(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងលោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា និងជាប្រធានអនុសាខាកាកបាទក្រហមស្រុកមណ្ឌលសីមា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមស្រុក និងថវិកាសាខាកាកបាទក្រហមខេត្ត ចុះចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៩៥គ្រួសារ និង៥គ្រួសារទៀត ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យម្តាយ និងកូនបានស្លាប់ភ្លាមៗ ស្ថិតនៅភូមិចាំយាម ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោកស្រី មិថុនា ភូថង បានថ្លែងថា ទីណាមានការមានការងាយរងគ្រោះ ទីនោះមានកាកបាទក្រហមទៅដល់ទីនោះភ្លាមៗ ដោយមានការយកចិត្តទុកដាក់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។ អំណោយទាំងនេះវាតិចតួចមែន តែវាអាចជួយដោះស្រាយជីវភាពក្នុងគ្រួសារបានមួយគ្រាខ្លះដែរ ហើយអំណោយបានមកពីការចូលរួមមនុស្សធម៌ និងការកៀងគររបស់កាកបាទក្រហម ដើម្បីយកមកចែកជូនបងប្អូន ដែលងាយរងគ្រោះនូវហេតុការណ៍ណាមួយ។
លោកស្រី មិថុនា ភូថង ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានប្រយ័ត្នឲ្យបានខ្ពស់ពីសម្ពាធអាកាសធាតុទាបមានភ្លៀងខ្យល់ព្យុះកន្រ្ទាក់ ហើយសូមបងប្អូនប្រជាពលរដ្ឋថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំ ដើម្បីការពារជំងឺគ្រុនឈាមដែលកំពុងរីករាលដាល ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាកុំឱ្យមានករណីគ្រោះថ្នាក់ ដូចលើកមុនៗទៀតនាំឲ្យមានវិប្បដិសាវីអស់មួយជីវិត។
អំណោយរបស់អនុសាខាកាកបាទក្រហមស្រុក ដែលបានចែកជូនពលរដ្ឋរួមមាន អង្ករ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន និងថវិកាមួយចំនួនរបស់សាខាកាកបាទក្រហមខេត្ត៕