(ប៉ូឡូញ)៖ ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier បានសុំការអភ័យទោសពី ប្រទេសប៉ូឡូញ កំឡុងពិធីមួយរៀបចំឡើងក្នុងទីក្រុង Wielun ជាទីដែលសង្រ្គាមលោកលើកទី២ ផ្ទុះឡើងដំបូង កាលពីជាង៨០ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០១៩។
នៅក្នុងសុន្ទរកថាមួយ នៃពិធីរំលឹកខួបលើកទី៨០ នៃការចាប់ផ្ដើមសង្រ្គាមលោកលើកទី២ នៅឯ ទីក្រុង Wielun នៅថ្ងៃអាទិត្យនេះ លោក Steinmeier បានលើកឡើងដូច្នេះថា៖ «ខ្ញុំសុំអោនក្បាល គោរពជនរងគ្រោះនៃការវាយប្រហារលើទីក្រុង Wielun...ខ្ញុំសុំអោនក្បាលគោរពចំពោះជនរងគ្រោះ ប៉ូឡូញ ក្រោមរបបផ្ដាច់ការអាល្លឺម៉ង់នាសម័យនោះ...ហើយក៏ខ្ញុំសុំការអភ័យទោស ផងដែរ»។
គួរជម្រាបថា សង្រ្គាមលោកលើកទី២ បានផ្ទុះឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៣៩ ក្រោយ អាល្លឺម៉ង់ឈ្លានពានចូលទីក្រុង Wielun នៃប្រទេសប៉ូឡូញ ជាហេតុជំរុញឱ្យអង់គ្លេស និងបារាំង ប្រកាសសង្រ្គាមជាមួយអាល្លឺម៉ង់៕