(ភ្នំពេញ)៖ រថយន្តទេសចរណ៍៨៥គ្រឿង, រថយន្តដឹកអ្នកដំណើរ៣៦គ្រឿង, ម៉ូតូ១១៨គ្រឿង, និងម៉ូតូកង់បី១៥គ្រឿង សរុបចំនួន២៥៤គ្រឿង ដែលបើកឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ចាប់ពីម៉ោង៧ រហូតដល់ម៉ោង០៩៖០០នាទីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចម្រុះ ដាក់ប៉ុស្ដិ៍ឃាត់ត្រួតពិនិត្យជាបន្តបន្ទាប់ ដើម្បីបង្ក្រាបរាល់បទល្មើសផ្សេងៗ ក្នុងយុទ្ធនាការត្រួតពិនិត្យ អាវុធជាតិផ្ទុះ តាមផែនការរបស់សាលារាជធានីភ្នំពេញ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ចំពោះផែនការរួម ក្នុងយុទ្ធនាការត្រួតពិនិត្យអាវុធជាតិផ្ទុះ ដើម្បីបង្ក្រាបរាល់បទល្មើសផ្សេងៗ ដែលជាផែនការរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងការធានារក្សាសន្តិសុខ សវត្ថិភាព ជូនប្រជាពលរដ្ឋ អាចដំណើរការទៅបានដោយរលូន ដោយសារមានកិច្ចសហការល្អពីកម្លាំងនគរបាលខណ្ឌ ប៉ុស្ដិ៍ អាវុធហត្ថ អាជ្ញាធរសង្កាត់ ភូមិ និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន៦៣នាក់ ដឹកនាំផ្ទាល់ដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ។
លោក ជា ពិសី បានគូសបញ្ជាក់ថា ផែនការរួម ចំពោះការដាក់ប៉ុស្ដិ៍ត្រួតពិនិត្យលើមធ្យោបាយធ្វើដំណើរ គឺត្រូវអនុវត្តឡើងជាប្រចាំក្នុងយុទ្ធនាការត្រួតពិនិត្យ អាវុធជាតិផ្ទុះ ក្នុងគោលបំណងបង្ក្រាបរាល់បទល្មើសទាំងឡាយ ដែលអាចកើតមានឡើង ជាយថាហេតុ ឈានទៅរកការកាត់បន្ថយបទល្មើសផ្សេងៗ ក៏ដូចជាការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ។
លោកអភិបាលខណ្ឌបន្តថា ក្រៅពីបន្តយុទ្ធនាការដាក់ប៉ុស្ដិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌ ក៏បានពង្រាយកម្លាំង បន្ថែមជាច្រើនទៀត ក្នុងការចុះយាមល្បាតនៅតាមគ្រប់ច្រកល្ហកលើផ្លូវតូច-ធំ នៃមូលដ្ឋានសង្កាត់ទាំង៧ផងដែរ រួមមាន៖ សង្កាត់ស្វាយប៉ាក, សង្កាត់ច្រាំងចំរេះទី១, សង្កាត់ច្រាំងចំរេះទី២, សង្កាត់គីឡូម៉ែត្រលេខ៦, សង្កាត់ឫស្សីកែវ, សង្កាត់ទួលសង្កែទី១, និងសង្កាត់ទួលសង្កែទី២ ប៉ុន្ដែគ្មានគួរឲ្យកត់សម្គាល់នោះទេ ពោលគឺប្រកបដោយសន្តិសុខ សុវត្ថិភាពល្អ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ៕