(ភ្នំពេញ)៖ សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ជំនួយប្រមាណ ២៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ពិធីចុះហេត្ថលេខាផ្តល់ជំនួយត្រូវបានធ្វើឡើងនៅពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារសុខាភ្នំពេញ រវាងលោក Rho Hyun-Jun ប្រធានតំណាងទីភា្នក់ងារ KOICA ប្រចំាប្រទេសកម្ពុជា ជាមួយលោក ប៉ែន ផល្គុន ប្រធានមន្ទីពេទ្យបង្អែកខេត្តសៀមរាប។
គម្រោងនេះចាប់ផ្តើមអនុវត្តន៍ចាប់ពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២០ ដោយមានគោលដៅបង្កើនគុណភាព និងការប្រើប្រាស់សេវាកម្ម និងដើម្បីពង្រឹងមុខងារមន្ទីរពេទ្យដើម្បីឲ្យក្លាយជាមន្ទីរពេទ្យកម្រិត៣។
គម្រោងនេះជួយធ្វើឲ្យប្រសើរឡើងនូវគ្រឿងបរិក្ខាពេទ្យ តាមរយៈការបង្កើនសំភារៈ និងគ្រឿងបរិក្ខាពេទ្យដែលចាំបាច់នានា និងការជួសជុលអគារ ព្រមទាំងបង្កើនសមត្តិភាពបុគ្គលិក និង លើកកម្ពស់កម្មវិធីអប់រំផ្នែកសុខភាពរបស់មន្ទីពេទ្យ។
តាមរយៈជំនួយបន្ថែមនេះ ទីភ្នាក់ងាកយកា និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា សេវាកម្មនៅក្នុងមន្ទីពេទ្យ នឹងត្រូវបានធ្វើឲ្យប្រសើរឡើង ហើយសមត្ថភាពរបស់បុគ្គលិក និង គ្រឿងបរិក្ខារពេទ្យនឹងត្រូវបានអភិវឌ្ឍ។
សូមបញ្ជាក់ថា ទីភ្នាក់ងារកយការបានសាងសង់ អគារសម្ភព រោគស្រី្ត និងកុមារ នៅឆ្នាំ២០១០ នៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប តាមរយៈគម្រោងពង្រឹងសេវាកម្មមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ដោយហេតុថា តម្រូវការបានកំពុងតែកើនឡើងជាលំដាប់ទីភ្នាក់ងារកយកាសម្រេចចិត្តផ្តល់ជំនួយបន្ថែមនេះ។
សុខាភិបាលជាវិស័យមួយដ៏សំខាន់ក្នុងយុត្តិសាស្រ្តភាពជាដៃគូររបស់ទីភ្នាក់ងារកយកាប្រចាំប្រទេសកម្ពុជា។ ទីភ្នាក់ងារកយកាប្តេជ្ញាយ៉ាងមុតមាំក្នុងការគាំទ្រវិស័យនេះ។ បច្ចុប្បន្ននេះ ក្រៅពីគម្រោងជំនួយបន្ថែមនេះ ទីភ្នាក់ងារកយកាកំពុងតែអនុវត្តគម្រោងនានាផ្សេងទៀតរួមមាន៖ ១) គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល, ២) គម្រោងពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈក្នុងការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះជំងឺឆ្លង, ៣) គម្រោងរបៀបវីរៈសន្តិសុខសុខាភិបាលសកល, ៤) គម្រោងពង្រឹងសុខភាពមាតា និងទារកនៅតំបន់ភាគឥសានក្នុងប្រទេសកម្ពុជា និង៥). គម្រោងបង្កើនសមត្ថភាព មជ្ឈមណ្ឌលព្យាបាលជំងឺ ត្រចៀក ច្រមុះ បំពង់ក ក្នុងមន្ទីពេទ្យព្រះអង្គឌួង៕