(ភ្នំពេញ)៖ លោក ពិន សំខុន អតីតប្រធានវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា បានរិះគន់ធ្ងន់ៗថា លោក សម រង្ស៉ី មេចលនាប្រឆាំងក្រៅច្បាប់ មិនមានសមត្ថភាពប្រមូលអ្នកគាំទ្រ បាន១លាននាក់ ដូចអ្វីដែលទណ្ឌិតរូបនេះប្រកាសឡើង។ តាមការប៉ាន់ស្មានរបស់លោក ពិន សំខុន គឺលោក សម រង្ស៉ី អាចប្រមូលមនុស្សទៅស្វាគមន៍លោក ត្រឹមតែ២ពាន់ ទៅ៣ពាន់នាក់តែប៉ុណ្ណោះ បើសិនជាហ៊ានត្រឡប់មកកម្ពុជា នៅអំឡុងខែវិច្ឆិកាខាងមុខនេះ។
ថ្លែងក្នុងបទសម្ភាសមួយជាមួយកាសែតអនឡាញ The Cambodia Daily លោក ពិន សំខុន អតីតប្រធានវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា បានប្រដៅ លោក សម រង្ស៉ី កុំឱ្យជ្រើសរើសយកវិធីផ្តួលរំលំរាជរដ្ឋាភិបាល តាមរបៀបក្រៅការបោះឆ្នោតផ្ទុយពីប្រជាធិបតេយ្យ។
លោក ពិន សំខុន អតីតប្រធានវិទ្យុអាស៊ីសេរី បានអះអាងយ៉ាងដូច្នេះថា៖ «លោក រង្ស៉ី កុំទៅធ្វើតាមរបៀបហ្នឹងអី ! ធ្វើរបៀបនេះមិនបានផលល្អទេ ប្រជាពលរដ្ឋត្រូវការជឿឃើញថា តើត្រូវទៅយកអំណាចយ៉ាងម៉េច មនុស្សប៉ុន្មាននាក់ ខ្ញុំថាឱ្យ សម រង្ស៉ី មាន២ពាន់នាក់ ទៅ៣ពាន់នាក់ តើទៅទប់យ៉ាងម៉េចជាប់ បើចង់បាន១លាននាក់ទាល់តែ២០ដងពីលើនេះ បានៗ»។
បើតាមអ្នកជំនាញរូបនេះ គឺស្ថិតនៅក្នុងស្ថានភាពនេះលោក សម រង្ស៉ី មានវិធីតែមួយគត់ គឺការបង្រួបបង្រួមអតីតគណបក្សរបស់លោកឡើងវិញ ដោយត្រូវតែបង្រួបបង្រួមជាមួយអ្នក កឹម សុខា និយម ប៉ុន្តែមេដឹកនាំប្រឆាំងនេះ មិនដែលគិតអំពីការបង្រួបបង្រួមជាមួយលោក កឹម សុខា ទេ។
លោក ពិន សុខុន បញ្ជាក់ដូច្នេះថា៖ «ដើម្បីទៅហ្នឹងកើត លោក រង្ស៉ី គេចាំឱ្យតែធ្វើមេទេ ព្រោះលោក សុខា នៅក្នុងការឃុំឃាំង គេត្រូវការលោក រង្ស៉ី ជាអ្នកលើកទង់ជ័យបក្សប្រឆាំង ប៉ុន្តែលោក រង្ស៉ី អត់ត្រូវធ្វើដំណើរការមួយដែលបំបែកគណបក្សរបស់ខ្លួន ហើយទៅប្រាប់ថា ខ្ញុំជាអ្នករួបរួមជាតិ បើដឹងថាបែកហើយម៉េចមិនបង្រួមមកវិញ គឺគាត់មិនដែលគិតអំពីការបង្រួមអ្វីទេ អាហ្នឹងហើយ ដែលខ្ញុំយល់ថា យើងតាមដាន»។
លោក ពិន សំខុន បានបន្តថា «លោក រង្ស៉ី គាត់បានបំបែកខ្ទេចគណបក្សសង្រ្គោះជាតិ គឺបំបែកអស់ទៅហើយ តែមនុស្សមួយចំនួនយល់ថា សម រង្ស៉ី ដើរប្រមូលមនុស្សទៅរំដោះជាតិ។ ខ្ញុំយល់ថា ការទៅរំដោះជាតិរបស់ លោក រង្ស៉ី មិនបានធ្វើឱ្យគេជឿទេ មនុស្សនៅជាមួយគាត់ជឿគាត់ ប៉ុន្តែគាត់ថាទៅចាប់ ហ៊ុន សែន។ យី ! ខ្ញុំចង់ទៅជាមួយណាស់ បើថាទៅចាប់ ហ៊ុន សែន អញ្ចឹង ! ចាប់របៀបម៉េច ក្រែងលគាត់មានសិល៍អ្វីទៅចាប់ ប៉ុន្តែគ្មានគម្រោងគ្មានអ្វីទាំងអស់ គណបក្សហ្នឹងមិនដែលមានគម្រោងអ្វីទាំងអស់ ហើយគណបក្សនេះ មិនដែលមានគម្រោងអ្វីដើម្បីដោះស្រាយបញ្ហាជាតិទេ កន្លងទៅខ្ញុំគាំទ្រលោក សម រង្ស៉ី ហ្នឹងច្រើន ប៉ុន្តែឥឡូវខ្ញុំបន្ថយ ដោយសារតែវាគ្រោះថ្នាក់ខ្លាំងពេក»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ បន្ទាប់ពីប្រកាសថា លោកនឹងត្រឡប់មកកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សម រង្ស៉ី បានអួតថា ការវិលត្រឡប់របស់លោក នឹងមានប្រជាពលរដ្ឋទៅស្វាគមន៍១លាននាក់ ហើយទណ្ឌិតរូបនេះ បានបបួលសម្តេចតេជោ ហ៊ុន សែន ភ្នាល់គ្នា។
ទោះជាយ៉ាងនេះក្តី ថ្លែងក្នុងកិច្ចសម្ភាសន៍ថ្មីមួយទៀតជាមួយ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩, សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបបួលភ្នាល់របស់ទណ្ឌិត សម រង្ស៉ី ថាជាទង្វើគួរឲ្យអស់សំណើច និងមានចេតនា ចង់គេចចេញពីការអនុវត្តច្បាប់ របស់សមត្ថកិច្ចកម្ពុជា។ សម្តេចបានបញ្ជាក់ថា ទោះបី សម រង្ស៊ី ហ៊ានភ្នាល់ ឬមិនហ៊ានភ្នាល់ មិនសំខាន់ទេ, សមត្ថកិច្ចត្រៀមចាប់អ្នកឯងបញ្ចូលគុក បើហ៊ានចូលកម្ពុជា។
លោក សម រង្ស៉ី ត្រូវបានតុលាការកាត់ទោសជាច្រើនករណី ព្រមទាំងបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនទណ្ឌិតរូបនេះមកផ្តន្ទាទោសទៅតាមច្បាប់។ លោកត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ៥ ឆ្នាំ ពាក់ព័ន្ធនឹងករណីក្លែងឯកសារព្រំដែន ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ១ឆ្នាំ៨ខែ ចំពោះករណីបរិហារកេរ្តិ៍ និងញុះញង់ចោទប្រកាន់ដោយគ្មានមូលដ្ឋានលើ សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងឃាតកម្មលើ លោក កែម ឡី។ កាត់ទោសឱ្យជាប់ពន្ធនាគារ៨ឆ្នាំ លើករណីញុះញង់ឱ្យកងទ័ព កុំស្តាប់បញ្ជារាជរដ្ឋាភិបាលស្របច្បាប់ និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ រួមទាំងករណីផ្សេងៗជាច្រើនទៀត៕