(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «វិធាន និងបទប្បញ្ញត្តិ ស្តីពីលទ្ធកម្មសាធារណៈ» ជូនមន្រ្តីគ្រប់គ្រងកិច្ចលទ្ធកម្ម ចំនួន១៥៦នាក់ មកពីក្រសួងចំនួន៤ រួមមាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងពាណិជ្ជកម្ម។
វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង ពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង សម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ថាកម្មវិធី កែទម្រង់ការគ្រប់គ្រងសាធារណៈ ត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការ ក្នុងឆ្នាំ២០០៤ ដោយរាជរដ្ឋាភិបាលកម្ពុជា ហើយសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ជាសារវន្ត ជាពិសេសសម្រេចបាននូវភាពជឿទុកចិត្តបាន នៃថវិកាក្នុងដំណាក់កាលទី១ និងគណនេយ្យភាពហិរញ្ញវត្ថុ នៅក្នុងដំណាក់កាលទី២។
បច្ចុប្បន្ន, ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតនៅក្នុងដំណាក់កាលទី៣ ក្នុងគោលដៅបង្កើនការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ អាទិភាពរបស់រាជរដ្ឋាភិបាល ដែលនឹងត្រូវបញ្ចប់នៅឆ្នាំ២០២០, មុននឹងឈានទៅអនុវត្តដំណាក់កាលទី៤ (២០២១-២០២៥) ក្នុងគោលដៅគឺ គណនេយ្យភាពសមិទ្ធកម្ម។
ស្ថិតក្នុងទិសដៅនេះ ឯកសារយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ ដែលជាស្នូលនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានរាជរដ្ឋាភិបាលអនុម័តដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ២០១៨កន្លងទៅ ។ គោលបំណងនៃយុទ្ធសាស្រ្តនេះ គឺប្រែក្លាយជាបណ្តើរៗនូ វប្រព័ន្ធថវិកាកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយដែលមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ស្របតាមឧត្តមានុវត្តអន្តរជាតិ។
លោកអះអាងថា ជារួមការកែទម្រង់ប្រព័ន្ធថវិកា គឺមិនគ្រាន់តែជាការផ្លាស់ប្តូររបៀបរបប នៃការគ្រប់គ្រងថវិកាប៉ុណ្ណោះទេ ប៉ុន្តែការងារនេះ គឺជាអភិក្រមដ៏សំខាន់បំផុតមួយ នៃការកែទម្រង់អភិបាលកិច្ច ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគណនេយ្យភាព នៃការដឹកនាំផងដែរ។ យុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកានេះ ក៏បានចង្អុលឱ្យមានការរៀបចំយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ ដោយសារតែវិស័យលទ្ធកម្មសាធារណៈ គឺជាផ្នែកមួយដ៏សំខាន់ នៃការគ្រប់គ្រងចំណាយសាធារណៈ។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបន្ថែមថា ដោយសារមានការផ្លាស់ប្តូររបៀបរបប, ប្រព័ន្ធនៃការគ្រប់គ្រង និងការអនុវត្តការងារ ដែលកើតចេញពីការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ នៅពេលដែលកម្មវិធីកែទម្រង់ត្រូវបានអនុវត្តដោយពេញលេញ នៅគ្រប់ដំណាក់កាលនោះ ចាំបាច់ត្រូវរៀបចំ និងអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល និងវិក្រឹតការជំនាញវិជ្ជាជីវៈ ពាក់ព័ន្ធលទ្ធកម្មសាធារណៈជូនមន្ត្រីគ្រប់គ្រង និងអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ដើម្បីធ្វើឱ្យមន្ត្រីទាំងនោះមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ទុកជាមុន សំដៅសម្របខ្លួនទៅនឹងបរិយាកាស និងបរិការណ៍ការងារថ្មីនៅតាមស្ថាប័ននីមួយៗ។
គោលដៅរួម នៃការកសាងសមត្ថភាពមន្ត្រីរាជការលើជំនាញលទ្ធកម្មសាធារណៈ គឺដើម្បីពង្រឹង និងពង្រីកសមត្ថភាពជំនាញវិជ្ជាជីវៈដល់មន្ត្រីលទ្ធកម្ម ឆ្លើយតបទៅនឹងតម្រូវការនៃការអនុវត្តតួនាទីភារកិច្ច ពាក់ព័ន្ធនឹងការងារលទ្ធកម្មសាធារណៈ ហើយការកសាងសមត្ថភាពនេះ នឹងត្រូវធ្វើទ្បើងជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០១៩តទៅ។
រដ្ឋលេខាធិការរូបនេះ បានបញ្ជាក់បន្ថែមថា ជានិច្ចកាលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងផ្តល់ការយកចិត្តទុកដាក់ជានិច្ច លើការបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគាំទ្រគន្លឹះ ដើម្បីសម្រេចជោគជ័យ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
បច្ចុប្បន្នក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងបន្តយុទ្ធនាការបណ្តុះបណ្តាលលើវគ្គជំនាញ បច្ចេកទេសសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនសិក្ខាកាមគោលដៅ១,០៤៥នាក់ ដែលជាមន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុ, មន្ត្រីទទួលបន្ទុកកិច្ចការលទ្ធកម្មសាធារណៈ និងមន្ត្រីរាជការ ដែលបំពេញការងារពាក់ព័ន្ធ នៃអង្គភាពថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័ន៕