន្និសីទ និងពិព័រណ៍ទេសចរណ៍ ពិព័រណ៍ពាណិជ្ជកម្ម។
* ការផ្លាស់ប្ដូរទស្សនកិច្ចកិច្ចស្វែងយល់ និងផ្លូវការរវាងមន្ត្រីជំនាញ។
* ការជំរុញសកម្មភាពសេដ្ឋកិច្ចផ្សេងៗទៀត តាមរយៈវិស័យទេសចរណ៍។
ការចុះអនុស្សរណៈនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។
គួរឲ្យកត់សម្គាល់ថា នៅឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៦.២លាននាក់ កើនឡើង ១០.៧% ក្នុងនោះទេសចរជាតិម៉ាឡេស៊ីមានចំនួនជាង ២០ម៉ឺននាក់ កើនឡើង ១២.២%។
ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៣.៣លាននាក់ កើនឡើង ១១.២% ក្នុងនោះទេសចរម៉ាឡេស៊ីមានចំនួនជាង ៩ម៉ឺននាក់ កើនឡើង ៧%។
ដោយឡែក ប្រជាជនកម្ពុជាបានទៅទស្សនាប្រទេសម៉ាឡេស៊ីជាច្រើនម៉ឺននាក់ផងដែរ។
បច្ចុប្បន្នមានការហោះហើរត្រង់ចំនួន ៥៨ជើង ក្នុងមួយសប្តាហ៍ ពីប្រទេសម៉ាឡេស៊ីមកព្រលានយន្តហោះអន្តរជាតិទាំង៣របស់កម្ពុជា ក្នុងនោះរួមមាន៖ ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ មានចំនួន ៧ជើង ក្នុងមួយសប្តាហ៍ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប មានចំនួន ១១ជើង ក្នុងមួយសប្តាហ៍ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានចំនួន ៤០ជើង ក្នុងមួយសប្តាហ៍៕