(ត្បូងឃ្មុំ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងថា យើងនឹងខិតខំប្រឹងប្រែង ធ្វើយ៉ាងម៉េចចុះទៅចែកអំណោយ ជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋក្រខ្សត់ពិតប្រាកដ ដោយមិនទុក្ខពួកគាត់ចោលនោះឡើយ។
លើសពីនោះ សម្ដេចបានស្នើដល់អាជ្ញាធរគ្រប់លំដាប់ ត្រូវខិតខំជួយដោះស្រាយការខ្វះខាតរបស់ប្រជាពលរដ្ឋ ដែលក្រពិតប្រាកដ ឱ្យបានទាន់ពេលវេលា។ ជាពិសេស ជួយដល់អតីតយុទ្ធជន ដែលពិការភាព ដោយសារសង្គ្រាមក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត។
ការថ្លែងបែបនេះ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានធ្វើឡើង ក្នុងឱកាសចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត រួមមាន អ្នកផ្ទុកជំងឺអេដស៍ ចាស់ជរា ស្ដ្រីមេម៉ាយ កុមារកំព្រា និងជនពិការ សរុប ១,៧៧១គ្រួសារ ដែលមកពី៣០ឃុំ ៥ស្រុក (ស្រុកក្រូចឆ្មារ ត្បូងឃ្មុំ តំបែរ ញញាក្រែក និងមេមត់) ក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។
ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានរំលឹកពីអនុស្សាវរីយ៍ ដ៏ល្វីងជូរចត់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបដ៏សែនយង់ឃ្នង កាប់សម្លាប់មនុស្សគ្មានត្រាប្រណីទាំងចាស់ក្មេង ស្លាប់យ៉ាងអាណោច អាធ័ម ជាទីបំផុត ថែមទាំងប្រើមនុស្សដូចជាសត្វធាតុ និងបន្សល់ទុកនូវស្លាកស្នាមដ៏ឈឺចាប់ ព្រាត់ប្រាស់ ឪពុក ម្ដាយ ប្ដី ប្រពន្ធ កូន ដោយខ្លះមេម៉ាយ ពិការ និងកំព្រាគ្មានបងប្អូន។
ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវការដឹងគុណូបការៈនៃថ្ងៃរំដោះ៧មករា និងនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី រួមទាំងអតីតយុទ្ធជន និងនិវត្ដជនគ្រប់រូប ដែលបានលះបង់ពលីជីវិតចូលរួមរំដោះជាតិមាតុភូមិ និងនាំសុខសន្ដិភាពជូនជាតិ បានធ្វើឱ្យប្រជារាស្ដ្រ មានឱកាសរស់រាន និងសិទ្ធិសេរីភាពគ្រប់គ្រាន់ ជាពិសេស មានអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ ដូច្នេះប្រជាពលរដ្ឋយើងទាំងអស់គ្នា ត្រូវបន្ដសាមគ្គីភាពគ្នា កុំជឿការញុះញ៉ង់ ដែលចង់បំផ្លាញប្រទេសជាតិយើង ។
ជាមួយគ្នានោះ លោក ជិន ច្រិក រស់នៅស្រុកតំបែរ ខេត្ដត្បូងឃ្មុំ ដែលជាអតីតយុទ្ធជនមួយរូប ដែលរស់នៅស្រុកតំបែរ ខេត្ដត្បូងឃ្មុំ បានអួលដើមករសម្រក់ទឹកភ្នែក ពេលដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត មិនបំភ្លេច និងមិនទុកពួកគាត់ចោល ពិសេសរម្លឹកដល់គុណនូវការលះបង់អតីតយុទ្ធជន លះបង់ពលីជីវិតដើម្បីជាតិ។
លោក ជិន ច្រិក បានឱ្យដឹងថា លោកបានធ្វើទាហាននៅព្រំដែន ការពារទឹកដី ជីវិតរស់នៅដោយភាពភ័យរន្ធត់ ប្រពន្ធបានស្លាប់ចោលក្នុងរបបដ៏សាហាវយង់ឃ្នងនោះ។ លោក ក៏បានថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន ដែលរំដោះប្រទេសពីសង្គ្រាម និងមានសុខសន្ដិភាពមកដល់សព្វថ្ងៃ ។ «ខ្ញុំបានប្រាប់ទៅដល់កូនៗ ត្រូវបន្ដគាំទ្រសម្ដេចតេជោហ៊ុនសែនរហូត»។
អតីតយុទ្ធជនមួយរូបទៀត លោក ឃិត ឈីន ដែលពិការជើង ដោយសារមីន ក្នុងពេលលោកការពារប្រទេស ក្នុងពេលសង្គ្រាម បានថ្លែងផងដែរ «ខ្ញុំនៅការពារទឹកដីនៅជាប់ព្រំដែនថៃ សង្គ្រាមរាល់ថ្ងៃ ខ្មែរក្រហមផង ប៉ារ៉ាផង ពិបាកណាស់ ដ៏ឥលូវប្រទេសជាតិយើងមានសុខសន្ដិភាព សប្បាយចិត្ដណាស់ យើងត្រូវតែរក្សាសុខសន្ដិភាពមួយនេះ យើងនឹងបានសុខ»។
ឆ្លៀតក្នុងឱកាសនោះ ប្រជាពលរដ្ឋបានថ្លែងដឹងនូវគុណូបការៈថ្ងៃរំដោះ៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា មានជ័យជម្នះ ៧មករា ទើបប្រជាជនកម្ពុជាមានអ្វីៗសព្វយ៉ាងនៅថ្ងៃនេះ។
លើសពីនោះ ប្រជាពលរដ្ឋទាំងអស់ ក៏បានថ្លែងអំណរគុណ ដល់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានខិតខំប្រឹងប្រែង កៀរគរដល់សប្បុរសជនជាតិ និងអន្ដរជាតិ ដើម្បីទទួលបានជាស្បៀង សម្ភារ និងថវិកា ផ្គត់ផ្គង់ និងសម្រួលដល់ការលំបាក និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដែលក្រខ្សត់៕