(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងជាថ្មីម្តងទៀតថា ដើម្បីសម្រួលការធ្វើដំណើរ និងកាត់បន្ថយរបាំងមិនចាំបាច់ជូន ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជា ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងមហាផ្ទៃ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា) ក្នុងការសម្រួលបែបបទនៃការធ្វើដំណើរមួយចំនួន។
តាមសេចក្តីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា ការសម្រួលបែបបទនៃការធ្វើដំណើរជូនភ្ញៀវទេសចរអន្តរជាតិមានដូចតទៅ៖
១៖ អំពីសាលាកបត្រចូល ចេញប្រទេស និងបែបបទស្នើសុំទិដ្ឋាការ
បែបបទនៃការបំពេញសាលាកបត្រចូល ចេញ និងស្នើសុំទិដ្ឋាការពេលមកដល់ត្រូវបានបញ្ចូលគ្នា តែមួយសន្លឹក ដោយមានជាភាសាខ្មែរ ចិន និងអង់គ្លេស ភ្ញៀវទេសចរបំពេញបែបបទចូលតែម្តងគត់ ហើយពេលត្រឡប់ចេញទៅវិញ មិនតម្រូវឲ្យបំពេញបែបបទទៀតទេ និងមិនត្រូវការរូបថតឡើយ ចំពោះពលរដ្ឋខ្មែរ ដែលធ្វើដំណើរចេញ និងចូលប្រទេសដែលកាន់លិខិតឆ្លងដែនអេឡេចត្រូនិចខ្មែរ (E-Passport) មិនតម្រូវឲ្យបំពេញបែបបទទេ។
២៖ អំពីបែបបទចូល ចេញតាមច្រកទ្វារព្រំដែនអន្តរជាតិ
* ភ្ញៀវទេសចរដែលបើកបរដោយខ្លួនឯង (Self Driving Tours) មានបំណងចូលមកទស្សនាក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន នាំចូលបណ្តោះអាសន្ន និងចេញទៅវិញតាមច្រកទ្វារព្រំដែនអន្តរជាតិនានាទូទាំងប្រទេស អាចបំពេញប្រតិវេទន៍គយសង្ខេប សម្រាប់មធ្យោបាយធ្វើដំណើរចូល-ចេញបណ្តោះអាសន្នរបស់ភ្ញៀវទេសចរ (Summary declaration form for temporary entry-exit of conveyance of tourists) ជាមួយមន្រ្តីគយច្រកទ្វារតែម្តង។
* ភ្ញៀវទេសចរមិនចាំបាច់បង់ប្រាក់និមុត្តិធានា (Deposit) និងថ្លៃធានារ៉ាប់រងឡើយ។
* ភ្ញៀវទេសចរអាចចូលគេហ៍ទំព័រ WWW.Customs.gov.kh ដើម្បីទទួលយកព័ត៌មានលម្អិតបន្ថែមទៀត៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍៖