(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធបន្ទាយ និងអគារស្នាក់នៅរបស់កងឯកភាពកងកិត្តិយសត្រែទ័ព នៅសង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា យើងទាំងអស់គ្នា ត្រូវខិតខំទប់ស្កាត់ និងបង្ក្រាបឲ្យបានរាល់សកម្មភាពខុសច្បាប់ទាំងឡាយណា ដែលប៉ុនប៉ងធ្វើឲ្យ «សន្តិភាព» នៅកម្ពុជាបាត់បង់។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងទាំងអស់គ្នា ត្រូវខិតខំទប់ស្កាត់ និងបង្ក្រាបឲ្យបាននូវរាល់សកម្មភាពខុសច្បាប់ ទាំងឡាយណា ដែលប៉ុនប៉ងធ្វើឲ្យ «សន្តិភាព» នៅកម្ពុជាបាត់បង់ និងត្រូវរួបរួម កម្លាំងគ្នាជាធ្លុងមួយ បន្តអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យមានកំណើនខ្ពស់ក្នុងរង្វង់ប្រមាណ៧ភាគរយ ក្នុងមួយឆ្នាំ ដើម្បីកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ ក្នុងឆ្នាំ២០៥០ ស្របតាមគោលដៅយុទ្ធសាស្ត្រជាតិ ដែលបានគ្រោងទុក»។
សម្តេចពិជ័យសេនា បានឲ្យដឹងថា ការប្រារព្ធពិធីនាពេលនេះ បានបង្ហាញថា សភាពការណ៍នៅកម្ពុជា មានសន្តិភាព និងសន្តិសុខសុវត្ថិភាពសង្គមល្អ ព្រមទាំងការអភិវឌ្ឍ នៃលទ្ធិប្រជាធិបតេយ្យ កាន់តែល្អប្រសើរឡើង បានរួមចំណែកយ៉ាងធំធេងដល់នយោបាយនៅកម្ពុជា ដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងបង្កលក្ខណៈសម្បត្តិកាន់តែប្រសើរឡើងសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។
សម្តេចពិជ័យសេនា ទៀ បាញ់ បន្ដទៀតថា ការសម្ពោធនាពេលនេះ គឺជាការពង្រឹងសមត្ថភាពអង្គភាព និងជាការរៀបចំយន្តការរូបវន្តបន្ថែមទៀត ដើម្បីបំពេញបានតាមសេចក្តីត្រូវការ របស់កងកិត្តិយសត្រែទ័ព ស្របតាមភាពរីកចម្រើនរបស់ប្រទេសជាតិ និងការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែលបង្ហាញពីភាពចាំបាច់ នៃកងឯកភាពនីមួយៗ ត្រូវយកចិត្តទុកដាក់ សាងសង់អគារជម្រកស្នាក់នៅ កន្លែងធ្វើការច្បាស់លាស់សមរម្យ មុននឹងឈានដល់ការអភិវឌ្ឍធនធានមនុស្ស។
រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងទៀតថា ប្រការទាំងនេះ បានបង្ហាញថា មុនអ្វីៗទាំងអស់យើងត្រូវតម្កល់ «សន្ដិភាព» ជាធំ។ សន្តិភាពពេញលេញ ដែលយើងកំពុងមាននៅទូទាំងប្រទេសនាពេលបច្ចុប្បន្ននេះ បានមកដោយចំណាយពេលវេលាដ៏យូរ ប្រមាណជាបីទសវត្សព្រមជាមួយការតស៊ូ ព្យាយាម និងការលះបង់សាច់ស្រស់ឈាមស្រស់ របស់យុទ្ធជន និងអ្នកស្នេហាជាតិរបស់យើងជាច្រើនរូប។ បើគ្មានសន្តិភាពទេ ការអភិវឌ្ឍក៏គ្មានដែរ។ ដោយសារសន្តិភាពនេះហើយ ទើបធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា បន្តមានកំណើនខ្ពស់ជាប្រចាំ គឺប្រមាណ៧% ក្នុងមួយឆ្នាំៗ រយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។
ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានគូសបញ្ជាក់ថា ឆ្នាំ២០១៩ ស្ថានការណ៍ពិភពលោក នឹងបន្តប្រែប្រួលយ៉ាងជ្រាលជ្រៅ ស្មុគស្មាញ ឆាប់រហ័ស និងពិបាកប៉ាន់ស្មានបាន តាមរយៈការប៉ះទង្គិចគ្នា រវាងផលប្រយោជន៍ របស់ប្រទេសមហាអំណាច។ ថ្មីៗនេះ សភាពការណ៍មានការប្រែប្រួលយ៉ាងលឿន គួរកត់សម្គាល់ ដូចជា ការប្រកួតប្រជែងសព្វាវុធ ការធ្វើសង្គ្រាមពាណិជ្ជកម្ម សន្តិសុខប្រព័ន្ធអ៊ិនធឺណែត -ល- ដែលអាចធ្វើឲ្យមានការប៉ះពាល់ នៅទូទាំងពិភពលោកផ្នែកសេដ្ឋកិច្ច និងសណ្តាប់ធ្នាប់។
សម្ដេចបានថ្លែងថា បញ្ហាប្រឈមទាំងអស់នេះ យើងត្រូវថែរក្សាឲ្យបាននូវស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម ពង្រឹងបាននីតិរដ្ឋ និងប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ ដូចដែលយើងបានដំណើរការ ជាបន្តបន្ទាប់កន្លងមកនេះ។ មួយវិញទៀត បច្ចុប្បន្នការពង្រឹងវិស័យសន្តិសុខការពារជាតិ កំពុងវិវត្តទៅមុខ បត់បែន ផ្លាស់ប្តូរពីស្ថានភាពមួយ ដែលខ្វះស្ថិរភាពទៅកាន់ការអភិវឌ្ឍគ្រប់វិស័យ ស្របទៅតាមសភាពការណ៍សន្តិសុខពិភពលោក។
«ដូចនេះ រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ ជាកត្តាសំខាន់បំផុតនោះ គឺការងារចារកម្មនៅក្នុងតំបន់អាស៊ាន បញ្ហាសន្តិសុខមនុស្សការគំរាមគំហែងដោយអាវុធ ការទប់ស្កាត់ ការជួញដូរប្រើប្រាស់គ្រឿងញៀន រួមទាំងគិតគូរដល់ការ ជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ សុទ្ធតែជាក្តីកង្វល់ពីការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់មនុស្សនៅក្នុងសង្គមជាតិ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចពិជ័យសេនា ទៀ បាញ់៕