(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ទទួលសណ្ឋាកិច្ចស្វាគមន៍លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩នេះ, មេដឹកនាំទាំងពីរ ចាប់ផ្តើមជំនួបពិភាក្សាទ្វេភាគី នៅវិមានសន្តិភាព។
តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងជំនួបនោះ នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួមផងដែរ។ បន្ទាប់មកនាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើការប្រកាសព័ត៌មានរួមគ្នា។
លោក មហាធា មហាម៉ាត់ និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។