(ព្រះវិហារ)៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ បានរៀបចំពិធីដង្ហែពានរង្វាន់ជ័យលាភីចំណាត់ថ្នាក់លេខ៣ នៃការផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល របស់មន្ទីរពេទ្យបង្អែក១៦មករា ដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៣ នៃការផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣គំរូ ដែលទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ប្រចាំឆ្នាំ២០១៩។
ពិធីនេះត្រូវបានធ្វើឡើង ដោយមានការដង្ហែក្បួនចេញពីមុខមន្ទីរសុខាភិបាលខេត្តព្រះវិហារ តាមក្បួនរថយន្តឆ្ពោះទៅកាន់សាលាខេត្តព្រះវិហារ តាមផ្លូវម្លូរព្រៃ និងឆ្លងកាត់មុខផ្សារកំពង់ប្រណាក ឆ្ពោះទៅរង្វង់មូលថ្មី រង្វង់មូលចាស់ ត្រឡប់មកមន្ទីរសុខាភិបាលខេត្តវិញ ដែលបានធ្វើឡើងក្រោមវត្តមាន លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនានាជុំវិញខេត្តជាច្រើនផងដែរ។
លោកវេជ្ជបណ្ឌិត សុក វាសនា ប្រធានមន្ទីរពេទ្យបង្អែក១៦មករា បានឱ្យដឹងថា មុននឹងទទួលបានជ័យលាភីនេះ មន្ទីរពេទ្យរួមទាំងក្រុមគ្រូពេទ្យ និងបុគ្គលិកពេទ្យទាំងអស់ បានប្រតិបត្តិ និងបម្រើប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់គ្រប់វិនាទីនោះឡើយ។ បុគ្គលិកពេទ្យទាំងអស់ បានប្រើប្រាស់តួនាទីទៅតាមឋានានុក្រម និងគោរពទៅតាមក្រមសិលធម៌ វិជ្ជាជីវៈ ស្ថិតក្នុងភាពថ្លៃថ្នូរ រួមទាំងការថែរក្សាអនាម័យ បរិស្ថាននៅក្នុងបរវេណមន្ទីរពេទ្យឲ្យមានសោភ័ណ្ឌភាព និងបរិយាកាសល្អប្រសើរផងដែរ។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ការទទួលជ័យលាភីនេះមិនមែនមកពីបុគ្គលណាម្នាក់នោះទេ គឺបានមកពីការចូលរួមពីបុគ្គលិកពេទ្យ និងប្រជាពលរដ្ឋ ព្រមទាំងការមើលឃើញជាក់ស្តែង នូវការបំរើសេវាសាធារណៈ និងការព្យាបាលរបស់ក្រុមគ្រូពេទ្យទាំងអស់ ក្រោមការដឹកនាំរបស់មន្ទីរសុខាភិបាលខេត្ត។ លោកបានបង្ហាញអារម្មណ៍សប្បាយចិត្ត ក្រោយការវាយតម្លៃរបស់រាជរដ្ឋាភិបាល មកលើមន្ទីរពេទ្យបង្អែក១៦មករា ដោយទទួលបានទទួលចំណាត់ថ្នាក់លេខ៣ នៃការផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣គំរូ ដែលធ្វើឲ្យមានភាពល្បីល្បាញផងដែរ។ លោកថាអ្វីដែលសំខាន់ លោក និងបុគ្គលិកទាំងអស់ នៅតែខិតខំប្រឹងប្រែងបន្តទៀត ដើម្បីប្រកួតប្រជែងនៅឆ្នាំក្រោយៗទៀត។
លោក ប្រាក់ សុវណ្ណ បានលើកឡើងថា ក្នុងនាមថ្នាក់ដឹងនាំខេត្ត និងតំណាងឲ្យប្រជាពលរដ្ឋទូទាំងខេត្ត លោកមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយថ្ងៃនេះមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ របស់យើងបានដង្ហែរជយ័លាភីចំណាត់ថ្នាក់លេខ៣ ដ៏អធឹកអធម៍ជុំវិញខេត្ត។ លោកថា នេះសបញ្ជាក់ឲ្យឃើញពីស្មារតីខិតខំប្រឹងប្រែង របស់បុគ្គលិកពេទ្យ នៃមន្ទីរពេទ្យបង្អែក១៦មករាទាំងអស់។ លោកសូមឲ្យក្រុមគ្រូពេទ្យនៅគ្រប់មូលដ្ឋាន ត្រូវបន្តយកចិត្តដាក់បន្ថែមទៀត ដើម្បីលើកស្ទួយផ្នែកវិស័យសុខាភិបាលឱ្យកាន់តែមានភាពរីកចម្រើន និងធ្វើជាមន្ទីរពេទ្យដ៏គំរូឱ្យកាន់តែប្រសើរជាងនេះទៅទៀត។
លោកអភិបាលខេត្តព្រះវិហារ ក៏បានធ្វើការអំពាវនាវដល់បុគ្គលិកពេទ្យទាំងអស់ ត្រូវអនុវត្តន៍ទៅតាមក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ឆ្លើយតបទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ។ ជាមួយគ្នានោះត្រូវលុបបំបាត់កន្លែងព្យាបាលជំងឺ ដោយពុំមានច្បាប់អនុញ្ញាត និងត្រៀមលក្ខណៈទាំងស្មារតី និងសម្ភារៈដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនជាការលើកទឹកចិត្តផងដែរ៕