(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានរៀបចំចាប់ឆ្នោតបែងចែកដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៤៥គ្រួសារ ដែលកន្លងមករស់នៅតាមចិញ្ចើមផ្លូវ ក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩។
លោក ម៉ាង ស៊ីណេត បានថ្លែងថា ការរៀបចំចាប់ឆ្នោតទទួលយកដីសម្បទានសង្គមកិច្ចនេះ ជាគោលការណ៍របស់រដ្ឋបាលខេត្ត ក្នុងការដោះស្រាយបែងចែកដីជូនប្រជាពលរដ្ឋខ្វះខាតដីពិតប្រាកដ។
ក្រោយទទួលបានដីនេះ រដ្ឋបាលខេត្តនឹងរៀបចំប្រព័ន្ធលូ ផ្លូវ ទឹក និងភ្លើងជូនប្រជាពលរដ្ឋរស់នៅជាភូមិដ្ឋាន ដែលនេះជាការខិតខំប្រឹងប្រែងរបស់អភិបាលខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបែងចែកដីជូនបងប្អូន ប្រជាពលរដ្ឋរស់នៅប្រកបដោយស្របច្បាប់ ដោយមិនមានការភ័យខ្លាច និងការបណ្តេញចេញ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ទៀតថា «ដីដែលរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការបែងចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតចំនួន ៤៥គ្រួសារ មកពីតំបន់ស្ពានឆេះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ គឺជាដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ស្ថិតនៅតំបន់ក្បាលឆាយ ដោយក្នុងមួយគ្រួសារ ទទួលបានទទឹង៥ម៉ែត្រ និងបណ្តោយ២០ម៉ែត្រ»៕