(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យា ផលិតកម្មកសិកម្ម នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍ ស្តីពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅអនុវត្ត បន្តលើផលិតកម្ម កសិកម្មតាមកិច្ចសន្យា ប្រចាំឆមាសទី១ ឆ្នាំ២០១៩។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់លោករដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី លោក-លោកស្រី លោកឧកញ៉ា ដែលអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា លោកអភិបាលខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជនជាតិ និងអន្តរជាតិជាច្រើនរូប។
កិច្ចប្រជុំនេះ មានគោលបំណង ធ្វើការពិភាក្សារួមគ្នារវាងសមាជិក សមាជិកានៃគណៈកម្មាធិការ សម្របសម្រួលកិច្ចសន្យាក្រសួងស្ថាប័ន អង្គភាពពាក់ព័ន្ធ៖
* ដើម្បីស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈម ដែលបាននិងកំពុងជួបប្រទះ និងការបន្តកិច្ចខិតខំប្រឹងប្រែងរួមសហការគ្នា
* ដើម្បីស្វែងរកដំណោះស្រាយ ក្នុងន័យស្ថាបនា ដោយតម្រង់ចក្ខុវិស័យគិតគូរ ក្នុងការពន្លឿនការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព
* ដើម្បីបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មសំដៅ ឈានទៅដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមអភិក្រម «រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម» ឲ្យទទួលបានជោគជ័យតាមការរំពឹងទុក។
សូមបញ្ជាក់ថា សម្រាប់០៨ខែ ក្នុងឆ្នាំ២០១៩ លេខាធិការដ្ឋានបានជួយសម្របសម្រួលកិច្ចសន្យា ផលិតកម្មរវាងអ្នកផលិត សហគមន៍កសិកម្ម និងក្រុមហ៊ុន សរុបបានចំនួន៩១កិច្ចសន្យា ក្នុងនោះមានផលិតផលស្រូវ អំពៅស្ករ ផលិតកម្មសត្វ និងមានគ្រួសារកសិករចំនួន៧,៨៩៧គ្រួសារចូលរួម នៅតាមបណ្តាខេត្តមួយចំនួន មានអាទិ៍ខេត្តព្រះវិហារ ព្រៃវែង កំពង់ធំ ប៉ៃលិន កំពង់ចាម កំពង់ឆ្នាំង សៀមរាប បាត់ដំបង កំពង់ស្ពឺ តាកែវ និងមណ្ឌលគីរី៕