Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

News Update: ក្រុមក្មេងទំនើងដេញកាប់គ្នាយ៉ាងអនាធិបតេយ្យបណ្តាលឲ្យស្លាប់ម្នាក់ នៅក្រោយផ្សារកាណាស៊ីធី ខណ្ឌពោធិ៍សែនជ័យ នៅពេលនេះជនដៃដល់ និងបក្ខពួក៣នាក់ ត្រូវចាប់ខ្លួន (Video inside)

01-09-2019 17:07

(ភ្នំពេញ)៖ ក្រុមជនអន្ធពាលដែលចាក់បណ្ដាលឲ្យយុវជនម្នាក់ បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាមនោះ ខណៈដែលពួកគេកំពុងបណ្ដើរម៉ូតូពីរគ្រឿង មានគ្នាចំនួន ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ប្រើពេល២ម៉ោងប៉ុណ្ណោះ បំបែកសុំរឿងចាប់ខ្លួន ក្រុមជនដៃដល់បានភ្លាមៗចំនួន៣នាក់ ក្នុងនោះមានស្រីម្នាក់ផងដែរ។

ការបើកប្រតិបត្ដិការខាងលើនេះ ដឹកនាំបញ្ជាស្រាវជ្រាវដោយផ្ទាល់ ពីលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី៣១ ខែសីហាឆ្នាំ ២០១៩ នៅចំណុចភូមិចោមចៅ២ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅលើផ្លូវបេតុងក្រោយផ្សារកាណាស៉ីធី។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងនៅថ្ងៃទី០១ ខែកញ្ញានេះថា ជនសង្ស័យទាំង៣នាក់ រួមមាន៖

*ទី១៖ ឈ្មោះ ឃឹម សុផល ហៅ ខាំ ងុយអាយុ៣៨ឆ្នាំ មុខរបរអ្នករើសអេតចាយ ស្នាក់នៅភូមិចោមចៅ២ សង្កាត់ចោមចៅ២
*ទី២៖ ឈ្មោះ លត សារិទ្ធ ហៅតុញ អាយុ៣៩ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ១ ស្រុកកំណើតភូមិណងស្រែ ឃុំតាភេន ស្រុកត្រាំកក់ ខេត្តតាកែវ
*ទី៣៖ឈ្មោះ ចាប នាង ភេទស្រីអាយុ៥៥ឆ្នាំ ស្នាក់នៅភូមិព្រៃល្វារ សង្កាត់ចោមចៅ២ និងដកហូតវត្ថុតាងកូនកាំបិតមួយដើម។

ចំណែកឯសពជនរងគ្រោះមានឈ្មោះ យឿន ជឿន អាយុ២៣ឆ្នាំ មុខរបរកម្មករលើកអីវ៉ាន់ និងមានស្រុកកំណើតនៅ ភូមិក្រាំងព្រៃផ្ដៅ ឃុំក្រាំងតាយ៉ងស្រុកពាមជរ ខេត្តព្រៃវែង។

សូមរំលឹកថា នៅយប់ថ្ងៃទី៣១ ខែសីហា នៅចំណុចភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ នៅលើផ្លូវបេតុង ក្រោយផ្សារកាណាស៉ីធី មានករណីក្រុមក្មេងទំនើងដេញកាប់គ្នា បណ្តាលឲ្យយុវជនម្នាក់ស្លាប់ (មិនស្គាល់អត្តសញ្ញាណ) នៅក្នុងថ្លុកឈាមមួយរំពេចតែម្តង។

យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានស្រង់សម្តីប្រជាពលរដ្ឋថា មុនពេលកើតហេតុគេឃើញមាន ក្រុមជនរងគ្រោះមាបគ្នា ៤នាក់បណ្តើម៉ូតូ២គ្រឿង ក្នុងទិសដៅពីត្បូងទៅជើង។ ខណៈមកដល់កន្លែងកើតហេតុ ភាគីជនរងគ្រោះក៏បាន ត្រូវគេស្រែកជេរ និងដេញចាក់បណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

សេចក្តីរាយការណ៍ដដែល បានឲ្យដឹងទៀតថា ក្រោយកើតហេតុនេះ ជនបង្កទាំងសងខាង បានរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ខណៈពេលយប់មិញនោះផងដែរ សមត្ថកិច្ចបានទៅកាន់កន្លែងកើតហេតុ និងយកខ្សែរហ៊ុព័ទ្ធកន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ៕