(ព្រៃវែង)៖ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងសហការី អមដំណើរដោយប្រធានមន្ទីរធនធានទឹកខេត្តព្រៃវែង បានចុះពិនិត្យជាក់ស្តែង ដើម្បីធ្វើការវាយតម្លៃអំពីស្ថានភាព និងវិសាលភាពទឹកទន្លេមេគង្គ ក្នុងរយៈពេលប្រមាណជិត ២សប្តាហ៍កន្លងមកនេះ។
មន្រ្តីក្រសួងធនធានទឹក បានឲ្យដឹងថា ក្នុងរយៈពេលប្រមាណ ២សប្តាហ៍មកនេះ ទឹកបានចាប់ឡើងដល់កំពស់ដែលមានលទ្ធភាពហូរចូលតាមបណ្តាព្រែក, បឹងបួរ, ទីទំនាប និងប្រព័ន្ធធារាសាស្ត្រដែលពាក់ព័ន្ធដល់បណ្តាខេត្ត ដែលពឹងផ្អែកនូវរបបទឹកទន្លេ។
បើតាមមន្រ្តីក្រសួង «គិតមកទល់បច្ចុប្បន្ននេះបណ្តាព្រែកប្រមាណ៩០% ត្រូវបានហូរចូល។ ដោយឡែក សម្រាប់ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ដែលយកប្រភពទឹកពីទន្លេមេគង្គផងដែរ ត្រង់ចំណុចឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលគ្របដណ្តប់លើផ្ទៃដីបង្កបង្កើនផលសរុបទាំង ២ជំហានប្រមាណ ៣០០.០០០ហិកតា សម្រាប់៤ខេត្តរួមមាន៖ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង»៕