(ព្រះសីហនុ)៖ ក្នុងនាម លោក សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ លោក តឹករ៉េត សំរេច បានជួបសំណេះសំណាលជាមួយក្រុមការងារ គណបក្សប្រជាជនសង្កាត់លេខ១ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅស្នាក់ការគណបក្សខេត្តព្រះសីហនុ។
ក្នុងពិធីនោះ លោក តឹក រ៉េតសំរេច បានរំលឹកដល់ក្រុមការងារ និងមន្ត្រីមូលដ្ឋានទាំងអស់ ឱ្យខិតខំដោះស្រាយបញ្ហាជូនប្រជាជនឱ្យបានទាន់ពេលវេលា ដឹងសុខ និងទុក្ខរបស់ប្រជាជន កសាងជំនឿចិត្ត និងប្រែក្លាយខ្លួនជាបង្អែកកក់ក្តៅរបស់ពួកគាត់។
គម្រោងជួបសំណេះសំណាលនេះ នឹងធ្វើឡើងគ្រប់សង្កាត់ទាំងអស់ ដើម្បី៖
១៖ ស្វែងយល់ពីការលំបាក និង បញ្ហា ដែលត្រូវបន្តដោះស្រាយ ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន
២៖ ផ្សព្វផ្សាយសារលទ្ធផល នៃកិច្ចប្រជំគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា
ក្រុមការងារចុះជួយតាមសង្កាត់ទាំងពីរ រួមនឹងអាជ្ញាធរដែនដី បានលើកឡើងស្រដៀងគ្នាថា ទន្ទឹមនឹងការអភិវឌ្ឍគំហុកនេះ បញ្ហាប្រឈមជាច្រើនក៏បានកើតឡើងផងដែរ ដូចជាបញ្ហាបរិស្ថាន ការរៀបចំហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ សន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ ... ។ល។
លោក តឹក រ៉េតសំរេច បានបញ្ជាក់ថា បញ្ហាយើងកំពុងជួបប្រទះ យើងត្រូវរួមគ្នាបន្តដោះស្រាយតាមផែនការរយៈពេលវែង និងបន្តដោះស្រាយជាបន្ទាន់ នូវបញ្ហាជាក់ស្តែងចំពោះមុខ ដូចដែលលោក សាយ សំអាល់ បានដឹកនាំដោះស្រាយកន្លងមក តាមទស្សវិស័យ និងប្រសាសន៍ដឹកនាំ ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
១៖ ត្រូវបន្តស្តារអូរដើម្បី រំដោះជំនន់ទឹកភ្លៀង ហើយត្រូវយកចិត្តទុកដាក់ពិនិត្យសំណង់ របស់ប្រជាពលរដ្ឋដែលរស់នៅលើអូរនានា និងរកវិធានការសមស្រប ដោះស្រាយបញ្ហានេះ ឱ្យបានល្អ ។
២៖ ដោះស្រាយបញ្ហាទឹកស្អុយ នៅតាមអគារពាណិជ្ជកម្មត្រូវដាក់ម៉ាស៊ីនចម្រោះ ដោយឡែកតាមផ្ទះប្រជាពលរដ្ឋតម្រូវឱ្យបង្ហូរចូលក្នុងលូសាធារណៈ បញ្ជូនទៅអាងចម្រោះមុនបញ្ចេញទៅសមុទ្រ។
៣៖ កសាងផ្លូវឡើងវិញ ដោយត្រូវធ្វើជាផ្លូវបេតុងទាំងអស់ប្រកបដោយគុណភាពមានស្តង់ដារ ដើម្បីធានាការដឹកជញ្ជូនគ្រប់ប្រភេទ។ គម្រោងនេះ សម្តេចតេជោសែន បានសម្រេចផ្តល់២០០លានដុល្លា ដើម្បីស្តារហេដ្ឋារចបាសម្ព័ន្ធផ្លូវថ្នល់ នៅក្រុងព្រះសីហនុ និង ហេដ្ឋារចនាសម្ពន្ធចាំបាច់ សម្រាប់ ខេត្តព្រះសីហនុ។
៤៖ ចំពោះសំរាម នៅតាមភូមិដែលរថយន្តសម្រាមពិបាកចូលយក, លោក សាយ សំអាល់ នឹងផ្តល់ជូនម៉ូតូរឺម៉កដឹកសម្រាម ចេញពីភូមិ មកកាន់ ផ្លូវធំ ១ភូមិ ១គ្រឿងដើម្បីដឹកចេញមកចាក់នៅកន្លែងប្រមូលផ្តុំ។
លោកបានបន្ថែមទៀតថា ខេត្តព្រះសីហនុ មានសក្តានុពល ជាច្រើនសម្រាប់ការអភិវឌ្ឍជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋ ខេត្តព្រះសីហនុទាំងមូល ដូចជា មានឆ្នេរសមុទ្រ កោះ ជាគោលដៅទេសចរណ៍។ មានកំពង់ផែទឹកជ្រៅ ដែលទាក់ទាញដល់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និង មានអាកាសយានដ្ឋានអន្តជាតិ ជាច្រកទ្វារទៅកានពិភពខាងក្រៅ។ បន្ថែមពីលើនេះ ទំនាក់ទំនងល្អដែលកំពុងមានស្រាប់ជាមួយមិត្តចិន រួមទាំងគម្រោងកែលម្អទាំងឡាយ ដែលកំពុងគិតគូរដោយ ថ្នាក់ដឹកនាំបក្ស និង ប្រមុខរាជរដ្ឋាភិបាលនៅពេលនេះ នឹងធ្វើឱ្យខេត្តព្រះសីហនុ ក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចប្រកបដោយសក្តានុពល និងទំនើប នាពេលអនាគត៕