(ភ្នំពេញ)៖ បើតាមលោក ឈឹម សៅគី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទបានជំរុញ និងគាំទ្រការបង្កើតឲ្យមានកម្មវិធីសិក្សាជំនាញសុខភាពសហគមន៍ និងជំនាញអភិវឌ្ឍន៍ជនបទ សម្រាប់ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់ និស្សិត មន្ត្រីរាជការ និងយុវជនកម្ពុជា ព្រោះពិតជាបានជួយអភិវឌ្ឍន៍ធនធានមនុស្សពិតប្រាកដ និងធ្វើឲ្យប្រទេសជាតិកាន់តែមានការរីកចម្រើន។
ដើម្បីសម្រួលមធ្យោបាយដល់និស្សិត យុវជន ដែលចង់សិក្សាជំនាញខាងលើនេះ សាកលវិទ្យាល័យអន្តរជាតិ (IU) និងសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា បានបញ្ជាក់ថា នឹងចូលរួមជួយសម្រួលមធ្យោបាយគ្រប់យ៉ាងដល់អ្នកចង់សិក្សាគ្រប់គ្នាផងដែរ។
ក្នុងពិធីប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត ជំនាញសុខភាពសហគមន៍ និងជំនាញអភិវឌ្ឍន៍ជនបទ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅទីស្នាក់ការសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា លោក ឈឹម សៅគី បានថ្លែងថា កិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អរវាងសាកលវិទ្យាល័យអន្តរជាតិ (IU) និងក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការបង្កើតឲ្យមាន ជំនាញសុខភាពសហគមន៍ និងជំនាញអភិវឌ្ឍន៍ជនបទ សម្រាប់ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិត មន្ត្រីរាជការ និងយុវជនកម្ពុជា។
ក្នុងឱកាសនោះ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ បានបញ្ជាក់ថា បុគ្គលិកក្នុងវិស័យឯកជន អង្គកាសង្គមស៊ីវិល និងមន្ត្រីរាជការ ដែលពុំមានសញ្ញាបត្រ និងបរិញ្ញាបត្រ ចាប់ពីពេលនេះតទៅ អាចចូលរៀនថ្នាក់អនុបណ្ឌិតបានលើជំនាញសុខភាពសហគមន៍ និងជំនាញអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យអន្តរជាតិ (IU)។ ដោយតម្រូវឲ្យមានការដាក់ពាក្យស្នើសុំរៀនអាហារូបករណ៍ ថ្នាក់អនុបណ្ឌិតនេះ ដោយត្រូវទំនាក់ទំនងជាមួយនឹងសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា។
លោកបញ្ជាក់បន្ថែមថា លក្ខខណ្ឌនៃការចូលរៀនយករូបករណ៍ ថ្នាក់អនុបណ្ឌិតនេះ បុគ្គលិកផ្នែកឯកជន អង្គការសង្គមស៊ីវិល ឬក៏មន្ត្រីរាជការរបស់រដ្ឋ ចាំបាច់ត្រូវមាន បទពិសោធន៍រយៈពេលយ៉ាងតិច ៥ឆ្នាំ លើការងារដែលខ្លួនកំពុងធ្វើបច្ចុប្បន្ន ហើយការសិក្សាអាចជ្រើសរើសយកបាន គឺសិក្សាពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៥៖៣០ព្រឹក ដល់ម៉ោង ៨៖៣០យប់ នឹងសិក្សាថ្ងៃសៅរ៍ អាទិត្យពេញម៉ោង។
ចំណែកលោក ឡី សុភាព សមាជិកក្រុមប្រឹក្សារាជធានី និងជាប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា បានឲ្យដឹងដែរថា «នេះជាលើកដំបូងហើយដែលរាជរដ្ឋាភិបាល បានផ្ដល់ភ្លើងខៀវ សម្រាប់វិស័យឯកជន អង្គការ សង្គមស៊ីវិល និងមន្ត្រីរាជការ ដែលពុំមានសញ្ញាបត្របាក់ឌុប ឬបរិញ្ញាបត្រ ប៉ុន្តែមានបទពិសោធន៍នៅក្នុងការងារ មិនតិចជាង៥ ឆ្នាំ អាចស្នើសុំចូលរៀន អាហារូបករណ៍ថ្នាក់អនុបណ្ឌិតនេះបាន ពីសាកលវិទ្យាល័យអន្តរជាតិ»។
លោក ឡី សុភាព បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្ដល់ឱ្យសាកលវិទ្យាល័យអន្តរជាតិ សហការជាមួយនឹងក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ក្នុងការរៀបចំផ្ដល់អាហារូបករណ៍ ថ្នាក់អនុបណ្ឌិតជំនាញសុខភាពសហគមន៍ និងជំនាញអភិវឌ្ឍន៍ជនបទ ជូនដល់វិស័យឯកជន អង្គការសង្គមស៊ីវិល និងមន្ត្រីរាជការសាធារណៈរបស់រដ្ឋ៕