(ភ្នំពេញ)៖ អតីតនិស្សិតគ្រប់ជំនាន់ និងកម្រិតសិក្សា (បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្ររង) នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដែលបានបញ្ចប់ការសិក្សាចាប់ពីជំនាន់ទី១ ដល់ជំនាន់ទី១៤ (២០០២-២០១៩) សាស្ត្រាចារ្យ និងគណៈគ្រប់គ្រង PPIU នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ បានប្រារព្ធពិធីជួបជុំគ្នា នៅសណ្ឋាគារសុខាភ្នំពេញ
ក្រោមអធិបតីភាពរបស់លោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។
ក្នុងឱកាសនោះ លោកស្រី ទេព កូលាប ថ្ងៃនេះពិតជាពិសេសណាស់ ដែលបានជួបជុំអតីតនិស្សិតទាំងអស់ និងបានចែករំលែកបទពិសោធន៍ រវាងគ្នា និងគ្នា រំឭកអនុស្សាវរីយ៍ និងរក្សាទំនាក់ល្អរវាងគ្នា ជាពិសេសរវាងសាស្ត្រាចារ្យ និងគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។
លោកស្រីបានបញ្ជាក់ថា “សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ជារបស់យើងទាំងអស់គ្នា” ហេតុនេះអ្នកទាំងអស់គ្នាត្រូវចូលរួមផ្តល់យោបល់ ដើម្បីកែលម្អ និងអភិវឌ្ឍ ទាំងកម្មវិធីសិក្សា និងសេវាផ្សេងៗ។ PPIU រង់ចាំទទួលនូវរាល់ការកែលម្អរបស់អតីតនិស្សិតទាំងអស់ក៏ដូចជាសាស្ត្រាចារ្យ ឬមហាជនដើម្បីការអភិវឌ្ឍសាកលវិទ្យាល័យ ដូចជាកម្មវិធីសិក្សា ឬសេវាផ្សេងៗ ឱ្យទទួលបាននូវគុណភាពនៃការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ទាំងចំណេះសម្បទា បំណិនសម្បទា និងចរិយាសម្បទា ឆ្លើយតបនឹងតម្រូវការទីផ្សារការងារក្នុងប្រទេស សហគមន៍អាស៊ាន ក៏ដូចជាសាកលលោកផងដែរ។
លោកស្រីសាកលវិទ្យាធិការ ក៏បានគូសបញ្ជាក់ពីចំណុចសំខាន់នៃការជួបជុំនេះ ដូចជា៖
១៖ ផ្សារភ្ជាប់មិត្តភាពរវាងអតីតនិស្សិតរបស់សាកលវិទ្យាល័យទាំងអស់ ជាមួយគណៈគ្រប់គ្រង សាស្តា្រចារ្យ និងបុគ្គលិក។
២៖ ចែករំលែកបទពិសោធន៍ការងារកន្លងមក ក៏ដូចជាបច្ចុប្បន្នដែលកំពុងជួបប្រទះ។
៣៖ ចែករំលែកព័ត៌មានទាក់ទងទៅនឹងធុរកិច្ច ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននេះផងដែរ។
៤៖ ដឹងសុខទុក្ខរវាងគ្នា និងបន្តភ្ជាប់ទំនាក់ទំនងរវាងគ្នា ទាំងធុរកិច្ចក៏ដូចជាមិត្តភាព។
លោកស្រីស្នើឱ្យអតីតនិស្សិតបង្កើតវប្បធម៌នៃការជួបជុំនេះយ៉ាងហោចណាស់ មួយឆ្នាំម្តង។
លោកស្រីសាកលវិទ្យាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់អតីតនិស្សិត អាណាព្យាបាលនិស្សិត និស្សិត លោកគ្រូ អ្នកគ្រូ បុគ្គលិក ដែលបាន និងបន្តផ្តល់ទំនុកចិត្តមកសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដោយបញ្ជូនបុត្រ ធីតា ប្អូន ក្មួយ ឬញាតិសណ្តានឱ្យមកសិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិជារៀងមក សូមទទួលបាននូវសេចក្តីសុខចម្រើនគ្រប់ក្រុមគ្រួសារកុំបីខាន៕