(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យប្រតិភូ ក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Lim Jung Taek អគ្គនាយក នៃអគ្គនាយកដ្ឋាន សហប្រតិបត្តិការរដ្ឋបាល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
គោលបំណងនៃជំនួបនៅរសៀលនេះ លោក Lim Jung Taek បានជូននូវលិខិតអញ្ជើញរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណរដ្ឋកូរ៉េ ដើម្បីអញ្ជើញសម្ដេចក្រឡាហោម ស ខេង ចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ាន កូរ៉េ ដែលនឹងប្រារព្ធធ្វើនៅចុងខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។ នេះបើតាមការឲ្យដឹងពី លោក ផាត សុផានិត ប្រធាននាយកដ្ឋានទំនាក់ទំនងអន្ដរជាតិ ក្រសួងមហាផ្ទៃ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបនេះ។
អគ្គនាយក នៃអគ្គនាយកដ្ឋាន សហប្រតិបត្តិការរដ្ឋបាល បានអះអាងថា ការអញ្ជើញនេះផ្អែកតាមដំណើរទស្សនកិច្ចរបស់ សម្ដេចក្រឡាហោម ស ខេង កាលពីខែឧសភាកន្លងទៅ ដែលនៅពេលនោះ សម្ដេចក្រឡាហោម និងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េ បានជជែកគ្នាអំពីបញ្ហានេះ ហើយលោករដ្ឋមន្ដ្រី ក៏បានសន្យាថា នឹងអញ្ជើញសម្ដេចទៅចូលរួមកិច្ចប្រជុំនេះ។
ថ្លែងក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការអរគុណចំពោះ លោក Lim Jung Taek ដែលបានយកលិខិតអញ្ជើញពីសាធារណរដ្ឋកូរ៉េ មកជូនសម្ដេចផ្ទាល់នៅប្រទេសកម្ពុជា ហើយសម្ដេចនឹងពិនិត្យលទ្ធភាពជាក់ស្ដែង ហើយប្រសិនបើសម្ដេចមិនមានពេលវេលាសមស្រប សម្ដេចនឹងចាត់រដ្ឋលេខាធិការប្រចាំការ ដើម្បីទៅចូលរួមកិច្ចប្រជុំ។
ទន្ទឹងនេះសម្ដេចក្រឡាហោម ស ខេង ក៏បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េ ដែលក្រសួងទាំងពីររហូតមកដល់ពេលនេះ មានកិច្ចសហប្រតិបត្តិការទាំងលើផ្នែកនគរបាល និងផ្នែករដ្ឋបាលថ្នាក់ក្រោមជាតិជាច្រើនផងដែរ។ សម្ដេច ក៏បានអរគុណដល់ក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េ តាមរយៈ MoU ដែលមានជាមួយគ្នាតែងតែបានផ្ដល់នូវការគាំទ្រជាបន្ដបន្ទាប់ ដល់ភាគីកម្ពុជា ពិសេសលើការងារបណ្ដុះបណ្ដាលធនធានមនុស្ស។
ជាមួយគ្នានេះ លោក Lim Jung Taek ក៏បានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ដែរថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ាន កូរ៉េ គឺផ្ដោតទៅលើប្រធានបទចំនួន៣សំខាន់ៗ រួមមាន ទី១៖ ការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងវិស័យសេវាសាធារណៈ, ទី២៖ និយាយអំពីវិស័យរដ្ឋបាលឌីជីថល និងទី៣៖ ពាក់ព័ន្ធការងារកសាងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ បន្ថែមពីនេះ ក៏មានការតាំងពិពរណ៌ បង្ហាញអំពីការបង្កើតគំនិតថ្មីៗ ពាក់ព័ន្ធនឹងការធ្វើសេវាសាធារណៈកាន់តែប្រសើរ៕