(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេចបង្កើតក្រុមត្រួតពិនិត្យផ្លូវពិសេសមួយឆ្មក់ចុះត្រួតពិនិត្យគុណភាពផ្លូវដែលកំពុងសាងសង់ ដើម្បីពង្រឹងគុណភាពសាងសង់ផ្លូវឱ្យកាន់តែល្អប្រសើរថែមទៀត។
គុណភាពសាងសង់ផ្លូវនៅកម្ពុជាជាចំណោទបញ្ហាមួយដែលប្រជាពលរដ្ឋតែងតែបានលើកឡើងជារឿយៗ ហើយតែងតែរិះគន់ទៅលើការសាងសង់ផងដែរថាធ្វើមិនបានល្អធ្វើរួចខាងមុខ ខូចខាងក្រោយជាដើម។
លោក ស៊ុន ចាន់ថុល បានពន្យល់នីតិវិធីនៃការសាងសង់ផ្លូវនេះថា គ្រប់គម្រោងសាងសង់ផ្លូវដែលទទួលបានជំនួយ ឬកម្ចីពីប្រទេស និងអង្គការដៃគូជាមិត្ត រាល់ការជ្រើសរើសក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស គឺប្រទេស ឬអង្គការជាអ្នកផ្តល់ជំនួយ និងកម្ចីជាអ្នកធ្វើឡើងដោយខ្លួនឯងផ្ទាល់។ ដោយឡែកខាងក្រសួងក៏បានចាត់មន្ត្រីបច្ចេកទេសដើម្បីតាមដាន និងត្រួតពិនិត្យបច្ចេកទេស ព្រមទាំងគុណភាពនៃការសាងសង់ផងដែរ។
បន្ទាប់ពីសាងសង់រួចមុននឹងប្រគល់ជូនរាជរដ្ឋាភិបាលក្រសួងត្រូវត្រួតពិនិត្យផ្ទៀងផ្ទាត់គុណភាពម្តងទៀតមុនឹងសម្រេចទទួល ឬមិនទទួលនោះ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែងបានចុះត្រួតពិនិត្យគុណផ្លូវនេះយ៉ាងល្អិតល្អន់ដោយពេលខ្លះប្រើមធ្យោបាយជិះកង់ ហើយពេលជិះរថយន្តហើយចុះដើរពិនិត្យមើលក៏មាន។
ការប្រើមធ្យោបាយនេះក្នុងបំណងធ្វើឱ្យប្រាកដថា ផ្លូវដែលសាងសង់នោះមានគុណភាពត្រឹមត្រូវទៅតាមបច្ចេកទេស និងកិច្ចព្រមព្រៀង។ កាលពីពេលថ្មីៗកន្លងទៅនេះលោក ស៊ុន ចាន់ថុល បានសម្រេចដកមន្ត្រីត្រួតពិនិត្យបច្ចេកផ្លូវចំនួន៦រូប បន្ទាប់ពីលោករកឃើញថា ផ្លូវដែលពួកគេត្រួតពិនិត្យបច្ចេកទេសមិនគុណភាពមិនល្អ ហើយសង់មិនត្រូវបច្ចេកទេសជាដើម។
ក្នុងបទសម្ភាសន៍ជាមួយ Fresh News លោក ស៊ុន ចាន់ថុល បានបង្ហាញការមិនសប្បាយចិត្តនោះឡើយចំពោះផ្លូវដែលសង់ហើយមិនមានគុណភាព និងមិនត្រឹមត្រូវតាមបច្ចេកទេស។ លោក ស៊ុន ចាន់ថុល បានថ្លែងថា លោកតែងនិយាយប្រាប់ក្រុមហ៊ុនសាងសង់ថា លោកមិនចង់បានអាវមួយដែលពាក់ទៅសុទ្ធតែបំណះនោះទេ។ ត្រង់ចំណុចនេះ គឺលោកចង់បញ្ជាក់ថា លោកមិនចង់បានផ្លូវដែលធ្វើប៉ះមុខប៉ះក្រោយនោះឡើយ។
លោក ស៊ុន ចាន់ថុល បានក្រើនរំលឹកទាំងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីត្រួតពិនិត្យបច្ចេកថា «ការធ្វើផ្លូវហើយខូចនេះ វាខាតពេលវេលាទាំងអស់គ្នា។ ធ្វើឱ្យមានគ្រោះថ្នាក់ផង កកស្ទះចរាចរណ៍ផង អំពុលទុក្ខដល់បងប្អូនប្រជាពលរដ្ឋផង»។
លោក ស៊ុន ចាន់ថុល បានអះអាងថា ដើម្បីពង្រឹងគុណភាពនៃការសាងសង់ផ្លូវនេះ លោកបានសម្រេចបង្កើតក្រុមត្រួតពិនិត្យបច្ចេកទេសផ្លូវពិសេសមួយក្រុមហ៊ុន ដែលក្រុមត្រួតពិនិត្យពិសេសនេះឆ្មក់ចុះទៅពិនិត្យគុណភាពផ្លូវ ហើយរាយការណ៍ផ្ទាល់ទៅរូបលោកតែម្តង។
«ក្រុមនេះគាត់ធ្វើការឱ្យខ្ញុំផ្ទាល់តែម្តង មិនបាច់ចាំឱ្យទៅតាមអគ្គនាយកណាទេ មិនបាច់ចាំទៅតាមរដ្ឋលេខាធិការណាទេ។ ពីរក្រុមខ្ញុំដាក់ឱ្យហ្នឹងមានឡាន មានម៉ាស៊ីនគ្រប់គ្រាន់ ខ្ញុំបញ្ជាទៅឆ្មក់ភ្លាម ត្រូវខួង គឺខួងមើលភ្លាម។ អ៊ីចឹងយើងមានអ្នកសាងសង់ មានអ្នកត្រួតពិនិត្យបច្ចេកទេសឯករាជ្យ យើងមានអ្នកត្រួតពិនិត្យរបស់ក្រសួង ខ្ញុំមានអ្នកត្រួតពិនិត្យឆ្មក់មួយថែមទៀតតាមដានឱ្យបានដិតដល់ជាទីបំផុតក្នុងការកសាងផ្លូវ ជួសជុលផ្លូវរបស់យើងឱ្យបានល្អ ឱ្យបានរឹងមាំ ជាប់យូរអង្វែង ជូនប្រជាពលរដ្ឋយើង»។ លោក ស៊ុន ចាន់ថុល បញ្ជាក់។
ក្នុងបទសម្ភាសន៍ជាមួយ Fresh News ទន្ទឹមនឹងការបង្ហាញពីវិធានការពង្រឹងគុណភាពសាងសង់ផ្លូវហើយនោះ លោក ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ពីប្រភេទផ្លូវដែលសាងសង់នៅកម្ពុជាផងដែរ។ ការបង្ហាញពីប្រភេទផ្លូវដែលសាងសង់នៅកម្ពុជានេះ ឆ្លើយតបទៅនឹងចម្ងល់ ក៏ដូចជាការលើកឡើងមួយចំនួនរបស់ប្រជាពលរដ្ឋ ដែលមើលឃើញផ្លូវខ្លះមានកៅស៊ូស្តើង និងផ្លូវខ្លះមានកៅស៊ូក្រាស់។
លោក ស៊ុន ចាន់ថុល បានពន្យល់ថា ផ្លូវដែលសាងសង់នៅកម្ពុជាមានប្រភេទផ្លូវ DBST ផ្លូវកៅស៊ូពីរស្រទាប់ និងផ្លូវ AC (Asphalt Concrete) ដែលជាផ្លូវមានកៅស៊ូក្រាស់។
ប្រភេទផ្លូវ DBST នេះមានកម្រាស់កៅស៊ូស្តើង អាចប្រើប្រាស់បានរយៈពេល៥ឆ្នាំ តែតម្លៃសាងសង់ធូរថ្លៃ។ ដោយឡែកផ្លូវ AC មានកម្រាស់កៅស៊ូក្រាស់តែតម្លៃថ្លៃ។ ផ្លូវកម្រិត AC នេះ មានដូចជាផ្លូវជាតិលេខ៦ ពីភ្នំពេញ ទៅដល់សៀមរាប, ផ្លូវជាតិលេខ១, ផ្លូវជាតិលេខ២១, ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៧ ពីក្រចេះទៅស្ទឹងត្រែង និងផ្លូវជាតិលេខ៥កំពង់សាងសង់ និងផ្លូវជាតិលេខ៣ ដែលកំពង់សាងសង់ដែរនោះ។
លោក ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ពីមូលហេតុដែលនាំឱ្យកម្ពុជាជ្រើសយកការសាងសង់ផ្លូវកម្រិត DBST ផងដែរ។ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា មូលហេតុដែលកម្ពុជាជ្រើសយកការសាងសង់ផ្លូវកម្រិត DBST គឺដើម្បីធ្វើសមាហរណកម្មតភ្ជាប់ផ្លូវពីតាមបណ្តាខេត្តជាមួយរាជធានីភ្នំពេញ។ មកដល់ពេលបច្ចុប្បន្ននៅដែលកម្រិតចរាចរណ៍កាន់តែមមាញឹក ទើបកម្ពុជាចាប់ផ្តើមសម្រេចពង្រីកគុណភាពផ្លូវចំនួនទៅជាកម្រិត AC ដែលមានកៅស៊ូក្រាស់ និងជាប់បានយូរជាង DBST។
លោករដ្ឋមន្ត្រីបានអះអាងថា បើសិនជាកម្ពុជាជ្រើសរើសយកការសាងសង់ផ្លូវមានកម្រិតជាប់ល្អ AC តែម្តង គឺមិនអាចតភ្ជាប់បាននោះឡើយ ហើយគិតខាងផ្នែកសេដ្ឋកិច្ចក៏មិនសូវចំណេញ ព្រោះផ្លូវនៅតាមខេត្តចរាចរណ៍មិនទាន់មមាញឹកនៅឡើយ៕