(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកព្រឹត្តិការណ៍ បាល់ទាត់ ដណ្ដើមពានរង្វាន់យុវជនខេត្តកំពង់ធំ ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ សិស្ស និស្សិត យុវជនស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា កាកបាទក្រហម កាយរិទ្ធិ កីឡាករ ប្រតិភូកីឡា មន្រ្តីរាជការជុំវិញ ខេត្ត និងថ្នាក់ដឹកនាំខេត្តប្រមាណ៤ពាន់នាក់។
ព្រឹត្តិការណ៍បាល់ទាត់ដណ្ដើមពានរង្វាន់ យុវជនខេត្តកំពង់ធំ ឆ្នាំ២០១៩ ត្រូវបានរៀបចំឡើង នៅពហុកីឡាដ្ឋានខេត្តកំពង់ធំ ស្ថិតនៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។
លោក យ៉ូវ សេងគុណ ប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់យុវជនខេត្តកំពង់ធំ និងជានាយករដ្ឋបាលសាលាខេត្តកំពង់ធំ បានធ្វើរបាយការណ៍ និងបញ្ជាក់ថា កីឡាករបាល់ទាត់ ដែលចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ ចំនួន២០ក្រុម មានសមាសភាពមកពីបណ្តាក្រុង ស្រុកទាំងអស់ទូទាំងខេត្ត គ្រឹះស្ថានសាធារណៈ និងវិស័យឯកជនជាដើម។ លោកបន្តថា រូបមន្តនៃការប្រកួត គឺអនុវត្តតាមប្រព័ន្ធវិលជុំ និងជំរុះ។ រីឯការប្រកួតសរុបទាំងអស់មានចំនួន ៤៨ប្រកួត ដោយបែងចែកជា៤ពូល និងមួយពូលមានចំនួន០៥ក្រុម ដែលតម្រូវឲ្យធ្វើការប្រកួតវិលជុំ និងជំរុះ ក្នុងមួយពូលជ្រើសរើសតែ ០២ក្រុមប៉ុណ្ណោះ ដើម្បីឈានទៅវគ្គបន្តបន្ទាប់ទៀត រហូតដល់វគ្គផ្តាច់ព្រ័ត។
លោក សុខ លូ បានថ្លែងថា ការបង្កើតឱ្យមានព្រឹត្តិការណ៍បនេះ គឺក្នុងគោលបំណង៖
១៖ ចង់ឲ្យយុវជន និងអ្នក ដែលស្រឡាញ់វិស័យកីឡា ចូលរួមលេងកីឡាឲ្យបានផុលផុស និងបង្កើនទឹកចិត្តយុវជន ចូលរួមលេងកីឡាដើម្បីសុខភាព បង្កើនមិត្តភាព ជៀសឆ្ងាយពីគ្រឿងញៀន។
២៖ ជួយឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ពិសេសយុវជនឱ្យមានសុខុមាលភាពល្អ មានកាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យថ្លៃថ្នូរ និងចេះធ្វើការងារជាក្រុម។
៣៖ លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកមានឧបនិស្ស័យ ដើម្បីជ្រើសរើសជាកីឡាករជម្រើសខេត្ត ចូលរួមហ្វឹកហាត់ ត្រៀមខ្លួនឆ្ពោះទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
៤៖ បង្កលក្ខណៈឱ្យយុវជនបានជួបគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់នៅជាមួយគ្នាក្នុងសង្គម ពិសេសបណ្តុះគំនិតឱ្យចេះស្រឡាញ់ជាតិ និងស្នេហាជាតិ។
នាឱកាសនេះដែរ លោកក៏បានផ្តាំផ្ញើដល់គណៈកម្មការរៀបចំការប្រកួត ប្រតិភូ គ្រូបង្វឹក និងកីឡាករទាំងអស់ ត្រូវគោរពបទបញ្ជានៃការប្រកួត ត្រូវយុត្តិធម៌ និងគោរពឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ ជាអាជ្ញាកណ្តាល ហើយកីឡាករត្រូវគោរពបទបញ្ជានៃការប្រកួត និងត្រូវគោរពគ្នាទៅវិញទៅមក និងត្រូវយកចិត្តទុកដាក់លើសុខសុវត្ថិភាព សន្តិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ឱ្យបានល្អ និងបង្កើនសាមគ្គីភាពរវាងក្រុម និងក្រុម ក៏ដូចជាប្រជាពលរដ្ឋទាំងមូល។
សូមបញ្ជាក់ថា ក្រោយពិធីបើកព្រឹត្តិការណ៍បាល់ទាត់នេះចប់ ក៏មានការប្រកួតបើកឆាករវាងក្លឹប LKS Fc និងក្លឹបកីឡាបាល់ទាត់យុវជនស្រុកសន្ទុក ដោយលទ្ធផល១ទល់០៕