(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបចំសិក្ខាសាលាស្តីពី «ការអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា» ក្រោមការចូលរួមពី លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីសិក្ខាកាមប្រមាណ៥០០នាក់។
សិក្ខាសាលានេះរៀបចំឡើង ដើម្បីប្រមូលមតិយោបល់ថ្មីៗពីថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកធនាគារជាតិ សម្រាប់ធ្វើជាធាតុចូលក្នុងការត្រៀមលក្ខណៈ រៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃប្រតិបត្តិការធនាគារកណ្តាល ១៩៧៩-២០១៩ ដែលនឹងប្រព្រឹត្តឡើងនៅ ខែតុលា ឆ្នាំ២០១៩ ខាងមុខ។ នេះជាលើកទី៣ហើយដែលធនាគារជាតិ រៀបចំសិក្ខាសាលានេះឡើង។
សិក្ខាសាលានេះជាផ្នែកមួយនៃ ការបណ្តុះបណ្តាលផ្ទៃក្នុង តាមរយៈការចែករំលែកព័ត៌មានថ្មីៗ ដល់មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា។ សិក្ខាសាលានេះប្រព្រឹត្តទៅដោយមានបទឧទ្ទេសនាម និងបទអន្តរាគមន៍ពាក់ព័ន្ធនឹងការវិវត្តរីកចម្រើននៃ បច្ចេកវិទ្យាហិរញ្ញវត្ថុ ការអភិវឌ្ឍប្រព័ន្ធធនាគារប្រកបដោយចីរភាព ផ្តោតសំខាន់លើកត្តាបរិស្ថាន, សង្គម និងអភិបាលកិច្ចល្អផលប៉ះពាល់នៃ ឥណទានលើជីវភាពគ្រួសារខ្មែរនៅកម្ពុជា និងការរក្សាស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា ពិសេសឧទ្ទេសនាមស្តីពី សេដ្ឋកិច្ចជំនាន់ថ្មីសម័យបច្ចេកវិទ្យា ដែលផ្តោតសំខាន់លើការត្រៀមលក្ខណៈ ដើម្បីចាប់យកការរីកចម្រើននៃ វិស័យបច្ចេកវិទ្យាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច៕