(ភ្នំពេញ)៖ កម្មវិធីថ្មី PRiTS បាន និងកំពុងក្លាយជាកម្មវិធីពិសេសមួយ សម្រាប់សាលាឯកជនមួយចំនួន។ កម្មវិធីនេះ បានជួយឱ្យសិស្សានុសិស្ស កាន់តែមានគំនិតច្នៃប្រឌិតឡើយ។ នេះបើតាមការអះអាងរបស់អ្នកជំនាញ។
លោកស្រី គៀត ស៉ីនេត ប្រធានកម្មវិធី PRiTS និងទំនាក់ទំនងអន្តរជាតិ បានថ្លែងថា PRiTS ជាកម្មវិធីសិក្សាបន្ថែមថ្មី ដែលផ្តោតលើការពង្រីកចំណេះដឹង ផ្នែកប្រាជ្ញារបស់កុមារ ដែលមានកម្រិតអាយុចាប់ពី៧ឆ្នាំ ដល់១២ឆ្នាំ ក្នុងការបង្កើតគំនិតច្នៃប្រឌិត ការបង្កើតចំណេះដឹង លើការវិភាគស្ថានការណ៍ ការអភិវឌ្ឍភាពឆ្លាតវៃ និងចំណេះដឹង ជំនាញថ្មីៗតាមបំណិនជីវិត សតវត្សទី២១។
លោកស្រី គៀត ស៉ីនេត ថ្លែងបែបនេះក្នុងពិធីចែកវិញ្ញាបនបត្រ ដល់សិក្សានុសិស្សរបស់ខ្លួន នៅវេសឡាញ សាខាសន្ធរមុខ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ក្រោយពីពួកគេបានបញ្ចប់ការសិក្សាវគ្គពិសេស នៃកម្មវិធី PRiTS ឬជាភាសាអង់គ្លេសថា PRiTS Summer Course។
លោកស្រីបន្តថា PRiTS Summer Course ត្រូវបានបើកឱ្យសិក្សាចាប់ពីថ្ងៃទី០១ ខៃសីហា និងបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ក្នុងនោះមានសរុប ៦០ម៉ោងសិក្សា ដែលមានសិស្សានុសិស្សសរុប ៦២នាក់។
នេះគឺជាកម្មវិធីមួយ របស់ក្រុមហ៊ុន Genius Brain ដែលត្រូវបានបង្កើតឡើង តាំងពីឆ្នាំ២០០៤ មកម្លេះ។ វាត្រូវបានចែកចាយ ទៅតាមបណ្តាប្រទេសមួយចំនួន ដូចជា ម៉ាឡេស៉ី សិង្ហបុរី អូមែន (OMAN) បារៀន (Bahrain) ចក្រភពអង់គ្លេស ព្រុយណេ អាហ្វ្រិក និងប្រទេសកម្ពុជា។
លោកស្រី គៀត ស៉ីនេត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វាក៏បានរួមចំណែក ក្នុងការលើកកម្ពស់ការយល់ដឹងបន្ថែម លើជំនាញសហគ្រិនភាព គន្លឹះក្នុងការដោះស្រាយបញ្ហា ការចេះគ្រប់គ្រង និងមានទំនុកចិត្តខ្លួនឯង បង្កើនការប្រាស្រ័យទាក់ទងទៅវិញទៅមក និងបង្កើនភាពក្លាហាន ធ្វើឱ្យការសិក្សាកាន់តែប្រសើរ ចេះបង្កើតគំនិតថ្មីៗ បង្កើនការជឿជាក់លើខ្លួនឯង ពេញចិត្តនូវអ្វីដែលខ្លួនធ្វើ បង្កើនការគោរពស្រឡាញ់ពីអ្នកដទៃ មានភាពលេចធ្លោ ក្លាយខ្លួនជាអ្នកបង្កើតគំនិតថ្មីៗ ចេះបង្កើតឱកាស និងបង្កើតភាពជាអ្នកដឹកផងដែរ»។
ជាមួយគ្នានេះ លោក ប៉ិច បូឡែន ប្រធានក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានថ្លែងជំរុញដល់អាណាព្យាបាល ឱ្យជួយផ្តល់លទ្ធភាពឱ្យកូនៗរបស់ខ្លួន បន្តការរៀនសូត្រលើកម្មវិធី PRiTS នេះបន្ថែមទៀត។
លោកបានថ្លែងអំណរគុណ ដល់អាណាព្យាបាល ដែលបានចំណាយពេលវេលា ក្នុងការចូលរួមចែកវិញ្ញាបនបត្រនេះ និងអបអរសាទរ ដល់សិស្សានុសិស្ស ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ។ លោកសង្ឈឹមថា ពួកគេនឹងចែករំលែកចំណេះដឹង ដល់សិស្សានុសិស្សផ្សេងទៀត គ្រួសារ មិត្តភក្តិ និងខិតខំប្រឹងប្រែងរៀនសូត្រផងដែរ។
សូមបញ្ជាក់ថា PRiTS ត្រូវបានទទួលសិទ្ធិផ្តាច់មុខ ក្នុងការប្រើប្រាស់ និងការចែកចាយបន្តនៅទូទាំងប្រទេសកម្ពុជា ដោយក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨មកម្លេះ។ សម្រាប់បច្ចេកវិទ្យាសិក្សា សតវត្សទី២១ កម្មវិធីនេះ ក៏បានដាក់បញ្ចូលនូវសម្ភារសិក្សា ដែលធ្វើឱ្យសិស្សងាយយល់ តាមរយៈការបង្ហាញជាការបញ្ចាំរូបភាពច្បាស់ៗ ការលើកឧទាហរណ៍ និងអនុវត្តន៍លំហាត់ជាក់ស្តែង និងផ្តោតទៅលើការសិក្សា បែបសិក្សាមជ្ឈមណ្ឌល ដើម្បីឱ្យសិស្សមានជំនាញ ក្នុងការធ្វើការងារជាក្រុម ការចេះសហការគ្នា និងការបង្កើតលំហាត់ IQ ដោយខ្លួនឯងផងដែរ៕