(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយព្រមានពីការហក់ឡើង នៃទឹកទន្លេមេគង្គ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅអមសងខាងទន្លេ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់។
ក្រសួងបានបញ្ជាក់យ៉ាងដូច្នេះថា ប្រព័ន្ធសម្ពាធទាប បាននិងកំពុងអូសបន្លាយកាត់ពីលើប្រទេសវៀតណាម ថៃ និងឡាវ បង្កើនឥទ្ធិពលខ្លាំង ដោយបង្កឲ្យមានការធ្លាក់ភ្លៀងជោគជាំ នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ។ ការធ្លាក់ភ្លៀងបន្ថែមនេះ នឹងជម្រុញឲ្យទឹកទន្លេមេគង្គកម្ពុជា ( ពិសេសផ្នែកខាងលើ ) បន្តកើនឡើងថែមទៀត ។
យោងតាមការព្យាករ នៅក្នុងកំឡុងពេល៣-៥ថ្ងៃ ខាងមុខ ទឹកទន្លេមេគង្គលើរបស់កម្ពុជា អាចនឹងហក់ឡើងដល់៖
១៖ ស្ថានីយជលសាស្ត្រខេត្តស្ទឹងត្រែង នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៩ ទឹកអាចកើនឡើងដល់កម្ពស់ ១១.៦០ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០.៧០ម៉ែត្រ)
២៖ ស្ថានីយជលសាស្ត្រខេត្តក្រចេះ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ទឹកអាចកើនឡើងដល់កម្ពស់ ២២.៣៥ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២.០០ម៉ែត្រ)
៣៖ ស្ថានីយជលសាស្ត្រខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ទឹកអាចកើនឡើងដល់កម្ពស់ ១៥.២៥ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥.២០ម៉ែត្រ)
៤៖ ស្ថានីយជលសាស្ត្របាសាក់ចតុមុខ រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ទឹកអាចកើនឡើងដល់កម្ពស់ ៩.១៥ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០.៥០ម៉ែត្រ)
៥៖ ដោយឡែក ចំពោះទឹកទន្លេមេគង្គក្រោមទន្លេបាសាក់ ទន្លេសាប និងទឹកក្នុងបឹងទន្លេសាប ក៏នឹងកើនឡើងជាបន្តបន្ទាប់ផងដែរ។
ក្រសួងធនធានទឹកអំពាវនាវ សូមឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅ អមសងខាងទន្លេ ជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕