(ភ្នំពេញ)៖ បច្ចុប្បន្ននេះប្រជាពលរដ្ឋ ក្នុងសាកលលោកតែងតែ ប្រឈមនឹងការកើតជំងឺផ្សេង ក្នុងនោះជំងឺបេះដូងជាជំងឺមួយមានកត្តាហានីភ័យ និងគ្រោះថ្នាក់បំផុតដល់អាយុជីវិត។ នៅប្រទេសកម្ពុជាប្រជាពលរដ្ឋ មានអត្រាច្រើនក្នុងការកើតជំងឺនេះ។
ដើម្បីបញ្ជៀសកុំឲ្យមានជំងឺបេះដូង ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសថៃ បានសហការជាមួយមន្ទីរពេទ្យរ៉ូយ៉ាលភ្នំពេញ រៀបចំសិក្ខាសាលាមួយបង្ហាញពី កត្តាហានីភ័យ និងវិធីសាស្រ្ដទប់ស្កាត់កុំឲ្យកើតជំងឺបេះដូង។
លោកវេជ្ជបណ្ឌិត Kriengkrai Hengrussamee វេជ្ជបណ្ឌិតជំនាញផ្នែកបេះដូងឲ្យដឹងថា ដើម្បីការពារកុំឲ្យកើតជំងឺបេះដូងប្រជាពលរដ្ឋត្រូវ៖
១៖ រក្សាទម្ងន់ខ្លួនឲ្យបានល្អ មិនធាត់ពេក មិនស្គមពេក។
២៖ កុំជក់បារី បើសិនអ្នកកំពុងតែជក់បារី សូមបញ្ឈប់ជាបន្ទាន់ ហើយសម្រាប់អ្នកមិនចេះជក់បារី សូមកុំជក់បារីឲ្យសោះ។
៣៖ របបអាហារ កុំញាំអាហារបំលែងមិនថាភេសជ្ជៈ ឬអាហារផ្សេងអ្នកទាំងអស់គ្នា គួរបរិភោគអាហាស្រស់ៗ បន្លែស្រស់ បើទឹកផ្លែឈើគួរជ្រើសទឹកផ្លែឈើកិនស្រស់ៗដូចគ្នា។
៤៖ កាត់បន្ថយឲ្យបានការបរិភោគ អាហារមានជាតិប្រៃខ្លាំង។
៥៖ ហាត់ប្រាណជារៀងរាល់ថ្ងៃ ហាត់ដោយដើរក្នុងល្បឿនលឿនបន្ដិច យ៉ាងតិច៦០នាទីក្នុង១ថ្ងៃ។
លោកវេជ្ជបណ្ឌិតបន្ដថា កត្តាទាំងអស់នេះនឹងជួយមិនឲ្យអ្នកកើតជំងឺបេះដូង និងធ្វើឲ្យបេះដូងមានសុខភាពល្អ។ លោកបន្ដថា ជំងឺបេះដូងជាជំងឺធំៗ ក្នុងចំណោមជំងឺបីយ៉ាង ដែលបណ្ដាលឲ្យអត្រាទទួលមរណភាពមានច្រើន ដែលមានរហូតដល់២៧នាក់ ក្នុងចំណោមមួយរយពាន់នាក់ ប៉ុន្ដែបច្ចុប្បន្ននេះស្ថិតិបានថយចុះខ្លះហើយ។
លោកវេជ្ជបណ្ឌិត Kittinut Kaisadapaka ជំនាញជំងឺបេះដូងឲ្យដឹងថា កត្តាដែលឲ្យបង្ហាញថា អ្នកកំពុងកើតជំងឺបេះដូងរួមមាន៖ ប្រសិនបើអ្នកធ្វើអ្វីមួយ ឆាប់ហត់ខុសពីធម្មតា ខណៈពីមុនអ្នកធ្វើកិច្ចការនេះ ប៉ុន្ដែមិនហត់បែបនេះឡើយ, មានអារម្មណ៍ថា ហត់ទោះបីអង្គុយស្ញៀម ដោយមិនបានធ្វើអ្វី, អស់កំលាំងល្ហិតល្ហៃ, វិលមុខដោយមិនមានមូលហេតុ ចំណុចសំខាន់មួយទៀតនោះគឺ ឈឺចុងណែនក្នុងទ្រូង ឬមិនស្រួលក្នុងទ្រូងជាដើម។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ប្រសិនបើកត់សំគាល់ថា ខ្លួនកំពុងមានបញ្ហានេះសូមប្រញាប់ ទៅកាន់មន្ទីរពេទ្យ ពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់។ លោកបានបញ្ជាក់ថា ជំងឺបេះដូចច្រើនកើតមានចំពោះបុរស ដែលមានវ័យចាប់ពី៦០ឆ្នាំឡើងទៅ៕