(ភ្នំពេញ)៖ លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។
ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងកំលុងទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីម៉ាឡាស៊ី នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
លោក មហាធា មហាម៉ាត់ នឹងជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ដោយគ្រោងពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួមផងដែរ។ បន្ទាប់មក នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងធ្វើការប្រកាសព័ត៌មានរួមគ្នា។
ក្នុងកំលុងពេលស្នាក់នៅរាជធានីភ្នំពេញ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃកម្ពុជា។
ក្រសួងការបរទេសបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ បណ្ឌិតមហាធា មហាម៉ាត់ នៅកម្ពុជានឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អរវាងកម្ពុជានិងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។
បន្ទាប់ពីមកដល់ប្រទេសកម្ពុជានៅរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ លោក មហាធា មហាម៉ាត់ នឹងអញ្ជើញធ្វើបឋកថា ស្តីអំពី «ការរក្សាតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចក្នុងបរិបទអាស៊ាន» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។
លោក មហាធា ម៉ូហាម៉ាដ (Mahathir Mohamad) ជានាយករដ្ឋមន្ត្រីទី០៧ របស់ម៉ាឡេស៊ី បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងព្រឹត្តិការណ៍បោះឆ្នោត កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ ដោយបានផ្តួលគណបក្សរបស់អតីតនាយករដ្ឋមន្ត្រីលោក ណាជីប រ៉ាហ្សាក់។
លោក មហាធា ជាមេដឹកនាំប្រទេសជាមិត្តទី៦ហើយ ដែលបានបានមកបំពេញទស្សនកិច្ច នៅកម្ពុជាក្នុងឆ្នាំ២០១៩នេះ។ មេដឹកនាំប្រទេសជាមិត្តដែលបានបំពេញទស្សនកិច្ចនៅកម្ពុជាឆ្នាំនេះរួមមាន៖ ប្រធានាធិបតីវៀតណាម លោក ង្វៀង ហ៊្វូជុង (Nguyen Phu Trong) បំពេញទស្សនកិច្ច រយៈពេល២ថ្ងៃពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៦ ខែកុម្ភៈ , ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៉ីន និងភរិយា បំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា, លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បំពេញទស្សនកិច្ចចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា និង លោក KP Sharma Oli នាយករដ្ឋមន្រ្តីនេប៉ាល់ បំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា និងលោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា ប្រធានាធិបតីស្រីលង្កាទស្សនកិច្ចថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។
* ប្រវត្តិលោក មហាធា មហាម៉ាត់
លោក មហាធា កើតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩២៥ មកដល់បច្ចុប្បន្នមានវ័យ ៩៤ឆ្នាំ ក្លាយជាមេដឹកនាំមានវ័យចំណាស់ជាងគេលើពិភពលោក។ លោក មហាធា បានកើតក្នុងផ្ទះឈើនៃគ្រួសារមួយ ដែលស្ថិតនៅ ក្នុងទីក្រុង Alor Setar នៃរដ្ឋ Kedah ក្នុងដែនដីម៉ាឡេស៊ី។ លោកជាកូនពៅក្នុងចំណោមបងប្អូន ៩នាក់។
ត្រកូលរបស់លោកមហាធា មិនមែនជាអភិជន ឬក្រុមគ្រួសារសាសនា ឬជាអ្នកនយោបាយលេចធ្លោនោះឡើយ។ ឪពុករបស់ ម៉ាហាធា ជានាយកសាលាមានជីវភាពមិនជាធូរធារនោះ។ នៅពេលចូលរៀនកុមារ មហាធា ជាក្មេងប្រឹងប្រែងក្នុងការសិក្សាជាខ្លាំង។ បទវិន័យរបស់ឪពុកបានជំរុញឱ្យកុមារា មហាធា មានកម្លាំងចិត្តរៀនសូត្រ និងមានការចាប់អារម្មណ៍ខ្លះៗទៅលើវិស័យកីឡា។
មហាធា ចាប់ផ្ដើមចូលរៀនថ្នាក់បឋមសិក្សានៅសាលា Seberang Perak Malay ក្នុងឆ្នាំ១៩៣០។ ដោយភាពប្រឹងប្រែង មហាធា បានក្លាយជាសិស្សពូកែ និងមានភាពស្ទាត់ជំនាញផ្នែកភាសាអង់គ្លេស។ នៅពេលសាលារៀនត្រូវបិទទ្វារ ដោយសារជប៉ុនឈ្លានពានក្នុងសម័យសង្គ្រាមលោកលើកទីពីរ មហាធា បានប្រកបអាជីវកម្ម ដោយការលក់កាហ្វេ និងចេកបំពង ព្រមទាំងអាហារសម្រន់ផ្សេងៗ។ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ទៅ មហាធា ក៏បន្តការសិក្សាថ្នាក់មធ្យមសិក្សា ដោយបញ្ចប់ការប្រឡងជាន់ខ្ពស់ក្នុងខែធ្នូ ឆ្នាំ១៩៤៦ និងចូលសិក្សាផ្នែកឱសថ នៅសាលា King Edward VII ក្នុងប្រទេសសិង្ហបុរី (បច្ចុប្បន្នជាផ្នែកមួយនៃសកលវិទ្យាល័យសិង្ហបុរី)។
នៅទីនោះហើយ ដែល មហាធា បានជួបភរិយារបស់លោកនាពេលបច្ចុប្បន្ន គឺអ្នកនាង Siti Hasmah Mohamad Ali ដែលសិក្សាផ្នែកឱសថដូចគ្នា។ បន្ទាប់ពីបញ្ចប់ការសិក្សា លោក មហាធា បានធ្វើការជាវេជ្ជបណ្ឌិត ដែលបម្រើសេវាកម្មសម្រាប់រដ្ឋាភិបាល ហើយបានរៀបការក្នុងឆ្នាំ១៩៥៦។ លោកបានវិលត្រឡប់ទៅស្រុកកំណើត ដោយបើកគ្លីនិកកាន់កាប់ដោយខ្លួនឯង។
លោកទទួលបានជោគជ័យជាខ្លាំងក្នុងមុខរបរនេះ ដោយបានក្លាយជាវេជ្ជបណ្ឌិតដ៏ជំនាញតែម្នាក់ប្រចាំនៅទីនោះ ដែលអាចឱ្យលោកមានលទ្ធភាពសាងសង់ផ្ទះយ៉ាងធំ ព្រមទាំងវិនិយោគលើមុខរបរជាច្រើន។ លោកមហាធា មានកូនបីនាក់ និងកូនចិញ្ចឹមបីនាក់ផ្សេងទៀត។
សម្រាប់ឆាកនយោបាយនយោបាយវិញ លោកមហាធា បានចូលប្រឡូកក្នុងឆាកនយោបាយតាំងពីពេលកំពុងសិក្សានៅមហាវិទ្យាល័យម្ល៉េះ ដោយបានចូលរួមក្នុងចលនាតវ៉ានានា។ លោកបានចូលរួមក្នុងឆាកនយោបាយ ហើយបានក្លាយជាសមាជិកព្រឺទ្ធសភានៅចន្លោះឆ្នាំ១៩៦៤-១៩៦៩ ក្នុងខេត្ត Kedah និងសមាជិកព្រឹទ្ធសភា នៅតំបន់ Kubang Pasu ក្នុងកំឡុងឆ្នាំ ១៩៧២-១៩៧៤ ប្រទេសម៉ាឡេស៊ី។ ក្នុងឆ្នាំ១៩៧៦ លោកបានតែងតាំងធ្វើជា ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ លុះដល់ឆ្នាំ១៩៨១ បន្ទាប់ពីលោក ហូសែន អន (Hussein Onn) ប្រកាសលាលែងពីតំណែង លោក មហាធា បានស្បថចូលកាន់ដំណែងជានាយករដ្ឋមន្ត្រីទីបួន របស់ប្រទេស ម៉ាឡេស៊ី រហូតដល់ឆ្នាំ២០០៣ ដែលធ្វើឱ្យលោកក្លាយជាអ្នកកាន់តំណែងនេះយូរជាងគេនៅប្រទេស ម៉ាឡេស៊ី។
ក្នុងអំឡុងពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រីលើកទីមួយ លោកបានធ្វើឱ្យប្រទេសម៉ាឡេស៊ី ទទួលនូវបទពិសោធន៍នៃការធ្វើទំនើបកម្ម និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយរដ្ឋាភិបាលរបស់លោកបានផ្ដួចផ្ដើមគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន។ លោកគឺជាឥស្សរជននយោបាយដ៏លេចធ្លោម្នាក់ ដែលបានឈ្នះការបោះឆ្នោតសកល ជាប់ៗគ្នាចំនួនប្រាំលើក និងយកឈ្នះលើគូប្រជែងជាបន្តបន្ទាប់ ក្នុងនាមជាមេដឹកនាំបក្ស UMNO។ ទោះជាយ៉ាងណាក៏ដោយការប្រមូលផ្ដុំអំណាចក្នុងរយៈពេលដ៏យូរ នៃការកាន់អំណាចរបស់លោក បានធ្វើឱ្យប្រព័ន្ធតុលាការបាត់បង់ឯករាជ្យ និងបង្កើតជាអំណាចបែបប្រពៃណីលេចឡើងក្នុងប្រទេសម៉ាឡេស៊ី។
បន្ទាប់ពីចុះចេញពីដំណែងជានាយករដ្ឋមន្ត្រី លោក មហាធា បានក្លាយជាអ្នករិះគន់ដ៏សកម្មម្នាក់ ទៅលើនៃនាយករដ្ឋមន្រ្តីដែលស្នងតំណែងបន្តពីលោក គឺលោក អាប់ដុល្លាហ អាម៉ាដ បាដាវី (Abdullah Ahmad Badawi) និងលោក ណាជីប រ៉ាហ្សាក់ (Najib Razak)។ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ លោក មហាធា បានចាកចេញពីបក្ស UMNO ដោយយល់ថា បក្សនេះបានបង្ហាញការគាំទ្រចំពោះសកម្មភាពរបស់នាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់។ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ គណបក្សជនជាតិដើមភាគតិចម៉ាឡេស៊ី ត្រូវបានចុះបញ្ជីជាគណបក្សនយោបាយជាផ្លូវការ ដោយមានលោកផ្ទាល់ជាប្រធាន។ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ លោកត្រូវបានប្រកាសថា ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតសកលឆ្នាំ២០១៨។
បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០១៨ លោក មហាធា បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ក្នុងវ័យ៩៣ឆ្នាំ ធ្វើឱ្យលោកក្លាយជាមេដឹកនាំដែលមានវ័យចំណាស់ជាងគេលើពិភពលោក។ លោកក៏ជានាយករដ្ឋមន្ត្រីដំបូងគេនៅម៉ាឡេស៊ី ដែលធ្លាប់កាន់គណបក្សពីរផ្សេងគ្នា។
លោក មហាធា ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ, រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង, រដ្ឋមន្ត្រីក្រសួងការពារជាតិ, រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងជារដ្ឋមន្ត្រីក្រសួងអប់រំផងដែរ។
* ប្រវត្តិទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី៖
កម្ពុជា និងម៉ាឡេស៊ី បានភ្ជាប់ទំនាក់ទំនងការទូតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៧។ តែនៅក្នុងពេលកម្ពុជាជួបវិបត្តិដោយភ្លើងសង្គ្រាមពីឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៥ ប្រទេសទាំងពីររក្សាចំណងការទូតនៅត្រឹមកម្រិតភារធារីស្តីទីមាននិវេសនដ្ឋាននៅទីក្រុងប៉េកាំង។ កម្ពុជា និងម៉ាឡេស៊ី បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩១។
សម្រាប់ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅឆ្នាំ២០១៧ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានជាង ៤១១លានដុល្លារអាមេរិក កម្ពុជានាំទៅម៉ាឡេស៊ីជិត ១៤៨លានដុល្លារ ហើយនាំចូលពីម៉ាឡេស៊ីមានជិត ៤៦៤លានដុល្លារ។
ឆ្នាំ២០១៨ទំហំពាណិជ្ជកម្មសរុបមានជាង ៤៧៤លានដុល្លារ។ ក្នុងនោះកម្ពុជានាំទៅម៉ាឡេស៊ីមានជាង ១៣០លានដុល្លារ ហើយនាំចូលពីម៉ាឡេស៊ីមានជាង ៣៤៤លានដុល្លារ។
៦ខែឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មមានជាង ៤០០លានដុល្លារ ក្នុងនោះកម្ពុជានាំទៅម៉ាឡេស៊ីមានជាង ៦០លានដុល្លារ ហើយនាំចូលពីម៉ាឡេស៊ី មានជិត ៣៤០លានដុល្លារ។
ទំនិញសំខាន់ៗដែលកម្ពុជានាំចូល៖ ប្រេងឥន្ធនៈ បំពង់ទីប និងទុយោជ័រ ដុំហ្រ្វាំង និង ដុំកង់ស្ពឺ ក្រណាត់ត្បាញ ភេសជ្ជៈ និងអាហារកែច្នៃពីម្សៅ។ ទំនិញសំខាន់ៗដែលកម្ពុជានាំចេញ៖ សម្លៀកបំពាក់ គ្រាប់ធញ្ញជាតិ ម៉ូទ័រអគ្គសនី គ្រាប់ដូងប្រេង និងសាច់ដូងប្រេង។
ម៉ាឡេស៊ីឈរលំដាប់ទី១ ក្នុងចំណោមសមាជិកអាស៊ាន ដែលនាំចូលអង្ករកម្ពុជាច្រើនជាងគេ គឺសរុបចំនួន ៤០,៨៦១តោន ក្នុងឆ្នាំ២០១៨។
សម្រាប់វិស័យទេសចរណ៍វិញនៅឆ្នាំ២០១៦ ជនជាតិម៉ាឡេស៊ីមកកម្ពុជាមានចំនួន ១៥២,៨៤៣នាក់ ហើយកម្ពុជាទៅលេងម៉ាឡេស៊ី ៦១,៨៤៤ នាក់។ ឆ្នាំ២០១៧ ម៉ាឡេស៊ីមកកម្ពុជាមានចំនួន ១៧៩,៣១៦នាក់ កម្ពុជាទៅម៉ាឡេស៊ី មានចំនួន ៤២,០០៤នាក់។
នៅឆ្នាំ២០១៨ ម៉ាឡេស៊ីមកកម្ពុជា មានចំនួន ២០១,១១៦នាក់ កម្ពុជាទៅម៉ាឡេស៊ីមានចំនួន ៩០,១១៣នាក់។ សម្រាប់រយៈពេល៦ខែឆ្នាំ២០១៩នេះវិញ ម៉ាឡេស៊ីមកឡេងកម្ពុជា មានចំនួន ៩១,៩០៥នាក់ និងកម្ពុជាទៅម៉ាឡេស៊ី មានចំនួន៥១,០០៥នាក់៕