(បាត់ដំបង)៖ បុរសវ័យ៣០ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួននៅក្នុងហាង The Mordle តាមបណ្តោយផ្លូវ២៨៧ ក្បែរអង់តែនទួលគោក កាលព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក នួន សាន ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
យោងតាមដីកាបញ្ជាឲ្យចូលខ្លួន លេខ៣៦/២០១៩ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ របស់លោក នួន សាន បានបញ្ជាឲ្យឈ្មោះ ពៅ រ៉ាឌី ភេទប្រុស អាយុ៣០ឆ្នាំ ចូលខ្លួនបំភ្លឺពាក់ព័ន្ធ បទល្មើស ឆបោក និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តកាលពីថ្ងៃទី២០ និងទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បើតាមសមត្ថកិច្ចបានលួចបង្ហើបថា ជនសង្ស័យឈ្មោះ ពៅ រ៉ាឌី ពេលនាំយកទៅសួរនាំនៅក្រសួងមហផ្ទៃនោះ មានមន្ត្រីមានបុណ្យស័ក្តិមួយចំនួន ព្យាយាមអន្តរាគមន៍ តាំងពីដំណាក់តុលាការ ចេញដីការ រហូតដល់ត្រូវឃាត់ខ្លួនបាន ដោយមានបំណងឲ្យមានការដោះលែងជនឆបោកនេះវិញ ប៉ុន្តែមិនបានសម្រេចនោះទេ ។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញនាយដ្ឋានព្រហ្មទណ្ឌ ក្រសួងមហផ្ទៃ កំពុងសាកសួរ និងរៀបចំឯកសារបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ពៅ រ៉ាឌី ទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចបន្ថែមថា រឿងរ៉ាវដែលឈានដល់ការប្តឹងឲ្យចាប់ខ្លួនជនសង្ស័យខាងលើ ផ្តើមចេញពីអំពើ ឆបោកប្រាក់ពីជនរងគ្រោះ ក្រោមរូបភាពយករថយន្តទំនើបៗគ្មានពន្ធនាំចូល (ជនសង្ស័យក្លែងឯកសារបន្លំជនរងគ្រោះថា មានពន្ធត្រឹមត្រូវ) ចំនួន ២គ្រឿង រួមមាន ម៉ាកឡង់គ្រីសឺប្រាដូ និងលុច្សស៊ីស400 ទៅដាក់បញ្ចាំជាច្រើនម៉ឺនដុល្លារ។
ក្រោយមក ជនរងគ្រោះ បានឲ្យសមត្ថកិច្ចជំនាញ ពិនិត្យមើលទើបដឹងថា ឯកសាររថយន្តទាំង ២គ្រឿង សុទ្ធតែក្លែងក្លាយទាំងអស់ ក៏ហៅជនសង្ស័យឲ្យចូលខ្លួនដោះស្រាយ តែជនសង្ស័យ បានគេចខ្លូនបាត់ ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្តឹងចូលអយ្យការអមសាលាដំបូងខេត្តបាត់ដំបងដើម្បីឲ្យជួយរកយុត្តិធម៌តែម្តង៕