(ត្បូងឃ្មុំ)៖ លោក ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានស្នើដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់គ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទូទាំង ខេត្តត្បូងឃ្មុំ ចូលរួមប្រកបដោយស្មារតី ក្នុងការថែរក្សា ការពារព្រៃឈើ និងដាំដើមឈើឡើងវិញឲ្យបានច្រើន។
ការស្នើបែបនេះបានធ្វើឡើងក្នុងឱកាសដែលលោក ពាង ណារិទ្ធ អញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីចែកសម្ភារសិក្សា ជូនដល់សិស្សចំនួន៣២២នាក់ និងដាំដើមឈើប្រណិតចំនួន២០០ដើម នៅសាលាអនុវិទ្យាល័យ ទឹកជ្រៅ ស្ថិតនៅភូមិឃ្លៃ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «ដើមឈើមួយ ជីវិតមួយ» ដែលរៀបចំឡើងដោយសមាគមអតីតសិស្ស-និស្សិត នៅកម្ពុជា នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩។
ក្នុងឱកាសនោះ អភិបាលរងខេត្តត្បូងឃ្មុំ បានសំណូមពរ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់គ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តត្បូងឃ្មុំ សូមមេត្តាចូលរួមប្រកបដោយស្មារតី ក្នុងការថែរក្សា ការពារព្រៃឈើ និងដាំដើមឈើឡើងវិញ ឲ្យបានច្រើន ពីព្រោះថា៖
* ព្រៃឈើ គឺជាសម្បត្តិធម្មជាតិ ក៏មានសារៈសំខាន់ មិនត្រឹមតែសម្រាប់ទ្រទ្រង់ជីវិតរបស់មនុស្ស និងសត្វតែប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវសោភ័ណភាពបៃតង ស្រស់បំព្រងនូវគុណប្រយោជន៍ដ៏ធំធេងជាច្រើនទៀត ក្នុងការប្រកបមុខរបរ ការស្នាក់នៅទេសចរណ៍កំសាន្ត ភាពត្រជាក់ត្រជុំដល់មនុស្ស សត្វ និងជាមរតក ក៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។
* ព្រៃឈើផ្ដល់នូវតុល្យភាព លំនឹងបរិស្ថានធម្មជាតិ និងការស្ថិតស្ថេរនៃភពផែនដីរបស់យើង។
* ព្រៃឈើ ជួយទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ អាចកាត់បន្ថយបានយ៉ាងច្រើននូវគ្រោះធម្មជាតិ ដូចជា ភាពរាំងស្ងួត ទឹកជំនន់ ការហូរច្រោះ ខ្យល់កន្ត្រាក់ និងការកើនឡើងនូវកំដៅលើភពផែនដី -ល-។
ជាមួយគ្នានោះ លោក ពាង ណារិទ្ធ បានបន្ដទៀតថា ដូច្នេះ ដើម្បីបន្តចលនាដាំដើមឈើ និងរក្សាធនធានធម្មជាតិ ឲ្យកាន់តែមានភាពបៃតងស្រស់បំព្រងគ្រប់ទីកន្លែង នៃទឹកដីខេត្តត្បូងឃ្មុំ លោកសូមផ្តល់ការណែនាំមួយចំនួន ដូចខាងក្រោម៖
១៖ សូមអាជ្ញាធរមូលដ្ឋាន មន្ត្រីអង្គភាពនានា បន្តចលនាបំផុសចលនាមហាជន ឲ្យចូលរួមដាំដើមឈើប្រណិត ឈើហូបផ្លែ ឈើផ្កា ឲ្យបានគ្រប់គ្នាយ៉ាងផុសផុលគ្រប់ទីកន្លែងដូចជា នៅតាមវត្តអារាម សាលារៀន សហគមន៍ តាមដងផ្លូវ លំនៅដ្ឋានទីសាធារណៈយ៉ាងហោចណាស់ម្នាក់ ឲ្យបានមួយដើមក្នុងមួយឆ្នាំ។
២៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវរៀបចំឲ្យមានកន្លែងថ្នាលបណ្តុះ កូនឈើប្រណិតគ្រប់ប្រភេទឲ្យបានច្រើន សម្រាប់ត្រៀមទុកសម្រាប់ចែកជូនប្រជាពលរដ្ឋ ឬអង្គភាព ត្រូវដាំដើមឈើនៅតាមទីសាធារណៈ។
៣៖ ចាត់វិធានការសមស្រប ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់ការបំផ្លិចបំផ្លាញព្រៃឈើ ភ្លើងឆេះព្រៃ និងការកាប់រានព្រៃឈើ ដោយធានាការអនុវត្តន៍ច្បាប់ប្រកបដោយប្រសិទ្ធភាព។
៤៖ បង្កើនការអប់រំដល់ប្រជាពលរដ្ឋ តាមរយៈកម្មវិធីដែលបង្ហាញពីសារៈសំខាន់ ក្នុងការគ្រប់គ្រង និងការពារថែរក្សាធនធានព្រៃឈើ ប្រកបដោយនិរន្តរភាព។
៥៖ យើងគប្បីរួបរួមគ្នាខិតខំ ទប់ស្កាត់ឲ្យបាននូវសកម្មភាពអនាធិបតេយ្យ ក្នុងវិស័យព្រៃឈើ ជួយជំរុញទាំងបច្ចេកទេស និងស្មារតីដល់សហគមន៍ឲ្យបានរឹងមាំ ដើម្បីជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋ ដែលរស់នៅពឹងផ្អែកលើផលអនុផលព្រៃឈើ តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់ស្តីពីព្រៃឈើ៕