(កណ្ដាល)៖ បុរសម្នាក់ដែលគេអះអាងថា ជាអ្នកមានប្រាក់មានបក្ខពួកបានធ្វើសកម្មភាពបំផ្លិចបំផ្លាញបង្គោលព្រំដី កំណត់ចំណីផ្លូវជាតិ និងបំផ្លាញបង្គោលសម្គាល់ ខ្សែកាប្ល៏អុបទិករបស់រដ្ឋ ដើម្បីធ្វើរបងព័ទ្ធយកដីចំណីផ្លូវជាតិទៅធ្វើជាកម្មសិទ្ធិសាងសង់ផ្ទះសំណាក់ បើកធ្វើអាជីវកម្មបានជោគជ័យ ហើយត្រូវអ្នកជិតខាងដែលរង ផលប៉ះពាល់ពីការរំលោភបំពាននេះ ដាក់ពាក្យប្ដឹងជាហូរហែទៅអាជ្ញាធរ និងតុលាការដើម្បីអោយទប់ស្កាត់ តែគ្មានប្រសិទ្ធភាពអ្វីឡើយ។
បច្ចុប្បន្ន ដោយសារតែភាគីរងគ្រោះប្ដឹងទៅមន្ត្រីអាជ្ញាធរ និងតុលាការគ្មានប្រសិទ្ធភាពទប់ស្កាត់ នូវការរំលោភបំពានយកដីចំណីផ្លូវជាតិទៅគ្រប់គ្រងធ្វើអាជីវកម្ម ផ្ដាច់មុខធ្វើអោយប៉ះពាល់ដល់អ្នកជិតខាងបែបនេះ ភាគីរងគ្រោះបានបន្តដាក់ពាក្យបណ្ដឹង សុំអន្តរាគមន៏ទៅសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលប្ដឹងទៅសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋន្ត្រីក្រសួង សាធារណការដើម្បីមានវិធានការទប់ស្កាត់នូវការបំផ្លិចបំផ្លាញ និងរំលោភបំពានយកដីចំណីផ្លូវជាតិ ដែលជាទ្រព្យសម្បត្តិសាធារណៈទៅធ្វើជាកម្មសិទ្ធិឯកជន ដោយ មិនខ្លាចញញើតច្បាប់ ព្រោះតែអាងខ្លួនមានលុយ និងមានបក្ខពួកនោះ បន្ទាប់ពីរូបគាត់បានព្យាយាមប្ដឹងទៅមន្ត្រីអាជ្ញាធរ និងតុលាការទប់ស្កាត់អស់រយៈពេលជិត ២ឆ្នាំមកហើយ តែគ្មានប្រសិទ្ធភាព។
យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ម៉េង ថុង មានទីលំនៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានរៀបរាប់ថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៧ និង១៥នាទីព្រឹក ឈ្មោះ ស៊ុយ ស៊ុយហ៊ួរ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានធ្វើសកម្មភាពគាស់បំផ្លិចបំផ្លាញបង្គោលបេតុង បោះកំណត់ព្រំដីចំណីផ្លូវជាតិលេខ៨ និងបង្គោលខ្សែកាប្ល៏អុបទិក របស់រដ្ឋដែលបោះកំណត់ដោយ ក្រសួងសាធារណការ និងក្រសួងប្រៃសណីយ៏ មានទីតាំងនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ។
បន្ទាប់ពីគាស់បំផ្លិចបំផ្លាញហើយ ឈ្មោះស៊ុយ ស៊ីហ៊ួរ បានធ្វើរបងថ្ម និងសាងសង់អាគារផ្ទះសំណាក់(សំណង់រឹងមាំ) រំលោភយកដីចំណីផ្លូវជាតិលេខ៨ ទាំងស្រុង ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលសកម្មភាពរបស់ឈ្មោះ ស៊ុយ ស៊ីហួរ ខាងលើនេះ បានធ្វើអោយប៉ះពាល់ដល់សិទ្ធិរបស់ខ្លួន ដែលមានក្បាលដីជាប់និងដីចំណីផ្លូវនេះ ក៏ដូចជាប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋផ្សេងៗទៀត ក្នុងការធ្វើដំណើរចេញចូលដី និងលំនៅដ្ឋានរបស់ពួកគាត់។
ក្នុងនោះ ក្រោយឃើញការរំលោភបំពានយកដីចំណីផ្លូវជាតិទៅគ្រប់គ្រង និងធ្វើរបងសង់ផ្ទះសំណាក់បែបនេះ ខ្លួនក៏បានប្ដឹងទៅមន្ត្រីអាជ្ញាធរមូលដ្ឋាន តាំងពីឃុំ ស្រុក ខេត្ត រួមទាំងប្ដឹងទៅតុលាការផងដែរ តែចំណាត់ការមន្ត្រីអាជ្ញាធរចុះទប់ស្កាត់ និងហាមឃាត់គ្មានប្រសិទ្ធភាព នោះទេ និយាយរួមពេលចុះហាមឃាត់ ឈ្មោះស៊ុយ ស៊ីហ៊ួរ ផ្អាកសកម្មភាពមួយរយៈ ក្រោយមកក៏បន្តលួចសាងសង់ដដែល ជាដដែលទោះបីជាមានដីការក្សាការពារ ដែលចេញដោយសាលាឧទ្ធរណ៏អោយផ្អាកសកម្មភាព មន្ត្រីអាជ្ញាសាលាដឹកនាំកម្លាំងចម្រុះចុះទៅហាមឃាត់ក៏គ្មានប្រសិទ្ធភាពដែរ រហូតដល់បច្ចុប្បន្ន សំណង់ផ្ទះ សំណាក់ (វិមានសួគ៏) ល្មើសច្បាប់ខាងលើនេះ បានសាងសង់រួចរាល់ និងបើកធ្វើអាជីវកម្មកាលពីដើមខែសីហានេះទៀតផង ក៏អាជ្ញាធរ សមត្ថកិច្ចគ្មានវិធានការច្បាប់ ទៅលើអ្នកប្រព្រឹត្តល្មើសអោយមានប្រសិទ្ធភាពអ្វីដែរ គឺទុកបណ្ដោយអោយអ្នកប្រព្រឹត្តល្មើសច្បាប់ ចេះតែប្រព្រឹត្តល្មើសបានស្រេចនឹងចិត្ត។
ភាគីជនរងគ្រោះដោយសារការរំលោភបំពានយកដីចំណីផ្លូវសាធារណៈ ទៅគ្រប់គ្រងធ្វើជាទ្រព្យសម្បត្តិបុគ្គល ដោយគ្មានខ្លាចញញើតច្បាប់ខាងលើនេះ បានធ្វើការ អំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធសូមជួយមានវិធានការទប់ស្កាត់ និងបង្ក្រាបអោយមានប្រសិទ្ធភាពផង ព្រោះបើមិនដូច្នេះទេ វានឹងនាំ អោយមានគំរូអាក្រក់ដល់អ្នកដ៏ទៃទៀត ដែលឃើញគេរំលោភយកសម្បត្តិសាធារណៈបាន ក៏នាំគ្នារំលោភយកដែរ ចុងក្រោយពេលរដ្ឋត្រូវការពង្រីកផ្លូវ ឬធ្វើអ្វីមួយនៅលើដីចំណីផ្លូវនោះ ដើម្បីបំរើអោយផលប្រយោជន៏សាធារណៈ គឺជួបបញ្ហាមិនចេះចប់មិនចេះហើយ។
យោងច្បាប់ភូមិបាល និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១៩៧.អនក្រ.បក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៩ ស្ដីពីការគ្រប់គ្រងដីចំណីតាមបណ្ដាញផ្លូវជាតិ និងផ្លូវរថភ្លើង នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ចំណុចជំពូកទី៣ មាត្រា៨ បានចែងថា ដីចំណីផ្លូវត្រូវបានកំណត់សម្រាប់បំរើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចតទៅ៖ -ផ្លូវជាតិកម្រិត១: តាងដោយលេខខ្ទង់ ដីចំណីផ្លូវមានប្រវែង៣០ម៉ែត្រ ពីសងខាងអ័ក្សផ្លូវ។
ក្នុងនោះត្រង់ជំពូកទី៥ នៃអនុក្រឹត្យនេះ ស្ដីពីទោសប្បញ្ញត្តិត្រង់មាត្រា១៥ ក៏បានចែងថា រាល់ការប៉ះពាល់កម្មសិទ្ធិ នៃទ្រព្យសម្បត្តិសាធារណៈ ដែលមានចែងក្នុងមាត្រា៨ និងមាត្រា៩ នៃអនុក្រឹត្យនេះ ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមានទៀតផង តែបែរជាអាជ្ញាធរ សមត្ថកិច្ចនៅតែបណ្ដែតបណ្ដោយអោយគេរំលោភបំពានយកដី ចំណីផ្លូវសាធារណៈបានស្រេចនឹងចិត្តដោយមិនយកច្បាប់ មកអនុវត្ត អោយមានប្រសិទ្ធភាពនោះឡើយ៕