(ភ្នំពេញ)៖ «ដើម្បីកូន» ដែលជាខ្សែភាពយន្តអប់រំ បង្ហាញពីជីវិតពិតរបស់អ្នកធាក់ស៊ីក្លូ បង្កប់នូវសារអប់រំច្រើនដល់មហាជនទូទៅ ត្រូវបានបិទបញ្ចប់ការថតហើយ បន្ទាប់ពីដំណើរការថតជិតមួយខែ ប្រកបដោយភាពរលូន។
ទន្ទឹមគ្នានេះការបិទបញ្ចប់ការថតភាពយន្ត បែបជិវិតតស៊ូលំបាកនេះ លោក ហ៊ុយ យ៉ាឡេង បានបង្ហាញក្តីរំពឹងខ្ពស់ថា នឹងមានការគាំទ្រច្រើនពី ទស្សនិកជន ព្រោះខុសពីសព្វមួយដង ពេលនេះ លោក បានសម្រិតសម្រាំងយ៉ាងខ្លាំង ដើម្បីធ្វើយ៉ាងណាឲ្យចេញជាសាច់រឿងថ្មីប្លែក ស្តែងចេញនូវខ្សែជីវិតអប់រំ តស៊ូ ត្រូវចិត្តទស្សនិកជនគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ។
លោក ហ៊ុយ យ៉ាឡេង បានឲ្យដឹងនៅថ្ងៃបិទកាម៉េរាបញ្ចប់ការថតភាពយន្ត «ដើម្បីកូន» យ៉ាងដូច្នេះថា សម្រាប់រឿងនេះ បើតាមគម្រោង គឺដំណើរការថតក្នុងរយៈពេល២០ថ្ងៃ ខណៈជាក់ស្តែងគឺដំណើរការទៅយ៉ាងរលូន និងជោគជ័យតាមអ្វីដែលគ្រោងទុក។ ទោះរយៈពេលខ្លីនៃការថតក៏ពិតមែន តែគ្រប់គ្រាន់ក្នុងការផលិតភាពយន្តមួយនេះ ប្រកបដោយគុណភាពល្អ ទាំងតួសម្តែង និងប្លង់ទំាងអស់ក្នុងភាពយន្ត។ ជាមួយគ្នានេះ លោកក៏សង្ឃឹមថា ទស្សនិជននឹងគាំទ្រស្នាដៃថ្មី រឿងអប់រំដែលមានចំណងជើងថា «ដើម្បីកូន» នេះ ព្រោះមានសារអប់រំជាច្រើន ជាមួយនឹងរស់ជាតិថ្មីប្លែក ខុសពីភាពយន្តមុនៗ។
រឿង «ដើម្បីកូន» គឺមានការចូលរួមពីតារាប្រុសស្រីល្បីៗជាច្រើន ក្នុងនោះក្រៅពីលោក ហ៊ុយ យ៉ាឡេង ដែលអ្នកផលិតករ និងតួសម្តែងក្នុងរឿងនេះផ្ទាល់ គឺមាន កញ្ញា មាន សូនីតា, កញ្ញា ទេព ស្រីពៅ, តារាសម្តែងជើងចាស់លោក គង់ សុភី, កុម៉ារី ជី ឈិងលីន និងតារាប្រុសស្រីចាស់ក្មេងជាច្រើនរូបទៀត។
ជាមួយគ្នានេះ ភាពយន្ត «ដើម្បីកូន» បង្ហាញពីជីវិតតស៊ូ របស់អ្នកធាក់ស៊ីក្លូ ដែលសម្តែងដោយលោក ហ៊ុយ យ៉ាឡេង ផ្ទាល់ បង្ហាញពីទឹកចិត្តស្រឡាញ់របស់ឪពុកចំពោះកូនៗ ចំនួនពីរនាក់ក្នុងបន្ទុក ដែលមានមានប្រពន្ធម្នាក់ មានចរិតកាច់ឆ្នាស់បោះបង់កូនៗចោល បូកបញ្ចូលទាំងជីវិតគ្រួសារផ្សេងទៀត មានជីវភាពធូរធារ ដែលសម្តែងដោយ មាន សូនីតា នឹងគ្រោងចាក់បញ្ចាំងនៅចុងឆ្នាំ ២០១៩នេះ៕