(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសផ្លាស់ប្ដូរ និងប្រគល់ភារកិច្ចប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែក ចាកខេត្តកំពត ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងមន្ទីរ អង្គភាព ជុំវិញខេត្ត ព្រមទាំងអាជ្ញាធរក្រុង ស្រុកប្រជាពលរដ្ឋ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ នៃភាគីមិត្តវៀតណាម ជាប់ព្រំដែននិងពាណិជ្ជករអាជីវករផងដែរ។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃស្ដីពី ការផ្លាស់ប្ដូរ និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ ក្នុងឱកាសនោះត្រូវបានសម្រេចប្រគល់ភារកិច្ចជូន លោក ង៉ែត សាវឿន នាយករងរដ្ឋបាលសាលា ខេត្តកំពត ឲ្យមកកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកខេត្តកំពត ជំនួសលោក ឡេង វិបុល ដែលប្រធានទីស្នាក់ការចាស់ឲ្យទៅបម្រើការងារ នៅអង្គភាពដើមវិញ។
លោក ជាវ តាយ បានលើកឡើងថា ការផ្លាស់ប្ដូរតួនាទីភារកិច្ចជូនមន្រ្តីរាជការនាពេលនេះ ជាការងារធម្មតារបស់មន្រ្តីរាជការសាធារណៈ ដែលធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ នៃមុខតំណែងផ្សេងទៀតរបស់ស្ថាប័នរដ្ឋ តាមតម្រូវការចាំបាច់ស្របតាមលិខិតបទដ្ឋានគតិយុត្តិជាធរមានរបស់ថ្ឋាក់លើ ដើម្បីលើកកម្ពស់សមត្ថភាពការងារ និងការដឹកនាំគ្រប់គ្រងសំដៅធ្វើ ឲ្យមានកំណែទម្រង់ ប្រព័ន្ធការងារកាន់តែប្រសើរឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើឲ្យប្រធានទីស្នាក់ត្រួតពិត្យច្រកទ្វារព្រំដែនដែលទើបប្រគល់ និងទទួលភារកិច្ចថ្មី ត្រូវខិតខំយកចិត្តទុកដាក់ប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចថ្មីរបស់ខ្លួន ក្នុងការងារដឹកនាំគ្រប់គ្រង និងអភិវឌ្ឍ តំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកនេះមានការរីកចម្រើនថែមទៀត។
ពិសេសសូមស្នើឲ្យមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់នៅក្នុងស្រុកកំពង់ត្រាច មន្ត្រី រាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិព្រែកចាក សូមអោយផ្ដល់នូវកិច្ចគាំទ្រ សហប្រតិបត្តិការ ដើម្បីរួមគ្នាថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅតំបន់ព្រំដែនឲ្យមានសន្តិភាពមិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍ។
លោកអភិបាលខេត្ត ក៏បានបន្តផ្ដល់អនុសាសន៍ផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួនទៀត ដែលត្រូវតែប្ដេជ្ញាយកចិត្តទុកដាក់សម្រេចឲ្យបាន គឺការអនុវត្ត ឲ្យបានត្រឹមត្រូវនូវការបំពេញតួនាទីភារកិច្ច ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តជាធរមាន និងធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីជាមិត្តរវាងកម្ពុជា-វៀតណាម ឲ្យបានល្អថែមទៀត ត្រូវមានសាមគ្គីភាពល្អ ដោយចេះសម្របសម្រួល ក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយភាពជឿជាក់ និងទុកចិត្តពីប្រជាពលរដ្ឋរស់នៅជាប់ព្រំដែន និងត្រូវចូលរួមលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យអោយបាន ពង្រឹងកិច្ចសហប្រតិបត្តិការ បន្ថែមទៀត ជាមួយស្ថាប័ន ពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចនានា ដើម្បីរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព បង្កើនការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែនទាំងមនុស្ស និងទំនិញឲ្យបានម៉ឺងម៉ាត់ បបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធប្រទេសជិតខាង ដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ប្រកបដោយសន្តិភាព មិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍ៕