(សៀមរាប)៖ ដោយបានការឧបត្ថម្ភ គាំទ្រ និងអញ្ជើញចូលរួមជាកិត្តយសដោយផ្ទាល់ពី លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្រុមបាល់ទាត់សេនាយុត្តិធម៌ បានចូលរួមការប្រកួតបាល់ទាត់ ជាលក្ខណៈមិត្តភាពជាមួយក្រុមកីឡាករ បាល់ទាត់សាលាដំបូង និងអយ្យការខេត្តសៀមរាប។ ការប្រកួតនេះបានធ្វើឡើង នារសៀល ថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។
មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមសេនាយុត្តិធម៌ បានថ្លែងថា ការប្រកួតនេះ បានធ្វើឡើងក្នុងគោលបំណង ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងក្រុមសេនាយុត្តិធម៌ និងមន្ត្រីរាជការនៃសាលាដំបូង និងអយ្យការខេត្តសៀមរាប ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់លោក ជឺ សុខ ប្រធានសាលាដំបូងខេត្តសៀមរាប នឹងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការខេត្តសៀមរាប ។
លោកថ្លែងថា ក្រៅពីការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពនេះ ក្រុមសេនាយុត្តិធម៌ បានចុះទស្សនៈកិច្ចសិក្សានៅមជ្ឍមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន.៣១៧ ដោយនាំយកទៅជាមួយនូវ គ្រឿងឧបភោគ បរិភោគព្រមទាំងថវិកាមួយចំនួនផងដែរ។ លើសពីនេះទៀត ក្រុមក៏បានបន្តដំណើរទៅកាន់សាលាបឋមសិក្សាកន្ទូរ ភូមិសន្ទៃ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាបដើម្បីចែកសម្ភារសិក្សានឹងថវិកាមួយចំនួនជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដែលកំពុងសិក្សានៅទីនោះ។
មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានកត់សម្គាល់បន្ថែមថា ក្រុមបាល់ទាត់សេនាយុត្តិធម៌ ជាក្រុមកីឡាករដែលស្ថិតក្នុងវិស័យយុត្តិធម៌ រួមមាន៖ សមាជិកនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម មន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ប្រធាន អនុប្រធាន ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ក្រឡាបញ្ជី និងមេធាវីផងដែរ។
គួររំលឹកផងដែរថា ក្រុមសេនាយុត្តិធម៌នេះ ក៏ធ្លាប់បានចូលរួមប្រកួតជាមិត្តភាពមួយក្រុមបាល់ទាត់ របស់សាលាដំបូងខេត្តនានា នៅប្រទេសកម្ពុជា និងនៅបរទេសជាច្រើនដងរួចហើយផងដែរ៕