(បាត់ដំបង)៖ លោកវេជ្ជបណ្ឌិត យីត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន នៃអនុគណៈកម្មការគ្លីនិក ប្រយុទ្ធជំងឺគ្រុនឈាម បានជំរុញដល់មន្ត្រីបម្រើសេវាសុខាភិបាល ទាំងសេវារដ្ឋ ទាំងសេវាឯកជន ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចំពោះការព្យាបាលជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋឱ្យល្អប្រសើរ កុំយកតួនាទីរបស់ខ្លួន ទៅអនុវត្តប្រាសចាកពីក្រមសីលធម៌ វិជ្ជាជីវៈ ហើយការព្យាបាលត្រូវមានបទពិសោធន៍ប្រកបដោយវិជ្ជាជីវៈ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ឲ្យសក្តិសម ជាគ្រូពេទ្យបម្រើសេវាជូនប្រជាពលរដ្ឋដោយភាពស្មោះត្រង់។
លោកវេជ្ជបណ្ឌិត យីត ស៊ុនណារ៉ា បានថ្លែងជំរុញដូចនេះនាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងពិធីបើកសិក្ខាសាលស្តីពី «ការគ្រប់គ្រងថែទាំ និងជំងឺគ្រុនឈាម» នៅសាលប្រជុំមន្ទីរសុខាភិបាល ខេត្តបាត់ដំបង ដែលមានការចូលរួមពីសំណាក់លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត នាយកមន្ទីរសុខាភិបាលខេត្តបាត់ដំបង, លោកវេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យ, លោកសាស្រ្តាចារ្យ លន ទ្រីយ៍ប៉ាទ្រិច នាយករងមន្ទីរពេទ្យខេត្តកំពង់ចាម, លោកសាស្រ្តាចារ្យ យ៉ៃ ចន្ទនា នាយកមន្ទីរពេទ្យជ័យវរ្ម័នទី៧ និងលោកប្រធានមន្ទីរពេទ្យខេត្ត គោលដៅ និងមន្រ្តីបុគ្គលិកសុខាភិបាល ប្រមាណ២០០នាក់ផងដែរ។
លោក យីត ស៊ុនណារ៉ា បានបញ្ជាក់ថា «ការបើកវគ្គបណ្តុះបណ្តាលថ្នាក់តំបន់នេះ មានការចូលរួមពីក្រុមគ្រូពេទ្យផ្នែកជំងឺគ្រុនឈាម ដែលមកពីខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ និងប៉ៃលិន ដើម្បីស្វែងយល់កាន់តែច្បាស់នូវប្រភេទជំងឺគ្រុនឈាម ដែលជានិច្ចកាលជំងឺនេះ បានរីករាលដាលមកលើកុមារ និងមនុស្សចាស់ ស្ទើទូទាំងប្រទេស»។ បន្ទាប់ពីមានផ្ទុះករណីជំងឺគ្រុមឈាម ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្លាំង ដោយក្រសួងបាននិងកំពុងជំរុញដល់មន្ទីរសុខាភិបាលទូទាំងប្រទេស ឲ្យយកចិត្តទុកដាក់ខ្ពស់ដើម្បីរកវិធានការទប់ស្កាត់ បង្ការ និងព្យាបាល ដោយគ្រូពេទ្យជំនាញជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយការផ្តល់សេវាក៏ត្រូវការចាំបាច់នូវជំនាញ វិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ជាគ្រូពេទ្យ។
លោកបានបន្តថា បន្ទាប់ពីផ្ទុះករណីជំងឺគ្រុនឈាមខ្លាំងកន្លងទៅនោះ តែបច្ចុប្បន្នជំងឺគ្រុនឈាមមានការថយចុះនៅសល់១% និងអាត្រាស្លាប់ដោយជំងឺគ្រុនឈាមបានថយចុះនៅសល់ ០.២% បើគិតតួលេខទូទាំងប្រទេស ហើយបើករណីមានអ្នកជំងឺនៅតាមគ្លីនិក មណ្ឌលសុខភាពរដ្ឋ និងឯកជននៅមូលដ្ឋាន ត្រូវបញ្ជូនមកសង្រ្គោះជាបន្ទាន់មកមន្ទីរពេទ្យខេត្តឲ្យបានទាន់ពេលវេលា ជៀសវាងការស្លាប់ដល់អ្នកជំងឺគ្រុនឈាម ដែលបញ្ជូនមកខណ:មានការយឺតយ៉ាវ។
លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានបញ្ជាក់ថា បន្ទាប់ពីផ្ទុះឡើងជំងឺគ្រុនឈាមកន្លងមក សម្រាប់ខេត្តបាត់ដំបងមាន ១,៨៦៨ករណី មានអ្នកស្លាប់ចំនួន១០នាក់ តែបច្ចុប្បន្នជំងឺគ្រុនឈាម មានការថយធ្លាក់ចុះមកវិញផងដែរ។ ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ក្រុមគ្រូពេទ្យផ្នែកជំងឺគ្រុនឈាមកន្លងមក ឃើញថាលទ្ធផលដែលយើងទទួលបានប្រកបដោយប្រសិទ្ធភាព ទាំងសេវាឯកជន ទាំងសេវារដ្ឋ ដោយក្នុងនោះយើងបានទទួលផលវិជ្ជមានទាំងសងខាង ហើយការទទួលសេវានេះប្រកបដោយគុណភាព ដែលបានកាត់បន្ថយបាននូវអត្រាស្លាប់របស់កុមារ ក៏ដូចជាប្រជាពលរដ្ឋទាក់ទងនឹងជំងឺគ្រុនឈាមនេះផងដែរ។
ក្រោយពីថ្លែងបើកសិក្ខាសាលារួចមក គណៈអធិបតី និងសហការី ក៏បានអញ្ជើញចុះទៅពិនិត្យមើលកុមារមានជំងឺគ្រុនឈាម ដែលកំពុងសំរាកព្យាបាលនៅអគារពេទ្យកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងផងដែរ៕