(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលវិធីសាស្ត្រកសាងគំរោងសហគ្រិនភាព ត្រូវបានរៀបចំឡើងក្នុងរយៈពេល ២ថ្ងៃ (៣០-៣១ សីហា ២០១៩) នៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវហ្វ្រង់កូហ្វូនភ្នំពេញ។ ការបណ្តុះបណ្តាលរយៈពេលខ្លីនេះ រៀបចំឡើងសំរាប់និស្សិតដែលចូលរួមក្នុងការប្រកួតប្រជែងគំរោងសហគ្រិនភាព ថ្នាក់តំបន់ដែលនឹងប្រព្រឹត្តិទៅនាចុងខែតុលាខាងមុខនេះ ដើម្បីផ្តល់នូវពុទ្ធិខ្លះៗ អំពីសហគ្រិនភាព និងជួយពួកគេក្នុងការកសាងគំរោងរបស់ខ្លួនអោយទទួលបានជោគជ័យ។
បេក្ខជនទាំងនេះមកពីគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗគ្នា ដែលត្រូវបានជ្រើសរើសក្នុងដំណាក់កាលដំបូង នៃកម្មវិធីប្រកួតប្រចាំឆ្នាំក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលឧបត្ថម្ភគាំទ្រដោយទីភ្នាក់ងារ ឧត្តមសិក្សាប្រើប្រាស់ ភាសាបារាំង(AUF)ប្រចាំតំបន់។
ឆ្នាំ២០១៩នេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ)ជាគ្រឹះស្ថានដែលទទួលរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិនេះ។ នេះជាលើកទី៣ហើយ ដែលមានការប្រកួតគំរោងសហគ្រិនភាព ប្រចាំនៅតំបន់ អាស៊ីប៉ាស៊ីហ្វិក ហើយក៏ជាលើកទី១ផងដែរដែលរៀបឡើងនៅព្រះរាជាណាចក្រកម្ពុជា។ ឆ្នាំ២០១៧ និង២០១៨ ការប្រកួតរៀបចំធ្វើឡើងដោយសាកលវិទ្យាល័យហាណូយ នៃប្រទេសវៀតណាម។
ឆ្នាំនេះបេក្ខជនចំនួន៤២ក្រុម(វៀតណាម៣០ក្រុម កម្ពុជា៨ក្រុម និងឡាវ៤ក្រុម) ត្រូវបានជ្រើសរើសក្នុងវគ្គជំរុះដែលមានបេក្ខជនចូលរួមប្រកួតក្នុងតំបន់សរុបរហូតដល់៥២ក្រុម។ សូមបញ្ជាក់ថា ការប្រកួតនេះរៀបចំធ្វើឡើងក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តយុវជនអោយមានគំនិតច្នៃប្រឌិតក្នុងការបង្កើតគំរោង សហគ្រិនភាពឆ្លើយតបទៅនឹងបរិបទជាក់ស្តែង ក្នុងតំបន់អាស៊ីដែលកំពុងតែមានសន្ទុះសេដ្ឋកិច្ចរីកចំរើន។
ក្រោយពីបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីនេះមក សិក្ខាកាមទាំងឡាយបានបង្ហាញនូវចំណាប់អារម្មណ៏ថា ពិតជាទទួលបានចំណេះដឹងជាមូលដ្ឋានខ្លះៗ ផ្នែកសហគ្រិនភាព និងមានការយល់ដឹងថ្មីបន្ថែមទៀតក្នុងការកសាង គំរោងទាំងឡាយរបស់ខ្លួនអោយបានល្អប្រសើរ។
ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF)ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទឹកចិត្តគាំទ្រដល់សាកលវិទ្យាល័យជាសមាជិកក្នុងតំបន់អោយរៀបចំការប្រកួតបង្កើតគំរោងសហគ្រិនភាពនេះជារៀងរាល់ឆ្នាំតាមការស្ម័គ្រចិត្តក្នុងគោលបំណងលើកទឹកចិត្តដល់និស្សិតដែលសិក្សានៅតាមបណ្តាសាកលវិទ្យាល័យដែលសិក្សាជាភាសាបារាំងអោយមានគំនិតច្នៃប្រឌិតបង្កើតថ្មី មានសេចក្តីក្លាហាន និងចេះបកស្រាយការពារគំរោងនានារបស់ខ្លួនតាមរយៈការប្រើប្រាស់សមត្ថភាពភាសាបារាំងរបស់ខ្លួន។
ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំងមានគ្រឹះស្ថានជាសមាជិកប្រមាណជាង៩០០ មានវត្តមាននៅលើប្រទេសជាង១០០នៅលើពិភពលោក។ ដោយឡែក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានចំនួន៧០គ្រឹះស្ថាន ក្នុងនោះមាន១០គ្រឹះស្ថានឧត្តមសិក្សានៅព្រះរាជាណាចក្រកម្ពុជាក្នុងចំណោម១២ប្រទេសផ្សេងទៀតក្នុងតំបន់៕