(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដោយបានការសម្របសម្រួលពី លោក តន់ សីហតេជៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងពិសេស ចុះឆ្មក់បង្ក្រាបល្បែងស៉ីសងដុះស្លែ (បៀរ អាប៉ោង) ដ៏ធំមួយកន្លែង ឃាត់ខ្លួនជនញៀនល្បែង ១១នាក់ ក្នុងនោះស្រី៤នាក់។
ប្រតិបត្តិការខាងលើ ធ្វើឡើងនៅវេលាម៉ោង ៩៖១៥នាទីយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចហាងកាហ្វេភ្នាល់បាល់ យីហោរោងគោ ស្ថិតក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។ យ៉ាងណាក៏ដោយ សម្រាប់មនុស្សទាំង១១នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ តែបើនៅបន្តទៀតនឹងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ មិនលើកលែងឲ្យនោះទេ។
សេចក្តីរាយការណ៍ពីភ្នាក់ Fresh News បានឲ្យដឹងថា ក្រោយទទួលព័ត៌មានជាក់លាក់ អំពីការប្រព្រឹត្តល្បែងស៉ីសងខាងលើ កម្លាំងពិសេសដែលដឹកនាំដោយ លោក ម៉ៅ ធនិន ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចុះដល់ហាងកាហ្វេភ្នាល់បាល់ យីហោរោងគោ ដែលមានម្ចាស់ឈ្មោះ ពិន ពាន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
ក្នុងប្រតិបត្តិការនោះ កម្លាំងពិសេសបានចាប់ឃាត់ខ្លួន មេអាប៉ោង និងជនញៀនល្បែង ១១នាក់ ក្នុងនោះស្រី៤នាក់ រួមមាន៖
*១-អ៊ុក ដាវឿន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិចាយ៉ូវ ឃុំមេទឹក
*២-អ៊ុក ពៅ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិអូរព្រាល ឃុំមេទឹក
*៣-ថោ ម៉ុង ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិចាយ៉ូវ ឃុំមេទឹក
*៤-ជា លី ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិបាក់មែក ឃុំមេទឹក
*៥-ភៀន សុង ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិត្រាង ឃុំមេទឹក
*៦-មៀន រស់ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិដើមច្រេស ឃុំបឹងខ្នារ
*៧-ពៅ ប៊ុនធឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ
*៨-នូ សាខុម ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិស្វាយអាត់ ឃុំស្វាយអាត់
*៩-គួន អាន ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិត្រាង ឃុំមេទឹក
*១០-ថៃ ទុំ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិត្រាង ឃុំមេទឹក
*និង១១-កែវ វណ្ណី ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិក្តីឈ្នួល ឃុំត្រពាំងជង (មេអាប៉ោង)។
វត្ថុតាងដែលដកហូតបានរួមមាន មេអាប៉ោង០១ ចានមួយកំប្លេ បៀរ៥២សន្លឹក ម៉ូតូ៦គ្រឿង និងបានប្រគល់ជនញៀនល្បែងទាំង១១នាក់ ជូនកម្លាំងនគរបាលមូលដ្ឋាន ដើម្បីចាត់ចែងតាមនីតិវិធី។
សូមបញ្ជាក់ថា ទីតាំងហាងកាហ្វេភ្នាល់បាល់ យីហោរោងគោខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចឆ្មក់ចាប់ជាច្រើនលើកច្រើនសាររួចមកហើយ តែម្ចាស់អាជីវកម្ម នៅតែបើកដៃឲ្យក្រុមញៀនល្បែង រួមទាំងមេអាប៉ោង បន្តការអ៊ុតភ្នាល់តទៅទៀត។ កាលពីប៉ុន្មានថ្ងៃកន្លងមក មានជនរងគ្រោះម្នាក់ ក្នុងចំណោមអ្នកញៀនល្បែង បានសម្រេចចិត្តលេបថ្នាំបញ្ចប់ជីវិត តែមិនបានសម្រេចដូចបំណង ដោយសារតែវ័ន្តកចាញ់ល្បែង រហូតដល់ម៉ឺនដុល្លារ។
ដំណឹងនេះបានទៅដល់ លោក ម៉ៅ ធនិន ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខេត្ត លោកចុះផ្ទាល់ដើម្បីបង្ក្រាបទីតាំងបង្កប់ល្បែងស៉ីសងនេះ និងបានដាក់បទបញ្ជាឲ្យកម្លាំងប្រដាប់អាវុធ អនុវត្តវិធានការ បង្ក្រាបល្បែងស៉ីសងខុសច្បាប់ និងឃាត់ខ្លួនម្ចាស់បើកល្បែងខុសច្បាប់ ពិសេសអ្នកកាងពីក្រោយ រួមទាំងអ្នកឃុបឃិត មកផ្តន្ទាទោសតាមច្បាប់។ ជាពិសេសលោកបានផ្តល់សារថ្មីៗមួយ ដែលលើកឡើងថា៖ «កុំឲ្យមានល្បែងស៉ីសង កុំឲ្យមានពេស្យាចារ និងកុំឲ្យមានគ្រឿងញៀន»៕