(កំពង់ចាម)៖ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមជាមួយលោកស្រី ម៉ក់ ស៉ីថា និងសហការី នៅព្រឹកថ្ងៃ ទី០១ ខែកញ្ញា ឆ្នាំ២០១៩ បានឆ្លៀតយកពេលឈប់សម្រាកចុងសប្តាហ៍ អញ្ជើញចុះទៅមូលដ្ឋាន ដើម្បីធ្វើការសាកសួរសុខទុក្ខ តាមដានការអនុវត្តកម្មវិធីគោនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅក្នុងបរិវេណវត្តពោធិវង្ស (ហៅវត្តត្រពាំងកក់) ក្នុងភូមិពោធិ ឃុំសំពងជ័យ ស្រុកជើងព្រៃ។
ក្នងឱកាសនោះ លោក វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ដែលសម្តេចតែងតែគិតគូពីសុខទុក្ខ បញ្ហាជីវភាពប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីសម្តេចមិនបានអញ្ជើញ ទៅជួបសំណេះសំណាលដោយផ្ទាល់ ប៉ុន្តែទឹកចិត្តគោរព ស្រឡាញ់ និងបេះដូងរបស់សម្តេច គឺស្ថិតនៅជាប់ពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាល:ទេស:។
ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ លោកបានជម្រាបជូនប្រជាពលរដ្ឋ អំពីដំណើរការវិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិជាបន្តបន្ទាប់ ដោយចាប់ផ្តើមតាំងពីក្រោយថ្ងៃរំដោះ ៧មករា ប្រទេសជាតិត្រូវបានបំផ្លាញ ស្ទើរតែទាំងស្រុងដោយសារសង្គ្រាមស៉ីវិលរ៉ាំរ៉ៃ ក្រីក្រ អសន្តិសុខស្បៀង អស្ថិរភាពសង្គម។ល។
លោក វេង សាខុន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍជាបណ្តើរៗសមស្របតាមកំណើនសេដ្ឋកិច្ច កំណើនប្រជាជន និងសេចក្តីត្រូវការចាំបាច់ នៃហេដ្ឋារចនាគាំទ្រសំខាន់ៗ សម្រាប់បម្រើឲ្យការអនុវត្ត កម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលតម្រូវឲ្យគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ ថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានយកចិត្តទុកដាក់ អនុវត្តគោលនយោបាយ និងក្របខណ្ឌកំណែទម្រង់គ្រប់វិស័យឲ្យកាន់ តែស៉ីជម្រៅ និងមានប្រសិទ្ធភាព ស្របតាមអភិក្រម "ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
លោកបានបន្តថា យល់ច្បាស់ពីសេចក្តីត្រូវការ នៃការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រគ្រប់បែបយ៉ាង សម្រាប់ធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ រាជរដ្ឋាភិបាលបានរិះរកគ្រប់មធ្យោបាយកសាង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ជាក់ស្តែងការកសាងស្ពាន ផ្លូវគមនាគមន៍ កំពង់ផែរទឹកជ្រៅ និងព្រលាន យន្តហោះអន្តរជាតិ។ល។ ផែនការអភិវឌ្ឍទាំងអស់នេះ គឺដើម្បីគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ឲ្យសម្រេចបានជោគជ័យ។
ដូច្នេះដើម្បីឈានទៅសម្រេចកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នេះឲ្យទទួលបានជោគជ័យ លោកប្រធានបានផ្តាំផ្ញើសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុក ឃុំ និងភូមិ អាជ្ញាធរមូលដ្ឋាន និងកងកំលាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ មេត្តាបន្តរក្សានូវភាពអត់ធ្មត់ និងរង់ចាំដោយភាពជឿជាក់ និងក្តីសង្ឃឹមលើការដឹកនាំរបស់រាជរដ្ឋាភិបាល ប្រកបដោយឆន្ទៈមុតមាំ ដោយតម្កល់ឧត្តមគតិស្នេហាជាតិ និងប្រជាជនជាធំ ថានឹងដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ វិបុលភាព សុភមង្គល និងការអភិវឌ្ឍតរៀងទៅ។
ព្រមជាមួយគ្នានេះ លោក វេង សាខុន បានសំណូមពរឲ្យប្រជាពលរដ្ឋ ចូលរួមសហការអនុវត្តទិសដៅការងារសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជាទាំង៦ ចំណុចដែលមានចែងក្នុងរបាយការណ៍ ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ និងជាពិសេសអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន។
ក្នុងពិធីសំណេះសំណាលនេះ ប្រជាពលរដ្ឋបានចោទសួរ សំណូមពរ និងសំណើដូចជាពូជស្រូវ ដី និងគ្រួសក្រហមដើម្បីជួសជុលកែលម្អផ្លូវលំ សំលៀកបំពាក់ប្រជាការពារ វិទ្យុទាក់ទង និងលូទឹក ហើយដើម្បីជួយចែករំលែក និងដោះស្រាយបញ្ហា។ ក្នុងការឆ្លើយតបលោកប្រធាន និងសហការីបានចូលរួម ជួយដោះស្រាយនូវរាល់សំណូមពរ ដែលប្រជាពលរដ្ឋបានស្នើសុំ៕