(កំពង់ចាម)៖ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ជាបន្ដបន្ទាប់ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែកញ្ញានេះថា ប្រតិបត្តិការនេះធ្វើឡើងដោយ អនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជំរុញឲ្យមានវិធានការ បង្ក្រាបសកម្មភាពគ្រឿងញៀន។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ លោកបានបញ្ជាកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ បើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់។
ជនសង្ស័យទី១៖ឈ្មោះ លឹម សុភាង ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម, ទី២៖ឈ្មោះ លី ស្រីខ្មៅ ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ទី៣៖ឈ្មោះ ឆូក សុខនៅ អាយុ៣១ឆ្នាំ រស់នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ (ជាមុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួន), ទី៤៖ឈ្មោះ ថុល ដានី ហៅទីន អាយុ២២ឆ្នាំ រស់នៅបន្ទប់ជួលលេខ២ ស្ថិតនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម, ទី៥៖ឈ្មោះ ហ៊ាង សុភក្រ្តា អាយុ២០ឆ្នាំ នៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម, ទី៦៖ឈ្មោះ ម៉ាត់ ហ្សី អាយុ២៤ឆ្នាំ នៅភូមិព្រៃខ្ជាយ ឃុំបារាយរណ៍ ស្រុកព្រៃឈរ និងទី៧៖ឈ្មោះ លី ហាមីន អាយុ២៨ឆ្នាំ នៅភូមិទួលចំបក់ ឃុំបារាយរណ៍ ស្រុកព្រៃឈរ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចជំនាញ ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស ចំនួន១៦កញ្ចប់ (ធំ០៣កញ្ចប់), ជញ្ជីងអេឡិចត្រូនិចចំនួន០២គ្រឿង, ទូរស័ព្ទចំនួន០៩គ្រឿង, ឧបករណ៍សេពចំនួន០២សម្រាប់, ម៉ូតូចំនួន០៥គ្រឿង និងថង់វេចខ្ចប់មួយចំនួនធំ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕