(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កងរាជអាវុធហត្ថ ឆមាសទី ឆ្នាំ២០១៩ ដោយមានវត្តមាន នាយទាហាន នាយទហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តទាំងអស់។
ក្នុងឱកាសនោះ លោកឧត្តមសេនីត្រី ជូ សារុន មេបញ្ជាការបានថ្លែងថា ការងារហ្វឹកហ្វឺនជំនាញ គឺមានសារៈសំខាន់ចាំបាច់ណាស់ និងជាកាតព្វកិច្ចរបស់កងកម្លាំង ដើម្បីពង្រឹង និងបង្កើនសមត្ថភាព បណ្តុះឆន្ទៈមោះមុត ភាពអង់អាចក្លាហាន និងភាពអំណត់តស៊ូព្យាយាម ដែលជាលក្ខណៈពិសេសក្នុងនាមជាយោធាច្បាប់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី រក្សាសន្តិភាព និងស្ថិរភាពសង្គម។
ជាក់ស្តែង វគ្គហ្វឹកហ្វឺនជំនាញរបស់កងរាជអាវុធហត្ថ ដែលយើងកំពុងប្រារព្ធបើកនេះ គឺជាការអនុវត្តផែនការស្តីពីការងារហ្វឹកហ្វឺនជំនាញ ឆមាសទី២ ឆ្នាំ២០១៩ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយក្នុងនោះ ការងារហ្វឹកហ្វឺនត្រូវបានចាត់ទុក ជាការងារអាទិភាពចាំបាច់ ដែលត្រូវដំណើរការបន្តបន្ទាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ។ នេះជាការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ។
លោកឧត្តមសេនីយ៍ត្រីលើកឡើងបន្តថា វគ្គហ្វឹកហ្វឺននេះពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការក្នុងការពង្រឹងយន្តការគ្រប់គ្រងដឹកនាំបញ្ជាឱ្យមានប្រសិទ្ធិភាព និងធ្វើឱ្យកម្លាំងយល់ច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើជាតិដោយស្មោះត្រង់ដាច់ខាតក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល និងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់។
ដូច្នេះសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់រៀនសូត្រ ក្រេបជញ្ជាក់យកទាំងចំណេះដឹង និងបទពិសោធន៍ល្អៗពីគ្រូៗដែលមានបទពិសោធន៍ សម្រាប់ការអភិវឌ្ឍខ្លួនឯងឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលរ៉ាប់រងរាល់ភារកិច្ចរបស់ថ្នាក់លើប្រគល់ជូន និងក្លាយខ្លួនកងកម្លាំងឆ្នើមរបស់អង្គភាព៕