(ភ្នំពេញ)៖ បន្ទាប់ពីសាធារណជនទន្ទឹងរង់ចាំយ៉ាងយូរមក នៅពេលនេះក្រុមហ៊ុនជប៉ុន J Trust Co., Ltd. បានចាប់ផ្តើមប្រតិបត្តិការសេវាធនាគាររបស់ខ្លួននៅកម្ពុជាហើយ ក្រោយទិញយកភាគហ៊ុន ៥៥% នៃធនាគារ ANZ Royal ពីក្រុមហ៊ុន ANZ Group ពេលនេះ J Trust បានចាប់ផ្តើមបម្រើសេវាកម្មជូនអតិថិជននៅកម្ពុជាហើយ ខណៈភាគហ៊ុន ៤៥%ទៀត កាន់កាប់ដោយក្រុមហ៊ុនដ៏មានកិត្តិសព្ទល្បីល្បាញ Royal Group។
លោក តូរូ ម្យូឈីន (Toru Myochin) អគ្គនាយកធនាគារ J Trust Royal Bank បានឱ្យដឹងថា ធនាគារ ANZ Royal មានកិត្តិសព្ទល្បីល្បាញជាយូរមកហើយ ក្នុងចំណោមធនាគារដែលទទួលបានការគោរព និងការជឿទុកចិត្តបំផុត ហើយយើងក៏មានបំណងសាងកេរ្តិ៍ឈ្មោះដូចនេះដែរ។ គោលបំណងរបស់យើង គឺយកអតិថិជនជាចំណុចស្នូល។ យើងនៅទីនេះដើម្បីជួយគាំទ្រអាជីវកម្មរបស់អតិថិជនឱ្យកាន់តែរីកចម្រើន។ ដើម្បីធ្វើឱ្យសេវាធនាគាររបស់ J Trust Royal Bank កាន់តែងាយស្រួលខ្លាំងជាងមុនសម្រាប់អតិថិជនជាទីស្រលាញ់ យើងបានវិនិយោគធនធានយ៉ាងច្រើនទៅលើប្រព័ន្ធបច្ចេកវិទ្យា។
J Trust Royal Bank មានបំណងចូលរួមចំណែកដល់ការអភិវឌ្ឍជារួមនៃវិស័យហិរញ្ញវត្ថុក្នុងស្រុក និងសេដ្ឋកិច្ចកម្ពុជាទាំងមូល។ ធនាគារនេះគ្រោងសម្រេចគោលដៅឱ្យបានពេញលេញ តាមរយៈការប្រើប្រាស់ជំនាញរបស់ខ្លួន ដែលទទួលបានពីសកម្មភាពអាជីវកម្មផ្សេងៗ។ ធនាគារ J Trust Royal Bank នឹងធ្វើប្រតិបត្តិការដោយប្រកាន់ខ្ជាប់នូវបាវចនា អតិថិជនជាចម្បង។ ធនាគារ J Trust Royal Bank នឹងស្ដាប់មតិយោបល់របស់អតិថិជនដោយយកចិត្តទុកដាក់ ហើយប្រឹងប្រែងបំពេញតាមតម្រូវការរបស់អតិថិជនឱ្យបានល្អបំផុត។ នោះជាវិធីដែលយើងទំនាក់ទំនងជាមួយអតិថិជនជាទីស្រលាញ់របស់យើង។
លោក តូរូ ម្យូឈីន បានថ្លែងទៀតថា អតិថិជនជាកង្វល់ធំទី១របស់យើង ដូចនេះយើងនឹងបន្តខិតខំប្រែងប្រែងដើម្បីក្លាយជាដៃគូដែលអតិថិជនជឿទុកចិត្ត ដែលអាចបំពេញរាល់តម្រូវការហិរញ្ញវត្ថុផ្សេងៗរបស់ពួកគេ។ នោះជាការសន្យាមួយរបស់យើងខ្ញុំទាំងអស់គ្នានៅធនាគារ J Trust Royal Bank។ ធនាគារនេះបង្កើតឡើងក្នុងឆ្នាំ១៩៧៧ និងមានស្នាក់ការកណ្ដាលនៅក្រុងតូក្យូ J Trust Co., Ltd. ជាក្រុមហ៊ុនមេ ដែលជាចំណុចបេះដូងនៃក្រុមហ៊ុន J Trust Group។ ក្រុមហ៊ុននេះផ្តោតលើសេវាធនាគារ ការធានាលើឥណទានពាក់ព័ន្ធអចលនទ្រព្យ និងសេវាអាជីវកម្មប្រមូលប្រាក់អតិថិជនជំពាក់។
សូមបញ្ជាក់ថា J Trust Group មានបុគ្គលិកសរុបប្រមាណ ២,៥០០នាក់។ ក្នុងឆ្នាំ២០១៨តម្លៃទ្រព្យសកម្មសរុបរបស់ J Trust Group បានកើនឡើងខ្ពស់មិនធ្លាប់មានជាប្រវត្តិសាស្ត្ររហូតដល់ទៅ ៦៥៦.៩ ពាន់លានយ៉េន។ ក្នុងឆ្នាំដដែលប្រាក់ចំណូលបានពីប្រតិបត្តិការនានាកើនឡើងរហូតដល់ទៅ ៧៦.២ពាន់លានយ៉េន។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ J Trust បានអនុវត្តគំនិតផ្តួចផ្ដើមដើម្បីពង្រីកមូលដ្ឋានអាជីវកម្មរបស់ J Trust Group នៅក្រៅប្រទេសជប៉ុន ហើយបច្ចុប្បន្នមានប្រតិបត្ដិការយ៉ាងរឹងមាំនៅទូទាំងតំបន់អាស៊ី ក្នុងនោះរួមមានប្រទេសឥណ្ឌូនេស៊ី សិង្ហបុរី កូរ៉េខាងត្បូង និងម៉ុងហ្គោលី ផងដែរ។
ព្រះរាជាណាចក្រកម្ពុជា ក៏ទើបតែជាប់ក្នុងចំណោមនោះដែរ ជាមួយនឹងវត្តមានរបស់ J Trust Royal Bank នៅទីនេះ។ យុទ្ធសាស្ត្រជំរុញកំណើនជារួមរបស់ខ្លួន J Trust Group ខិតខំប្រឹងប្រែងទទួលយក M&A (ការច្របាច់បញ្ចូលគ្នា និងការទិញយកភាគហ៊ុន) ជាមួយធនាគារ និងក្រុមហ៊ុននានាបន្ថែមទៀត ជាពិសេសនៅអាស៊ីអាគ្នេយ៍៕