(កែប)៖ រដ្ឋបាលក្រុងកែប និងមន្ទីរបរិស្ថានខេត្តកែប បានសហការជាមួយ ក្រុមស្ត្រីដើម្បីសង្គម ចុះសម្អាតឆ្នេរសមុទ្រកែប ក្នុងគោលបំណង ធ្វើឱ្យឆ្នេរសមុទ្រប្រទេសកម្ពុជា ក្លាយជាទីកន្លែងកាន់តែស្អាត ក្រុងស្អាត បរិស្ថានល្អ និងខ្យល់អាកាសបរិសុទ្ធ។
ការចុះសម្អាតបរិស្ថាននេះ ត្រូវបានធ្វើឡើង នាថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ ដោយមានការចូលរួមពីលោកស្រី ទិត្យ សុខា អភិបាលក្រុងកែប, ប្រធានមន្ទីរបរិស្ថានខេត្តកែប, កញ្ញា កែវ ទិត្យលីដា ប្រធានក្រុមស្ត្រីដើម្បីសង្គម និងសិល្បករ សិល្បការីជាច្រើនរូបទៀតផងដែរ។
លោកស្រី ទិត្យ សុខា បានថ្លែងថា លោកស្រីសប្បាយចិត្តណាស់ដែលមានវត្តមានកញ្ញា កែវ ទិត្យលីដា ដឹកនាំក្រុមទៅសម្អាតបរិស្ថាន នៅក្រុងកែប។ លោកស្រីថ្លែងថា លោកស្រីរីករាយ និងស្វាគមន៍ជានិច្ច ហើយសង្ឈឹមថាក្រុមការងារនេះ នឹងបន្តក្ដីស្រលាញ់បរិស្ថាន នៅគ្រប់ទីកន្លែង។
លោកស្រី ទិត្យ សុខា បញ្ជាក់ថា៖ «ក្នុងនាមខ្ញុំជាអភិបាលក្រុងកែប សង្ឃឹមថា ក្រោយៗទៀតប្អូនៗ នៅតែបន្តជួយសម្អាត និងថែរក្សាបរិស្ថានឆ្នេរកែប»។
ជាមួយគ្នានេះ កញ្ញា កែវ ទិត្យលីដា បានថ្លែងថា កញ្ញាបានដឹកនាំសមាជិក ដែលជានិស្សិតចំនួន ៥០នាក់ ដើម្បីសម្អាតឆ្នេរកែបនេះ។ កញ្ញាថ្លែងបន្តថា វត្ថុបំណងនៃសកម្មភាពនេះ គឺរួមគ្នាសម្អាតបរិស្ថាន ដើម្បីប្រទេសជាតិកាន់តែមានសោភ័ណភាព។
កញ្ញា កែវ ទិត្យលីដា បញ្ជាក់ថា «ខ្ញុំសូមសំណូមពរ សូមប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមការពារបរិស្ថាន ដើម្បីឱ្យកម្ពុជា ក្លាយជាប្រទេសស្អាត ក្រុងស្អាត បរិស្ថានល្អ និងខ្យល់បរិសុទ្ធ»៕