(ភ្នំពេញ)៖ ក្រោយទស្សនារោងចក្រ ខ្មែរ ប៊ែវើរីជីស និស្សិតមួយចំនួននៃវិទ្យាស្ថាន CamEd Business មានការយល់ឃើញផ្សេងៗគ្នាអំពីការផលិតស្រាបៀរ និងភេសជ្ជៈ ការរៀបចំរបៀបរៀបរយ ក៏ដូចជាការងារផ្សេងៗដែលរោងចក្រនេះកំពុងធ្វើ។ តោះ! ទៅស្វែងយល់ពីមតិរបស់ពួកគេជុំវិញការធ្វើទស្សនកិច្ចនៅរោងចក្រ ខ្មែរ ប៊ែវើរីជីសនេះ៖
និសិ្សត ផន ស្រីហៀង ឲ្យដឹងថា «ខ្ញុំមានអារម្មណ៍ថាប្លែកនៅពេលបានមកដល់ទីនេះដំបូង ព្រោះធ្លាប់តែឃើញរោងចក្រដ៏ទំនើបបែបនេះនៅក្រៅប្រទេស និងមិននឹកស្មានថា រោងចក្របែបនេះមាននៅប្រទេសកម្ពុជាអញ្ចឹងសោះ ជាពិសេសហ៊ានចំណាយទុនវិនិយោគដ៏ច្រើនទៅលើគ្រឿងម៉ាស៊ីន ដើម្បីផលិតស្រាបៀរ និងភេសជ្ជៈ មានគុណភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា»។
ចំណែកនិសិ្សត តោ ដេនែល និយាយថា «រោងចក្រ ខ្មែរ ប៊ែវើរីជីស ពិតជាមានស្ដង់ដារខ្ពស់ ព្រោះគ្រប់ដំណើរការនៃការផលិតស្រាបៀរ និងភេសជ្ជៈមានមូលដ្ឋានច្បាស់លាស់ រួមទាំងការប្រើបច្ចេកវិទ្យា ស្ដង់ដារអន្តរជាតិ ដែលអាចផលិតផលិតផលមានអនាម័យខ្ពស់»។
រីឯនិសិ្សត ស៊ិន ដារ៉ានី ថ្លែងថា «ខ្ញុំសង្កេតឃើញថា រោងចក្រ ខ្មែរ ប៊ែវើរីជីស មានទីធ្លាធំទួលាយ និងមានខ្យល់អាកាសត្រជាក់ល្អ ដែលអាចធ្វើឲ្យអ្នកមកទស្សនារោងចក្រ និងបុគ្គលិកនៅទីនេះមានផាសុកភាព និងអាចបន្ធូរអារម្មណ៍បានយ៉ាងប្រសើរ»។
ដោយឡែកនិស្សិត ឡោ ស៊ូយឆេង និយាយថា ការរចនារបស់រោងចក្រ គឺខុសប្លែកពីរោងចក្រដទៃទៀតត្រង់កន្លែងទទួលភ្ញៀវមានការឌីហ្សាញ ដែលទាក់ទាញ និងទំនើបបំផុត ហើយអ្វីដែលកាន់តែពិសេសរោងចក្រនេះមានសាលប្រជុំ ដែលបើកសម្រាប់មហាជនប្រើប្រាស់ដោយមិនគិតកម្រៃសេវា ដែលបង្ហាញថា រោងចក្រនេះបានជួយដល់សង្គម និងប្រជាជនកម្ពុជាយ៉ាងច្រើន៕