(ភ្នំពេញ)៖ ក្រុមកីឡាករយុវជនបាល់ទាត់សង្កាត់កំបូល ជាក្រុមខ្លាំង ដណ្តើមបានជើងឯក នៃពានរង្វាន់ជ័យលាភីចំណាត់ថ្នាក់លេខ១ «អាឃ្វ័ររៀស ខណ្ឌកំបូល» ក្នុងការប្រកួតបាល់ទាត់មិត្តភាព ប្រចាំឆ្នាំលើកទី១ របស់ខណ្ឌកំបូល នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅទីលានបាល់ទាត់ វេសស្ទើន ស្ថីតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងឱកាសបិទការប្រកួតនារសៀលនេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ថ្លែងថា នេះជាលើកទី១ ដែលខណ្ឌកំបូល បានរៀបចំកម្មវិធីប្រកួតបាល់ទាត់ «អាឃ្វ័ររៀស ខណ្ឌកំបូល» ប្រចាំឆ្នាំ២០១៩ ក្រោពីខណ្ឌមួយនេះ បានប្រកាសជាផ្លូវការ កាលពីប៉ុន្មានខែកន្លងមកនេះ ។
ការរៀបចំកម្មវិធីនេះ មិនសំដៅលើឈ្នះចាញ់ប៉ុន្មានទេ គឺក្នុងន័យប្រកួតមិត្តភាព សាមគ្កីភាពរវាងយុវជនពីសង្កាត់មួយទៅសង្កាត់មួយ និងជាការជំរុញដាស់តឿនដល់យុវជនគ្រប់រូប ឱ្យស្រលាញ់វិស័យកីឡា ដោយយកពេលវេលាទំនេរបន្តិចបន្ទួច ចូលរួមលេងកីឡាទាំងអស់គ្នា កាត់បន្ថយការដើរលេងផ្តេសផ្តាស់ ការប្រព្រឹទ្ធល្បែងពាលា ល្មើសច្បាប់សង្គម ពិសេសចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដែលនាំឱ្យបំផ្លាញលុយកាក់ ទ្រព្យសម្បត្តិ និងបំផ្លាញអនាគត់ខ្លួន។
លោកអភិបាលខណ្ឌ បញ្ជាក់ថា សព្វថ្ងៃនេះមានយុវជនច្រើន បានងាកមកលេងកីឡា ពិសេសបាល់ទាត់នេះឯង ដែលជាប្រភេទកីឡាកំពុងពេញនិយម ព្រោះកីឡានាំមកនូវសុខភាព កាយសម្បទាមាំមួន ប្រាជ្ញាស្មារតីវៀងវៃ និងសាមគ្គីភាព មិត្តភាព បង្កើតនូវវប្បធ៌មសន្តិភាព សហប្រតបត្តិការ ទាំងផ្ទៃក្នុង និងលើឆាកអន្តរជាតិ ដូចនេះហើយ ក្នុងនាមគណៈអភិបាលខណ្ឌ លោក បានបំផុសចលនានេះឡើង ដើម្បីឱ្យយុវជនទូទាំងខណ្ឌកំបូល ពង្រឹងស្មារតី ងាកមករកវិស័យកីឡាឱ្យបានគ្រប់គ្នា ឆ្ពោះទៅរកស៉ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣។
ក្នុងឱកាសបិទការប្រកួតនេះ ក្រុមលេខ១ ទទួលបានពាន១ ថវិកា១លាន ២សែនរៀល, ក្រុមលេខ២ ថវិកា៨០ម៉ឺនរៀល, ក្រុមទី៣ ថវិកា ៦០ម៉ឺបរៀល និង៤ក្រុមទៀតដែលមិនជាប់ចំណាត់ថ្នាក់ ទទួលបានថវិកា៤០ម៉ឺនរៀលស្មើគ្នាៗ៕