(ភ្នំពេញ)៖ មេដឹកនាំកម្ពុជា-ម៉ាឡេស៊ី បានសម្តែងការពេញចិត្តជាងខ្លាំងចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ប្រទេសទាំងពីរ ដែលផ្តល់ផ្លែផ្កាគ្រប់វិស័យ។
ការបង្ហាញការពេញចិត្តលើមិត្តភាពប្រទេសទាំងពីរ បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយ លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩។
តាមសេចក្តីប្រកាសរួមរបស់ប្រទេសទាំងពីរ ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា «ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះមិត្តភាព និងកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និទ្ធរវាងកម្ពុជា និងម៉ាឡេស៊ីលើគ្រប់វិស័យ រួមមានពាណិជ្ជកម្ម និងការវិនិយោគ ការអភិវឌ្ឍឧស្សាហកម្មហាឡាល ការពារជាតិ និងសន្តិសុខ ទេសចរណ៍ កសិកម្ម និងការអប់រំ»។
ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់អំពីសារៈសំខាន់នៃការបន្តខិតខំពង្រឹងពង្រីកកិច្ចសហការ និងសហប្រតិបតិ្តការនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពហុភាគី ដើម្បីបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងមូល។ នេះបើតាមសេចក្តីថ្លែងការណ៍រួម។
លោក មហាធា មហាម៉ាត់ និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ដំណើរទស្សនកិច្ចផ្លូវការរបស់ បណ្ឌិតមហាធា មហាម៉ាត់ នៅកម្ពុជានឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អរវាងកម្ពុជានិងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។ នេះបើតាមក្រសួងការបរទេស។
កម្ពុជា-ម៉ាឡេស៊ី បានភ្ជាប់ទំនាក់ទំនងការទូត នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៧។ តែនៅក្នុងពេលកម្ពុជា ជួបវិបត្តិដោយភ្លើងសង្គ្រាមពីឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៥ ប្រទេសទាំងពីររក្សាចំណងការទូត នៅត្រឹមកម្រិតភារធារីស្តីទីមាននិវេសនដ្ឋាននៅទីក្រុងប៉េកាំង។ កម្ពុជា និងម៉ាឡេស៊ី បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩១។
សម្រាប់ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងជាគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានជាង ៤១១លានដុល្លារអាមេរិក កម្ពុជានាំទៅម៉ាឡេស៊ីជិត ១៤៨លានដុល្លារ ហើយនាំចូលពីម៉ាឡេស៊ីមានជិត ៤៦៤លានដុល្លារ។
នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មសរុបមានជាង ៤៧៤លានដុល្លារ។ ក្នុងនោះកម្ពុជានាំទៅម៉ាឡេស៊ីមានជាង ១៣០លានដុល្លារ ហើយនាំចូលពីម៉ាឡេស៊ីមានជាង ៣៤៤លានដុល្លារ។ ៦ខែ ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មមានជាង ៤០០លានដុល្លារ ក្នុងនោះកម្ពុជានាំទៅម៉ាឡេស៊ីមានជាង ៦០លានដុល្លារ ហើយនាំចូលពីម៉ាឡេស៊ី មានជិត ៣៤០លានដុល្លារ៕