(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសជាថ្មីថា សំណង់ដែលគ្មានគុណភាពចំនួន ១៤កន្លែង ត្រូវតែរុះរើចេញមានទីតាំងស្ថិតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សេចក្តីជូនដំណឹងចុងក្រោយរបស់រដ្ឋបាលខេត្តព្រះសីហនុ ចំពោះម្ចាស់សំណង់ខាងលើ ធ្វើឡើងក្នុងកិច្ចប្រជុំអំពីការសាងសង់សំណង់នានា ក្នុងក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៩ ក្រោមអធិបតីភាព លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីហនុ, លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីម្ចាស់សំណង់ ឬតំណាង និងម្ចាស់ទីតាំងជួលដីចំនួន១៤ ទីតាំងដែលគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ បានពិនិត្យឃើញថា សំណង់ទាំងនេះមិនមានគុណភាព។
លោក គួច ចំរើន បានសង្កត់ធ្ងន់ថា «ម្ចាស់សំណង់ទាំងអស់សូមកុំព្យាយាមដើរកការអន្តរាគមន៍ណាមួយ ដើម្បីរក្សាសំណង់ខុសច្បាប់ទាំងនោះឡើយ មិនទទួលជោគជ័យ»។
លោក ឡៅ ទិព្វសីហា បានលើកឡើងថា កន្លងមកក្នុងចំណោមសំណង់ទាំង ១៤នេះ មានតែម្ចាស់សំណង់ ៤ប៉ុណ្ណោះ ដែលបាននិងកំពុងរុះរើសំណង់ មិនមានគុណភាពរបស់ខ្លួន ដោយឡែកសំណង់ ១០ទីតាំងទៀត នៅមិនទាន់មានសកម្មភាពនៅឡើយ ដូចនេះសូមម្ចាស់សំណង់គោរពទៅតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តដោយធ្វើការរុះរើបន្ទាន់ បើមិនដូច្នេះទេនឹងអនុវត្តន៍ទៅតាមផ្លូវច្បាប់។
លោកបានបញ្ជាក់ទៀតថា បន្ទាប់ពីបានរុះរើហើយ អាជ្ញាធរព្រមទាំងមន្ត្រីជំនាញនឹងជួយសម្រួលការគូរប្លង់ ពិនិត្យលក្ខណៈបច្ចេកទេស រួមទាំងចេញលិខិតអនុញ្ញាតសាងសង់ឡើងវិញ ឲ្យបានឆាប់ជូនម្ចាស់សំណង់៕