(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានបន្ថែម ស្តីពីអាកាសធាតុនៅប្រទេសកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី០៣ ដល់០៩ ខែកញ្ញា បណ្តាខេត្តក្រុងនានារបស់កម្ពុជា នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ខណៈខេត្តជាប់មាត់សមុទ្រពិសេសខេត្តកោះកុង និងព្រះសីហនុ មានភ្លៀងធ្លាក់ច្រើន។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ដោយសារឥទ្ធិពលជ្រលនៃប្រព័ន្ធសម្ពាធទាប និងវិសម្ពោធ ធ្វើឲ្យអាកាសធាតុនៅកម្ពុជាមានលក្ខណៈដូចជា៖
១៖ នៅថ្ងៃទី០៣-០៤ ខែកញ្ញានេះទៅ បណ្តាខេត្តនៅភាគពាយ័ព្យ ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម នឹងអាចមានភ្លៀងធ្លាក់ក្នុង កម្រិតពីមធ្យមទៅបង្គួរ ។ ចាប់ពីថ្ងៃទី០៤-០៩ ខែកញ្ញា បរិមាណភ្លៀងកាន់តែកើនឡើង ក្នុងកម្រិតពីបង្គួរទៅច្រើន ។
២៖ បណ្តាខេត្តនៅជាប់មាត់សមុទ្រពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងអាចមានភ្លៀង ធ្លាក់ច្រើន។ ផ្ទៃសមុទ្រមានខ្យល់ និងរលកខ្លាំងពិសេសក្នុងថ្ងៃ ០៤-០៧ ខែកញ្ញា។
៣៖ បណ្តាខេត្តនៅភាគខាងក្រោម នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិត ពីតិចទៅបង្គួរ។
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតទឹកជំនន់ភ្លៀង ខ្យល់ ផ្គរ រន្ទះ និង រលកសមុទ្របោកបក់ខ្លាំង៕