(សៀមរាប)៖ ប្រាសាទទន្លេស្ងួត គឺជាមន្ទីរពេទ្យបុរាណកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វ.ទី១២ និងដើមទី១៣ ដែលបច្ចុប្បន្នប្រាសាទនេះរងនូវការខូចខាតជាខ្លាំង ខណៈអ្នកជំនាញអាជ្ញាធរជាតិអប្សរាកំពុងកាត់យកចេញនូវដើមឈើដែលដុះលើតួប្រាសាទ និងដំណើរការរុះរើថ្មប្រាសាទទន្លេស្ងួត ដើម្បីធ្វើការអភិរក្ស និងជួសជុលពង្រឹងឡើងវិញផងដែរ។
តាមការបញ្ជាក់របស់លោក ជា សារិទ្ធិ ប្រធានការដ្ឋានជួសជុលប្រាសាទទន្លេសស្ងួត និងជាបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការឲ្យដឹងថា ប្រាសាទនេះមានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយសារទឹក រុក្ខជាតិ គុណភាពសម្ភារៈ និងអាយុកាលរបស់សំណង់។ ថ្មគ្រឹះពុកផុយ ស្រុត និងតួប្រាសាទទ្រេតខ្លាំង ថ្មជញ្ជាំងរំកិលចេញពីទីតាំងដើម និយាយរួម គឺប្រាង្គប្រាសាទបាត់បង់លំនឹងស្ទើរតែទាំងស្រុង។
យោងតាមអនុសាសន៍ក្រុមអ្នកជំនាញ ad hoc របស់អង្គការយូណេស្កូ (UNESCO) ក្នុងកិច្ចប្រជុំ ICC- Angkor នាសម័យប្រជុំបច្ចេកទេសលើកទី២៩ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ត្រង់ចំណុចទី១០ តម្រូវឲ្យធ្វើការរុះរើថ្មប្រាសាទទាំងស្រុង ដើម្បីជួសជុលពង្រឹងគ្រឹះ បន្ទាប់មកត្រូវរៀបផ្គុំប្រាង្គប្រាសាទទន្លេស្ងួតឡើងវិញ (Anastylosis)។
លោក ជា សារិទ្ធិ ក៏បានបញ្ជាក់បន្ថែមថា មានតែវិធីនេះម្យ៉ាងគត់ ដើម្បីអភិរក្ស និងជួសជុលប្រាសាទទន្លេស្ងួត ដែលរងនូវសភាពទ្រុឌទ្រោមខ្លាំង ក្នុងនោះដែរ ដំណើរអភិរក្សដំណាក់កាលទី១ ផ្តោតលើការចុះបញ្ជីថ្មរាយប៉ាយ ស្វែងរកថ្មបាត់ និងរៀបសាកល្បង កំណាយសម្អាតកំណកដី សម្រង់ប្លង់ ដកយកចេញដើមឈើលើប្រាសាទ និងរុះរើថ្ម ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ ហើយរូបរាងនៃប្រាង្គប្រាសាទក៏នឹងលេចរូបរាងឡើងវិញជាថ្មីនៅចុងឆ្នាំ២០២០ផងដែរ៕