(ភ្នំពេញ)៖ យោងតាមច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា នៅពេលអ្នកចង់បង្កើតអាជីវកម្ម ដើម្បីស្វែងរកប្រាក់ចំណេញ អ្នកត្រូវធ្វើការចុះបញ្ជីពាណិជ្ជកម្មលើអាជីវកម្មរបស់អ្នកនៅក្រសួងពាណិជ្ជកម្ម ។
តើហេតុអ្វីបានជារាជរដ្ឋាភិបាល តម្រូវអោយធ្វើការចុះបញ្ជីពាណិជ្ជកម្ម? ពីព្រោះការចុះបញ្ជីពាណិជ្ជកម្ម វាពិតជាមានសារៈសំខាន់ណាស់ ដើម្បីបង្ហាញថា អាជីវកម្មមួយជាអាជីវកម្មស្របច្បាប់ និងទទួលបាន ការការពារដោយច្បាប់នៅពេលមានជម្លោះ ឬក៏បញ្ហាណាមួយដែលកើតឡើងជាយថាហេតុ ។
ប៉ុន្តែការចុះបញ្ជីនេះទៀតសោត ទាមទារឱ្យមានការយល់ដឹងពី ផ្នែកហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ នៅក្នុងអាជីវកម្មនីមួយៗ ឬនិយាយឱ្យចំគឺ លំហូរសាច់ប្រាក់ នៅក្នុងអាជីវកម្មរបស់ខ្លួនថា អាចរកប្រាក់ចំណូល និងចំណេញបានប៉ុណ្ណាដែរ។
ដូច្នេះការចុះបញ្ជីពាណិជ្ជកម្មស្របទៅនឹងស្ថានភាពបច្ចុប្បន្ន គឺធ្វើឡើងដើម្បីធានាឱ្យបាននូវភាពស្របច្បាប់ រួមមានឈ្មោះក្រុមហ៊ុន ប្រភេទក្រុមហ៊ុនជា (ឯកកម្មសិទ្ធិ សហកម្មសិទ្ធិ ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនបរទេសជាដើម…) ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនអ្នក ។
បន្ទាប់ពីបានធ្វើការចុះបញ្ជីពាណិជ្ជកម្មរួចមក អាជីវកម្មរបស់អ្នកនឹងត្រូវទទួលបានលិខិតបញ្ជាក់ ព្រមទាំងទទួលបានការការពារទៀតផង ប្រសិនបើមានការចម្លងឈ្មោះ ឬផលិតផលជាដើម ។
ដូច្នេះ ដើម្បីឱ្យកាន់តែច្បាស់ ក្នុងសប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់ ដែលមានកិច្ចសហការរវាងអង្គភាព សារព័ត៌មាន Fresh News ជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទ «ការចុះបញ្ជីពាណិជ្ជកម្ម» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ដូចខាងក្រោម៖
យោងតាមប្រកាសលេខ ២១៣ ព.ណ ចបព.ប្រក ប្រការ១ របស់ក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពាណិជ្ជកម្ម គឺជាកាតព្វកិច្ចដែលពាណិជ្ជករ និងក្រុមហ៊ុនពាណិជ្ជកម្ម ដែលមានគ្រឹះស្ថាន សាខា ការិយាល័យ តំណាង បុត្រសម្ព័ន្ធ ឬទីភ្នាក់ងាររបស់ខ្លួន នៅព្រះរាជាណាចក្រកម្ពុជា ត្រូវចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម នៅក្នុងប្រព័ន្ធស្វ័យប្រវត្តិសម្រាប់ ចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មតាមរយៈគេហទំព័រៈ www.businessregistration.moc.gov.kh ។
ប៉ុន្ដែបើពុំអាចធ្វើការបំពេញព័ត៌មាន និងបញ្ចូលលក្ខខណ្ឌតម្រូវក្នុង ប្រព័ន្ធស្វ័យប្រវត្តិបានដោយខ្លួនឯងនោះទេ ត្រូវមក ក្រសួងពាណិជ្ជកម្មដើម្បីស្នើសុំឱ្យមន្ដ្រីចុះបញ្ជីបំពេញជំនួសបាន (ប្រការ២ នៃប្រកាសដដែល) ។
ចំណែកឯ លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្ម អ្នកត្រូវបំពេញនូវសំណុំឯកសារ តាមបែបបទដែលក្រសួងបានកំណត់ ហើយបន្ទាប់ពីបំពេញរួចរាល់ អ្នកត្រូវបង់ថ្លៃសេវាក្នុងការសិក្សាសំណុំឯកសារចុះបញ្ជី ។
នៅពេលដែលការចុះបញ្ជីពាណិជ្ជកម្ម បានសម្រេចអ្នកនឹងទទួលបាន លិខិតបញ្ជាក់ពីការចុះបញ្ជីរបស់អ្នក ។ ហើយចំពោះការចុះបញ្ជីពាណិជ្ជកម្ម នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបែងចែកជាបីមានដូចជា៖
១៖ លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្មសម្រាប់ពាណិជ្ជករជារូបវ័ន្ដបុគ្គល
រាល់រូបវ័ន្ដបុគ្គលដែលជាពាណិជ្ជករ ត្រូវចុះបញ្ជីពាណិជ្ជកម្មនៅមន្ទីរពាណិជ្ជកម្មខេត្ត/ក្រុង ឬកន្លែងផ្សេងទៀតដែលក្រសួងពាណិជ្ជកម្មបានកំណត់ នៅកន្លែងដែលសាមីជននោះ ធ្វើពាណិជ្ជកម្មយ៉ាងយូររយៈពេល ១៥ (ដប់ប្រាំ)ថ្ងៃ មុនពេលបើកដំណើរការអាជីវកម្មរបស់ខ្លួន ។
ម្យ៉ាងទៀត ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មអាចធ្វើការស្នើសុំដោយ សាមីជននោះ ឬដោយអាណត្តិគាហករបស់គេ ហើយអាណត្តិគាហកត្រូវតែមាន លិខិតប្រគល់សិទ្ធិអំណាចដើម្បីតម្កល់ទុកនៅក្រឡាបញ្ជីនៃតុលាការពាណិជ្ជកម្មដែលខ្លួនបានស្នើសុំចុះបញ្ជីនោះ ។
មិនតែប៉ុណ្ណោះ ពាណិជ្ជករត្រូវប្រគល់ប្រតិវេទន៍ដែលមានចុះហត្ថលេខា និងស្នាមម្រាមដៃដល់កន្លែងទទួលពាក្យចុះបញ្ជីពាណិជ្ជកម្ម ចំនួន ២ (ពីរ) ច្បាប់ផងដែរ (មាត្រា១៤ កថាខណ្ឌ១ ២ ៣ នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម) ។
២៖ លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្មសម្រាប់ពាណិជ្ជករជានីតិបុគ្គល
រីឯនីតិបុគ្គលដែលបានបង្កើតក្រុមហ៊ុនធ្វើពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជាវិញ បើទោះបីជាបែបបទ នៃការបង្កើត និងថេរវេលាបែបណាក៏ដោយ គឺត្រូវតែធ្វើការចុះបញ្ជីពាណិជ្ជកម្ម ហើយការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ត្រូវធ្វើឡើងដោយបណ្ណាធិការ ឬអភិបាលនៃសាមីក្រុមហ៊ុននៅក្នុងខែនៃការបង្កើតក្រុមហ៊ុន និងមុនកាលបរិច្ឆេទបើកប្រតិបត្តិការពាណិជ្ជកម្ម ១៥ (ដប់ប្រាំ) ថ្ងៃ ។
ចំណែកឯអ្នកស្នើសុំចុះបញ្ជី ត្រូវប្រគល់ប្រតិវេទន៍ចំនួន ២ (ពីរ) ច្បាប់ ព្រមទាំងត្រូវតម្កល់ទុកនូវលក្ខន្ដិកៈ ក្រុមហ៊ុនដល់កន្លែងទទួលពាក្យចុះបញ្ជី ពាណិជ្ជកម្មផងដែរ (មាត្រា១៧ កថាខណ្ឌ១ ២ ៣ នៃច្បាប់ស្ដីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម) ។
៣៖ លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្មសម្រាប់ពាណិជ្ជករជានីតិបុគ្គលបរទេស
ចំណែកឯ ក្រុមហ៊ុនពាណិជ្ជកម្មបរទេសទាំងអស់ ដែលមានតែសាខា ឬទីភ្នាក់ងារ នៅព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើការបំពេញទំរង់ចុះបញ្ជីពាណិជ្ជកម្មតាមមាត្រា១៧ និងមាត្រា១៨ នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ដូចគ្នានឹងពាណិជ្ជករជានីតិបុគ្គលដែរ (មាត្រា១៩ កថាខណ្ឌ១ ២ នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម) ។
ផ្ទុយទៅវិញ ករណីដែលពាណិជ្ជករ និងក្រុមហ៊ុនពាណិជ្ជកម្មទាំងឡាយណា ដែលមិនបានចុះបញ្ជីពាណិជ្ជកម្ម តាមការបញ្ញត្តិរបស់ក្រសួងពាណិជ្ជកម្មទេ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ចំនួន ៥០,០០០៛ (ប្រាំម៉ឺនរៀល) ទៅ ៥០០,០០០៛ (ប្រាំសែនរៀល) (មាត្រា៤០ ចំណុច១ នៃច្បាប់ស្ដីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម) ឬមានទោសនិទ្ធនភាពសាមញ្ញក្នុងករណីធនក្ស័យ (មាត្រា ៤១ នៃច្បាប់ដដែល) ។
ហើយចំពោះករណី ពាណិជ្ជករ ឬរាល់អ្នកដឹកនាំក្រុមហ៊ុនពាណិជ្ជកម្ម ទាំងឡាយណាដែលប្រើឯកសារក្លែងក្លាយនោះ ត្រូវផ្ដន្ទាទោសចាប់ពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០៛ (មួយលានរៀល) ដល់ ១០,០០០,០០០៛ (ដប់លានរៀល)(មាត្រា ៤២ នៃច្បាប់ដដែល) ។
សរុបមកសម្រាប់ពាណិជ្ជករ និងក្រុមហ៊ុនពាណិជ្ជកម្មទាំងឡាយណាដែលបានធ្វើការចុះបញ្ជីពាណិជ្ជកម្ម លើអាជីវកម្មរបស់ខ្លួន ពួកគេនឹងទទួលបាន នូវអាជីវកម្មមួយស្របច្បាប់ ហើយទទួលបាននូវការការពារចំពោះឈ្មោះ និងផលិតផលរបស់ក្រុមហ៊ុននោះ ព្រមទាំងដើម្បីធ្វើការបញ្ជៀស ការខាតបង់ផលប្រយោជន៍នានា ដែលបណ្ដាល មកពីជនទុច្ចរឹតធ្វើការក្លែងបន្លំឈ្មោះ ឬផលិតផលរបស់ក្រុមហ៊ុននោះផងដែរ ។
ចំពោះករណីនេះ ម្ចាស់អាជីវកម្ម ក៏អាចធ្វើការប្ដឹងទៅក្រសួងពាណិជ្ជកម្មដើម្បីធ្វើការរំលាយ អាជីវកម្មរបស់ជនទុច្ចរឹតនោះបានដែរ ប៉ុន្ដែបើអំពើរបស់ជននោះ បានធ្វើឱ្យខាតបង់ផលប្រយោជន៍ធ្ងន់ធ្ងរ នោះម្ចាស់អាជីវកម្មដែលទទួលរងគ្រោះអាចធ្វើការប្ដឹងទាមទារ សំណងតាមផ្លូវតុលាការដែលមានសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជាបាន ។
រៀបរៀងដោយ៖ កញ្ញាមេធាវី មាស រ៉ាវីន និងកញ្ញាថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕